តុលាការកំពូលសម្រេចបដិសេធការស្នើសុំនៅក្រៅឃុំរបស់សកម្មជនគណបក្សភ្លើងទៀនមួយរូប គឺលោក អៀរ ចាន់ណា។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក និល ណុន នៅថ្ងៃសុក្រ ទី២៨ ខែតុលា នេះ បានសម្រេចតម្កល់សេចក្ដីសម្រេចរបស់តុលាការជាន់ទាបដែលបានឃុំខ្លួនលោក អៀរ ចាន់ណា សកម្មជនបក្សភ្លើងទៀននៅពន្ធនាគារព្រៃស។
លោក និល ណុន ចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដែលមិនអនុញ្ញាតឱ្យលោក អៀរ ចាន់ណា នៅក្រៅឃុំបណ្ដោះអាសន្ននោះជារឿងត្រឹមត្រូវ។
លោក អៀរ ចាន់ណា ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអន២ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីវិលចូលប្រទេសកម្ពុជា ហើយបានចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាមួយបក្សភ្លើងទៀននៅខេត្តតាកែវ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។
លោកត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ពាក់ព័ន្ធរឿងដំណើរវិលត្រឡប់លើកទីពីររបស់អ្នកស្រី មូរ សុខហួរ កាលពីដើមឆ្នាំ២០២១។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត អះអាងថា បើតាមផ្លូវច្បាប់ គឺមានការអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ទោះបីជាបទល្មើសឧក្រិដ្ឋ និងបទមជ្ឈិមក៏ដោយ ឱ្យតែមានលក្ខខណ្ឌគ្រប់គ្រាន់ដែលតុលាការអាចនឹងពិចារណាបាន។ លោកសោកស្ដាយចំពោះលោក អៀរ ចាន់ណា ដែលតុលាការមិនអនុញ្ញាតឱ្យលោកបាននៅក្រៅឃុំបណ្ដោះអាសន្ន។
លោក អំ សំអាត កត់សម្គាល់ថា សំណុំរឿងរបស់លោក អៀរ ចាន់ណា នេះជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់ ដូច្នេះរឿងពាក់ព័ន្ធនយោបាយកម្រត្រូវបានតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន បើគ្មានដំណោះស្រាយផ្នែកនយោបាយទេនោះ។
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចេញថ្លែងការណ៍មួយដោយចាត់ទុកការចាប់ឃុំខ្លួនលោក អៀរ ចាន់ណា ថាជាការរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ក៏បានអំពាវនាវឱ្យតុលាការ និងរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទប្រកាន់នានាទៅលើសកម្មជននយោបាយ សកម្មជនសង្គម និងបទចោទលើសំណុំរឿងរបស់លោក កឹម សុខា ដើម្បីស្ដារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ៕