ដំណើរទៅរកសង្គ្រាមនៅលើឧបទ្វីបកូរ៉េ មើលទៅកាន់តែផុយស្រួយហើយ គឺនៅថ្ងៃសុក្រ ទី២៨ ខែតុលា នេះ រដ្ឋកុម្មុយនីស្តផ្ដាច់ការកូរ៉េខាងជើង បានបន្តបាញ់មីស៊ីលផ្លោងប៉ាលិស្ទីចចំនួន ២គ្រាប់ជាថ្មីទៀត។
សារព័ត៌មានរបស់កូរ៉េខាងត្បូង យ៊ុនហាប់ បានចុះផ្សាយដំណឹងរបស់ខ្លួនថា កាលដែលកូរ៉េខាងជើងបាញ់គ្រាប់មីស៊ីលផ្លោង ២គ្រាប់ចុងក្រោយនៅថ្ងៃនេះ គឺជាការប្រឆាំងនឹងសហរដ្ឋអាមេរិកដែលព្រមានក្រុងព្យុងយ៉ាង ថាបើហ៊ានបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរ គឺជាពេលវេលាដែលត្រូវបិទបញ្ចប់របបផ្ដាច់ការមួយនៅអាស៊ីខាងកើត។ នៅពេលអាមេរិកព្រមានដូចនេះ គឺមិនបានមួយថ្ងៃ ស្រាប់តែកូរ៉េខាងជើងបាញ់មីស៊ីល ២គ្រាប់នេះ ដោយវាធ្លាក់ទៅក្នុងសមុទ្រខាងកើតនៃឧបទ្វីបសមុទ្រជប៉ុន។
កងទ័ពកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងនៅថ្ងៃសុក្រនេះ បានបាញ់មីស៊ីលបាលិស្ទីច ២គ្រាប់ ធ្លាក់ចូលសមុទ្រជប៉ុន។ តែកងទ័ពកូរ៉េខាងត្បូង មិនបានបញ្ជាក់ថា តើមីស៊ីលទាំង ២គ្រាប់នេះបាញ់បានចម្ងាយប៉ុន្មាននោះទេ ដោយគ្រាន់តែបញ្ជាក់ថាវាជាមីស៊ីលប៉ាលីស្ទិចរយៈចម្ងាយមធ្យម ហើយវាបានហោះធ្លាក់ទៅសមុទ្រជប៉ុន។
ការធ្វើតេស្ដមីស៊ីលនេះ កើតមានឡើងតែ ៤ថ្ងៃប៉ុណ្ណោះបន្ទាប់ពីកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានបាញ់គ្រាប់កាំភ្លើងធំព្រមានគ្នាទៅវិញទៅមកនៅតំបន់ឆ្នេរភាគខាងលិច ក្នុងស្ថានភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េឡើងកម្ដៅកាន់តែខ្លាំង។
សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានរួមគ្នាព្រមានកូរ៉េខាងជើងថា សម្ពន្ធមិត្តទាំង ៣ នឹងធ្វើការឆ្លើយតបក្នុងកម្រិតធ្ងន់មិនធ្លាប់មានពីមុនមក ដែលសំដៅប៉ុនប៉ងផ្ដួលរំលំរបបផ្ដាច់ការនៅព្យុងយ៉ាង ប្រសិនបើកូរ៉េខាងជើងហ៊ានធ្វើតេស្ដបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ។
ការព្រមាននេះ ធ្វើឡើងនៅថ្ងៃពុធ ទី២៦ ខែតុលា នេះ ចំពោះមុខការបន្តបង្ហាញក្តីបារម្ភដែលថា កូរ៉េខាងជើងអាចនឹងបន្តការធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ មក។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុងតូក្យូ ដោយមានវត្តមានអនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Takeo Mor អនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី Wendy Sherma និងអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Cho Hyun-dong ពួកគាត់បាននិយាយថា៖ «ពួកយើងបានឯកភាពគ្នាថា ការឆ្លើយតបក្នុងកម្រិតធ្ងន់មិនធ្លាប់មាន នឹងចាំបាច់ ប្រសិនបើកូរ៉េខាងជើងពិតជាសម្រេចធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី៧ របស់ខ្លួនជាថ្មីម្ដងទៀត»។
ក្រសួងការពារជាតិអាមេរិក បានព្រមានធ្ងន់ៗថា ការបាញ់គ្រាប់នុយក្លេអ៊ែរ ទោះជាក្នុងកម្រិតធ្វើតេស្ដ ក៏ជាការប្រឆាំងមកលើសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ដែលនឹងនាំឲ្យក្រុងព្យុងយ៉ាង ឆ្ពោះទៅរកទីអវសាននៃរបបដឹកនាំផ្ដាច់ការរបស់ខ្លួន។
ទីក្រុងព្យុងយ៉ាង កំពុងត្រូវគេសង្ស័យថា អាចនឹងធ្វើតេស្ដបំផ្ទុះអាវុធនុយក្លេអ៊ែរលើកទី៧ របស់ខ្លួនក្នុងពេលឆាប់ៗខាងមុខ ខណៈការធ្វើតេស្ដលើកទី៦ បានប្រព្រឹត្តទៅកាលពីឆ្នាំ២០១៧។ ចំពោះការបាញ់មីស៊ីលផ្លោងវិញ បើតាមការអះអាងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅក្នុងឆ្នាំ២០២២ នេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងប៉ាលិស្ទីច ៥០លើកហើយ។
ក្នុងស្ថានភាពដ៏តានតឹងនេះ កូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានឱ្យដឹងថា នៅសប្តាហ៍ក្រោយ កងទ័ពអាកាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក រួមគ្នាធ្វើសមយុទ្ធទ័ពអាកាសទ្រង់ទ្រាយធំមួយដែលមានយន្តហោះចម្បាំងប្រហែល ២៤០គ្រឿង។ សមយុទ្ធនេះត្រូវគេមើលឃើញថា ដើម្បីផ្ទៀងផ្ទាត់សមត្ថភាពធ្វើប្រតិបត្តិការពេលមានសង្គ្រាមដែលសម្ពន្ធមិត្តទាំងពីរត្រូវបញ្ចេញកម្លាំងទប់ទល់នឹងកូរ៉េខាងជើង។
សមយុទ្ធទ័ពអាកាសនេះមានឈ្មោះថា Vigilant Storm នឹងចាប់ផ្តើមនៅថ្ងៃចន្ទចុងខែនេះ ហើយមានរយៈពេល ៥ថ្ងៃ។ ក្នុងប្រតិបត្តិការសមយុទ្ធនេះ កូរ៉េខាងត្បូងនឹងចល័តយន្តហោះចម្បាំងរបស់ខ្លួនសរុបប្រមាណ ១៤០គ្រឿង។
យន្តហោះចម្បាំងទាំងនោះរួមមាន យន្តហោះ F-35A យន្តហោះចម្បាំង KF-16 និង F-15K ព្រមទាំងយន្តហោះផ្ទុកប្រេងសាំង KC-330។ ចំណែកសហរដ្ឋអាមេរិកនឹងចល័តយន្តហោះប្រហែល ១០០គ្រឿង រួមមាន F-35B EA-18 និង KC-135 ជាដើម។
នេះជាលើកដំបូងហើយដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធទ័ពអាកាសរួមគ្នាក្នុងទម្រង់ដ៏ធំបែបនេះចាប់តាំងពីឆ្នាំ២០១៥ ដែលសមយុទ្ធដូចនេះមានឈ្មោះថា Vigilant ACE។
គេនៅចាំបានថា នៅពេលដែលរុស្ស៊ីបានបើកប្រតិបត្តិការសឹកនៅថ្ងៃទី២៤ ខែកុម្ភៈ វាយលុកលើទឹកដីអ៊ុយក្រែន គឺកូរ៉េខាងជើងក៏ចាប់ផ្ដើមបង្កបញ្ហានៅលើឧបទ្វីបកូរ៉េដែរ។
ប្រទេសកុម្មុយនីស្តមួយនេះបានបាញ់គ្រាប់មីស៊ីលជាញឹកញាប់ ដែលមួយសប្ដាហ៍ម្ដង ឬពីរសប្ដាហ៍ម្ដង ដោយបាញ់ចូលទៅសមុទ្រលឿង ហើយពេលខ្លះគ្រាប់មីស៊ីលនោះក៏ហោះរំលងលើប្រទេសជប៉ុនទៀតផង។
កូរ៉េខាងជើង បានបាញ់មីស៊ីលដូចនេះ ហើយក៏គំរាមថា បើខ្លួនគេនៅតែទទួលរងទណ្ឌកម្មពីពួកបស្ចិមប្រទេស គឺក្រុងព្យុងយ៉ាងមិនចុះញ៉មនោះទេ គឺត្រូវតែធ្វើការសងសឹក គឺដូចករណីនៃការបាញ់មីស៊ីលជាញឹកញាប់ទម្លាក់ទៅសមុទ្រ។ ជាមួយគ្នានេះ កូរ៉េខាងជើងបានចេញមុខទទួលស្គាល់សង្គ្រាមដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន គឺជាសង្គ្រាមដែលរុស្ស៊ីការពារសិទ្ធិរបស់ខ្លួន ព្រោះតែរុស្ស៊ីប្រឈមមុខនឹងក្រុមណាតូគំរាមកំហែងសន្តិសុខរបស់រុស្ស៊ី។
មិនតែប៉ុណ្ណោះ ប្រទេសកុម្មុយនីស្តមួយនេះបានស្រែកគំរាមអាមេរិក និងពួកបស្ចិមប្រទេសកុំឲ្យផ្ដល់អាវុធទៅឲ្យប្រទេសអ៊ុយក្រែនទៀតផង ហើយថាខ្លួនគេក៏មានសិទ្ធិផ្ដល់អាវុធទៅឲ្យរុស្ស៊ីផងដែរ។
តែអ្នកសង្កេតការណ៍មើលឃើញទៀតថា កូរ៉េខាងជើងដែលបង្កបញ្ហាអសន្តិសុខនៅលើឧបទ្វីបដូចនេះ គឺរដ្ឋផ្ដាច់ការមួយនេះក៏ចង់ទាញអាមេរិក និងពួកបស្ចិមប្រទេសឲ្យងាកចេញពីសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនផងដែរ។ ទំនងដូចនេះហើយបានជាជប៉ុនក្ដី ឬកូរ៉េខាងត្បូងក្ដី ជាពិសេសគឺអាមេរិក ព្យាយាមអត់ធ្មត់ ដោយសារតែមហាអំណាចមួយនេះកំពុងតែជាប់ដៃក្នុងការផ្ដល់អាវុធយ៉ាងច្រើនទៅឲ្យអ៊ុយក្រែន៕