34 C
Phnom Penh

អ្នក​ឃ្លាំមើល៖ កម្ពុជា​នឹង​ខាត​ប្រយោជន៍​កាន់តែ​ធំ បើ​បន្ត​ដឹកនាំ​នយោបាយ​គ្មាន​ឯកភាព​ផ្ទៃក្នុង​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា កម្ពុជា​នឹង​ខាត​ប្រយោជន៍​ជាតិ​កាន់តែ​ធំ បើ​នៅតែ​បន្ត​ដឹកនាំ​នយោបាយ​ដែល​ឃ្លាត​ចាក​ពី​បំណង​ប្រទេស​លោក​សេរី ដែល​តែង​ជំរុញ​ឱ្យ​កម្ពុជា​ងាក​ទៅ​រក​ឯកភាព​នយោបាយ​ផ្ទៃក្នុង​ជាតិ ជាពិសេស​បើក​លំហ​សេរីភាព​ដើម្បី​ឱ្យ​លោក កឹម សុខា អាច​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ តុលា នេះ​ថា ជា​រឿយៗ ទាំង​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក តែងតែ​ជំរុញ​ឱ្យ​កម្ពុជា​អនុវត្ត​នូវ​គោលការណ៍​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស​តាមរយៈ​នៃ​ការ​បើក​លំហ​សេរីភាព​ដល់​អ្នក​នយោបាយ សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​សង្គម​នានា ដើម្បី​ឱ្យ​ពួកគេ​អាច​ចូលរួម​កិច្ចការ​សង្គម​ជាតិ​ឡើងវិញ ដែល​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ផង និង​ស្រប​តាម​ស្មារតី​ដើម​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ផង​នោះ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា បើ​កម្ពុជា​អនុវត្ត​ដូច​អ្វី​ដែល​សហគមន៍​អឺរ៉ុប​ចង់​បាន កម្ពុជា​មិន​ត្រឹមតែ​អាច​ផ្សះផ្សា​នយោបាយ​ផ្ទៃក្នុង​ជាតិ​របស់​ខ្លួន​បាន​ទេ ថែមទាំង​ទទួល​បាន​អត្ថប្រយោជន៍​ពី​សហភាព​អឺរ៉ុប​ជាច្រើន​ទៀត ដូចជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ហើយ​អាមេរិក​ក៏​នឹង​អាច​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ GSP ដល់​កម្ពុជា​វិញ​ដែរ។

កាលពី​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​កន្លងទៅ​នេះ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា អ្នកស្រី Carmen Moreno នៅ​ឯ​ស្ថានទូត​របស់​សហភាព​អឺរ៉ុប ប្រចាំ​ទីក្រុង​ភ្នំពេញ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បញ្ជាក់​ថា ក្នុង​ជំនួប​រវាង​លោក និង​អ្នកស្រី Carmen Moreno គឺ​បាន​ពិភាក្សា​គ្នា​អំពី​ស្ថានការណ៍​នានា​នៅ​កម្ពុជា អំពី​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​ករណី​ដំណើរការ​សវនាការ និង​សិទ្ធិ​សេរីភាព​របស់​លោក​នៅ​ពេលនេះ​ផង​ដែរ។

ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ប្រាប់​ក្រុម​សារព័ត៌មាន​ក្នុង​ស្រុក​ថា សំណុំរឿង​របស់​លោក កឹម សុខា ស្ថិត​ក្នុង​បន្ទុក​របស់​តុលាការ មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​រដ្ឋាភិបាល​ឡើយ។ លោក​បន្ត​ថា លោក ហ៊ុន សែន មាន​អំណាច​អាច​ស្នើ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​លើកលែង​ទោស​ជន​ណា​មួយ​ដែល​កំពុង​ជាប់​បណ្តឹង​តាម​ផ្លូវ​តុលាការ លុះត្រាតែ​តុលាការ​ធ្វើ​កិច្ចការ​របស់​ខ្លួន​ចប់​សិន។

កាលពី​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២២ តំណាង​សហភាព​អឺរ៉ុប បាន​ថ្លែង​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​លើក​ទី​៤៩ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ក្នុង​កិច្ចប្រជុំ​អន្តរ​សកម្ម​លើក​ទី​៥០ ស្ដីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា ថា កម្ពុជា​គួរតែ​ត្រូវ​បាន​បើក​លំហ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អាច​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ឡើងវិញ ដើម្បី​ធានា​ការ​បោះឆ្នោត​មួយ​ដែល​ប្រកប​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

គេ​នៅ​មិនទាន់​អាច​សន្និដ្ឋាន​បាន​នៅឡើយ​ទេ​ថា លោក កឹម សុខា នឹង​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ទម្លាក់​ចោល​បទ​ចោទប្រកាន់ ដើម្បី​បើក​សិទ្ធិ​សេរីភាព​ឱ្យ​លោក​អាច​វិល​ចូល​ឆាក​នយោបាយ​វិញ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ខណៈ​មជ្ឈដ្ឋាន​ខ្លះ​រិះគន់​ថា ការ​បិទ​បញ្ចប់​ការ​សួរ​របស់​តុលាការ​លើ​សំណុំរឿង​របស់​លោក​កាលពី​ពេល​ថ្មីៗ​នេះ គ្រាន់តែ​ជា​វិធី​ដោះ​ទាល់​របស់​លោក ហ៊ុន សែន ដើម្បី​បន្ធូរ​ស្ថានការណ៍​នៅ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន-អឺរ៉ុប​នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស