30 C
Phnom Penh

អាស៊ី​ជួប​សោកនាដកម្ម​ចំនួន​ពីរ​គឺ​ហ្វូង​មនុស្ស​ជាន់​គ្នា​ស្លាប់ និង​ការ​បាក់​ស្ពាន​នៅ​ឥណ្ឌា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​លើ​ពិភពលោក គេ​សង្កេត​ឃើញ​ឧបទ្ទវហេតុ​ធម្មជាតិ​តែង​កើតមាន ដូចជា ផ្ទុះ​ភ្នំភ្លើង ផ្ទុះ​រលក​យក្ស​ស៊ូណាមិ ការ​រញ្ជួយ​ដី​បណ្ដាល​ឲ្យ​រលំ​អគារ​ខ្ពស់ៗ ការ​រងគ្រោះ​ដោយ​ខ្យល់​ព្យុះ និង​ទឹកជំនន់​ជន់​លិច​ខ្លាំង ដោយ​វា​កើតឡើង​ជា​រៀង​រាល់​ឆ្នាំ។

តែ​នៅពេល​ចុងក្រោយ​នេះ គឺ​កើតមាន​សឹងតែ​ដំណាល​គ្នា​ដែល​គេ​ហៅថា​ជា​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត ករណី​ផ្អើល​ជាន់​គ្នា​ក្នុង​ហ្វូង​មនុស្ស​ណែន​តាន់តាប់ ស្លាប់​មនុស្ស ១៥៤​នាក់​នៅ​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ក្នុង​ពិធី​មួយ​ដែល​គេ​ហៅថា បុណ្យ​ហ័រឡូវីន កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​តុលា។

ចំណែក​នៅ​ប្រទេស​ឥណ្ឌា នៅ​រដ្ឋ​គូចារ៉ាត់ ករណី​បាក់​ស្ពាន​មួយ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ១៣២​នាក់។ ឧបទ្ទវហេតុ​នេះ កើតឡើង​កាលពី​យប់​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​តុលា។ ករណី​គ្រោះថ្នាក់​នេះ បាន​កើតឡើង​ក្នុង​ពេល​ដែល​ពលរដ្ឋ​ឥណ្ឌា ប្រារព្ធ​ពិធីបុណ្យ​ទីវ៉ាលី ដែល​ជា​បុណ្យ​ដ៏​សំខាន់​មួយ​នៃ​សាសនា​ហិណ្ឌូ។

នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ក្រុម​អ្នក​សង្គ្រោះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​បាត់បង់​ជីវិត​ភាគច្រើន​ជា​យុវជន​ក្មេងៗ ដែល​មាន​វ័យ​ប្រមាណ​ជាង ២០​ឆ្នាំ។ អ្នក​ស្លាប់​ក៏​មាន​ជនបរទេស​ដែរ។

តួលេខ​ចុងក្រោយ​ពី​អាជ្ញាធរ​កូរ៉េខាងត្បូង បាន​បង្ហាញ​ថា មនុស្ស​ស្លាប់​កើន​ដល់​ទៅ ១៥៤​នាក់ និង ៨២​នាក់​រង​របួស ក្នុង​នោះ ១៩​នាក់​របួស​ធ្ងន់។ ក្នុង​ចំណោម​អ្នក​បាត់បង់​ជីវិត ក៏​មាន​ជនបរទេស​ដែរ រួម​មាន៖

  • ជនជាតិ​ចិន ៤​នាក់
  • អ៊ីរ៉ង់ ៤​នាក់
  • រុស្ស៊ី ៣​នាក់
  • អាមេរិក ១​នាក់
  • បារាំង ១​នាក់
  • អូស្ត្រាលី ១​នាក់
  • វៀតណាម ១​នាក់
  • អ៊ូបេគីស្ថាន ១​នាក់
  • ន័រវែស ១​នាក់
  • កាហ្សាក់ស្ថាន ១​នាក់
  • ស្រីលង្កា ១​នាក់
  • ថៃ ១​នាក់
  • និង​អូស្ត្រាលី ១​នាក់

ហើយ​ជនបរទេស​ចុងក្រោយ​ម្នាក់​នៅ​មិនទាន់​ដឹង​អត្តសញ្ញាណ​ជា​ជាតិ​សាសន៍​អ្វី​នោះ​ទេ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​៣១ ខែ​តុលា នេះ។

ក្រោយពី​ទទួល​ដំណឹង​ដ៏​រន្ធត់​នេះ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យូន ស៊ុកយុល បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ដោយ​ផ្ទាល់​នៅ​សង្កាត់​អ៊ីតៃវុន។ រីឯ​អភិបាល​ក្រុង​សេអ៊ូល ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទ្វីប​អឺរ៉ុប ក៏​បាន​ត្រឡប់​ទៅ​កូរ៉េ វិញ​ជាបន្ទាន់​ដែរ។

ទន្ទឹម​នឹង​គ្នា​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចិន បារាំង នាយករដ្ឋមន្ត្រី​ជប៉ុន រួម​ទាំង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ហើយ​សម្តេច​សង្ឃ​កាតូលិក បាន​ថ្លែង​សារ​ចូលរួម​រំលែក​ទុក្ខ និង​សម្តែង​ក្តី​សោកស្តាយ​ចំពោះ​សោកនាដកម្ម​ដ៏​រន្ធត់​នេះ។

រូបភាព​វីដេអូ​ដែល​ត្រូវ​មើល​ឃើញ​តាម​បណ្ដាញ​សង្គម គឺ​នៅ​កន្លែង​កើតហេតុ​មាន​មនុស្ស​កកកុញ​យ៉ាង​សម្បើម​ណាស់ ហើយ​មាន​ការ​រុញច្រាន​គ្នា​ទៀត​ផង។ បើ​តាម​ប្រភព​របស់​សមត្ថកិច្ច មនុស្ស​អាច​មាន​ពី ១០​ម៉ឺន​នាក់។

ចំពោះ​ការ​ផ្អើល​រត់​ជាន់​គ្នា គឺ​គេ​នៅ​រង់ចាំ​ការ​ស៊ើបអង្កេត​ផ្លូវការ​របស់​ប៉ូលិស និង​ចាំ​ការ​ពន្យល់​បកស្រាយ​ហេតុផល​ច្បាស់លាស់​ពី​សមត្ថកិច្ច​នៅ​ក្រុង​សេអ៊ូល។ មូលហេតុ​នៃ​ការ​ផ្អើល​ជាន់​គ្នា​នេះ រហូត​ដល់​មាន​មនុស្ស​ស្លាប់ គឺ​ព្រោះតែ​ភាព​ស្លន់ស្លោ​បាត់បង់​សណ្ដាប់ធ្នាប់ ហើយ​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​មាន​ភាព​ធ្វេសប្រហែស។

ដោយឡែក​នៅ​ប្រទេស​ឥណ្ឌា វិញ គឺ​ខុស​គ្នា​មិន​ដល់​មួយ​ថ្ងៃ​នោះ​ទេ ហេតុការណ៍​មួយ​បាន​កើតឡើង​ដោយ​ស្ពាន​មួយ​ជា​ប្រភេទ​ស្ពាន​យោល​ឆ្លងកាត់​ទន្លេ Machchu ក្នុង​ក្រុង Morbi រដ្ឋ​គូចារ៉ាត់ បាន​បាក់​ចូល​ទៅ​ក្នុង​ទឹក​កាលពី​យប់​ថ្ងៃ​អាទិត្យ ទី​៣០ តុលា។

ស្ពាន​ដ៏​ចំណាស់​ដែល​មាន​ប្រវែង ២៣០​ម៉ែត្រ​នេះ ត្រូវ​បាន​សាងសង់​កាលពី​ជំនាន់​អាណានិគម​អង់គ្លេស ហើយ​ទើប​តែ​ត្រូវ​បាន​គេ​បើក​ឲ្យ​អ្នក​ដំណើរ​ឆ្លងកាត់​វិញ​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​ជួសជុល​អស់​រយៈពេល ៦​ខែ។

ក្នុង​ពិធី​បុណ្យ​ប្រពៃណី​សាសនា​ហិណ្ឌូ ដែល​គេ​ហៅថា​បុណ្យ​ទីវ៉ាលី ស្ពាន​នេះ​បាន​ក្លាយ​ជា​កន្លែង​កម្សាន្ត​របស់​មនុស្ស។ ប្រជាជន​ប្រមាណ​ជាង ៤០០​នាក់​ក្នុង​ក្រុង Morbi នាំគ្នា​ដើរ​ឆ្លងកាត់​យ៉ាង​សប្បាយ។ ពួកគាត់​ទាំង​ប្រុស​ទាំង​ស្រី​បាន​ឈរ​ថត​ទុក​ជា​អនុស្សាវរីយ៍ ដោយ​ចាត់ទុក​ថា​ជា​រឿង​ដ៏​អស្ចារ្យ​ដែល​ស្ពាន​យោល​នេះ​បាន​នាំ​អារម្មណ៍​ពួកគេ​រំភើប​ក្រៃលែង។

វីដេអូ​ដែល​គេ​ថត​បាន​ឃើញ​លើ​ស្ពាន​នោះ មនុស្ស​ពេញ​ណែន។ មិន​យូរ​ប៉ុន្មាន ស្រាប់​តែ​ស្ពាន​នោះ​ក្រឡាប់​បាក់​ធ្លាក់​មនុស្ស​ចូល​ក្នុង​ទឹកទន្លេ​នោះ​តែម្ដង។ ភាព​ស្លន់ស្លោ​កើត​មួយ​រំពេច ខណៈ​មនុស្ស​ធ្លាក់​ទឹក​សឹង​ទាំងអស់។ តែ​ខ្លះ​ទៀត​ព្យាយាម​តោង​ស្ពាន​នោះ​យ៉ាង​ជាប់។

អាជ្ញាធរ​ឥណ្ឌា​ក្នុង​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ជាង ៤០០​នាក់​ដែល​នៅ​លើ​ស្ពាន បាន​នាំ​ឲ្យ​ស្ពាន​នោះ​មិន​អាច​ទ្រាំ​នឹង​ទម្ងន់​របស់​មនុស្ស​ទាំងនោះ​បាន​នោះ​ទេ។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​បាន​ស្រង់​ប្រភព​របស់​អាជ្ញាធរ​ក្នុង​ស្រុក​នោះ។

នៅ​ពេល​នោះ នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិន្ទ្រ ម៉ូឌី ក៏​មាន​វត្តមាន​នៅ​ក្នុង​រដ្ឋ​គូចារ៉ាត់ នេះ​ដែរ។ គូចារ៉ាត់ គឺជា​ស្រុកកំណើត​របស់​លោក។ អាជ្ញាធរ​រដ្ឋ​គូចារ៉ាត់ បាន​បង្កើត​គណៈកម្មាធិការ​ពិសេស​មួយ​ដើម្បី​បើក​ការ​ស៊ើបអង្កេត​ស្វែងរក​មូលហេតុ​ដែល​បណ្តាល​ឲ្យ​បាក់​ស្ពាន​នេះ។

ឧបទ្ទវហេតុ​ទាំង​ពីរ​នេះ មួយ​កើត​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​មាន​មួយ​ទៀត​កើត​នៅ​ឥណ្ឌា វា​មិនមែន​ជា​គ្រោះថ្នាក់​ដោយ​កម្លាំង​ធម្មជាតិ​អ្វី​នោះ​ទេ គឺជា​ករណី​កើតឡើង​ដោយសារ​មនុស្ស។ សោកនាដកម្ម​នេះ​ត្រូវ​បាន​កត់ត្រា​ទុក​ថា​ជា​រឿងហេតុ​ដ៏​អាក្រក់​មួយ​នៅ​ចុងខែ​តុលា ឆ្នាំ​២០២២ នេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស