ព័ត៌មានអន្តរជាតិ

អាមេរិក​និង​កូរ៉េខាងត្បូង​ធ្វើ​មហា​សមយុទ្ធ​ចំ​ពេល​កូរ៉េខាងជើង​ប៉ុនប៉ង​ធ្វើ​តេស្ដ​នុយក្លេអ៊ែរ

By ឌឹ ខេមបូឌា ដេលី

November 02, 2022

កាលពី​ថ្ងៃ​ចន្ទ​នេះ សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េខាងត្បូង ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ទ័ព​ជើង​អាកាស​រួម​គ្នា​ដ៏​ធំ​បំផុត​មួយ​ដែល​មាន​រយៈពេល ៥​ថ្ងៃ។

សមយុទ្ធ​នេះ​មាន​ការ​ចូលរួម​ពី​យន្តហោះ​ចម្បាំង​នៃ​ប្រទេស​ទាំង​ពីរ​ដល់​ទៅ ២៤០​គ្រឿង ត្រូវ​បាន​កត់ត្រា​ថា​ជា​លើកដំបូង​ចាប់ពី​ឧបទ្វីប​កូរ៉េ​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ឆ្នាំ​១៩៥៣ ដែល​សង្គ្រាម​ពេល​នោះ​បាញ​រុញ​ឲ្យ​មាន​ប្រទេស​ពីរ​លើ​ដែនដី​តែ​មួយ​មក​ដល់​សព្វថ្ងៃ​នេះ។

ប៉ុន្តែ​ប្រទេស​ដែល​កកើត​ថ្មី គឺ​ប្រទេស​កូរ៉េខាងជើង។ ប្រទេស​នេះ​ប្រកាន់​របប​កុម្មុយនីស្ត និង​ផ្ដាច់ការ​បំផុត​នៅ​អាស៊ី​ខាងកើត។

សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា សមយុទ្ធ​ទ័ព​ជើង​អាកាស​រួម​គ្នា​នៃ​ប្រទេស​សម្ពន្ធមិត្ត​ទាំង​ពីរ គឺ​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង មាន​យន្តហោះ​ចម្បាំង​ដល់​ទៅ ២៤០​គ្រឿង គឺ​ហោះ​យ៉ាង​ងងឹត​មេឃ​លើ​លំហ​សមុទ្រ​នៃ​ប្រទេស​កូរ៉េខាងត្បូង។

អ្នក​សង្កេតការណ៍​បាន​ហៅ​សមយុទ្ធ​នេះ គឺ​ដូចជា​ការ​វាយប្រហារ​ជាក់ស្ដែង​ទៅ​លើ​ប្រទេស​មួយ​ដែល​គេ​ចង់​សំដៅ​ទៅ​លើ​កូរ៉េខាងជើង។

សមយុទ្ធ​ទ័ព​ជើង​អាកាស​ដែល​មាន​ឈ្មោះ​ថា Vigilant Storm ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ​សុក្រ ទី​៤ ខែ​វិច្ឆិកា។ យន្តហោះ​ចម្បាំង​ចំនួន ២៤០​គ្រឿង​ដែល​ហោះ​ធ្វើ​សមយុទ្ធ គឺ​វា​ហោះ​ចេញ​ទៅ​វាយប្រហារ​ប្រហែល ១៦០០​ជើង ក្នុង​នោះ​អាមេរិក​បញ្ចេញ​យន្តហោះ ១០០​គ្រឿង​ដែល​ហោះ​ចេញពី​ប្រទេស​ជប៉ុន។

យន្តហោះ​ដែល​ចូលរួម​ធ្វើ​សមយុទ្ធ​នេះ​សុទ្ធតែ​ជា​យន្តហោះ​ទំនើបៗ​បំផុត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កងទ័ព​ជើង​អាកាស​សហរដ្ឋ​អាមេរិក។ សមយុទ្ធ​នេះ​ក៏​មាន​ការ​ចូលរួម​ផង​ដែរ​ពី​យន្តហោះ​ចម្បាំង​បំបាំង​កាយ F-35 របស់​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង រួម​ទាំង​យន្តហោះ​ចម្បាំង​ផ្សេងៗ​ជាច្រើន​ទៀត។

ប្រទេស​អូស្ត្រាលី ក៏​បាន​បញ្ជូន​យន្តហោះ​ចាក់សាំង​ពី​លើ​អាកាស​ឱ្យ​មក​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​ផង​ដែរ។ សេចក្ដី​ថ្លែងការណ៍​របស់​កងទ័ព​អាមេរិក​បាន​បន្ថែម​ថា ចំនួន​នៃ​បេសកកម្ម​វាយប្រហារ​នៅ​ក្នុង​សមយុទ្ធ​លើក​នេះ គឺ​មាន​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ចាប់តាំងពី​ការ​បិទ​បញ្ចប់​សង្គ្រាម​កូរ៉េ​នៅ​ក្នុង​ឆ្នាំ​១៩៥៣។

សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង​បញ្ជាក់​ថា ការ​ធ្វើ​សមយុទ្ធ​នេះ​គឺជា​ការ​ចាំបាច់​ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​ថ្មីៗ​ពី​កូរ៉េខាងជើង។ កាលពី​សប្តាហ៍​មុន​នេះ កូរ៉េខាងត្បូង​ទើប​បាន​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​លើ​ទីលាន​ជាក់ស្តែង​ដែល​មាន​រយៈពេល ១២​ថ្ងៃ។ សមយុទ្ធ​របស់​កូរ៉េខាងត្បូង​នេះ​រួម​មាន​ការ​ធ្វើ​លំហាត់​ជាក់ស្ដែង​នូវ​ការ​ចុះចត​លើ​ទឹក​ផង និង​លើ​ដី​គោក​ផង។

កូរ៉េខាងជើង​បាន​ថ្កោលទោស​ការ​ធ្វើ​សមយុទ្ធ​ទ័ព​អាកាស​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង ដោយ​បាន​និយាយ​ថា ការ​ធ្វើ​សមយុទ្ធ​នេះ​គឺជា​ការ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ចូល​ឈ្លានពាន​ដែនដី​កូរ៉េខាងជើង ដែល​ក្រុង​ព្យុងយ៉ាង ចាត់ទុក​ថា​ជា​គោលនយោបាយ​ប្រទូសរ៉ាយ​របស់​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង។

កូរ៉េខាងជើង នៅ​ថ្ងៃទី​១ វិច្ឆិកា នេះ បាន​ប្រាប់​ទៅ​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង ឲ្យ​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នេះ​ជាបន្ទាន់។ ក្រុង​ព្យុងយ៉ាង ព្រមាន​ថា អាមេរិក​ត្រូវតែ​សង​នូវ​តម្លៃ​សមរម្យ​មួយ​ទៅ​ឲ្យ​កូរ៉េខាងជើង ដោយ​ចាត់ទុក​ថា​ជា​ទង្វើ​បង្កហេតុ​ដែល​នឹង​ជំរុញ​ឱ្យ​មាន​ការ​ចាត់​វិធានការ​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​ពី​ទីក្រុង​ព្យុងយ៉ាង។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA ក្រសួង​ការបរទេស​កូរ៉េខាងជើង បាន​បញ្ជាក់​ថា៖ «ស្ថានការណ៍​នៅ​លើ​តំបន់​ឧបទ្វីប​កូរ៉េ និង​តំបន់​ជុំវិញ កំពុង​ឈាន​ចូល​ដល់​ដំណាក់កាល​ប្រឈមមុខ​ដាក់​គ្នា​យ៉ាង​ធ្ងន់ធ្ងរ ដោយសារតែ​សកម្មភាព​យោធា​យ៉ាង​គឃ្លើន​របស់​អាមេរិក និង​កូរ៉េខាងត្បូង»។ ក្រុង​ព្យុងយ៉ាង «ថា​បើ​សហរដ្ឋ​អាមេរិក​ពិត​ជា​ចង់​បញ្ចៀស​ស្ថានការណ៍​អាក្រក់​ដូចនេះ ពួកគេ​គួរតែ​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​ដែល​បង្ក​រឿង បើ​ពុំ​ដូចនេះ​ទេ ពួកគេ​នឹង​ត្រូវ​ទទួល​ខុសត្រូវ​គ្រប់​យ៉ាង​ខ្លាំង​ចំពោះ​ផលវិបាក​ដែល​អាច​នឹង​កើតឡើង​មក​លើ​កូរ៉េខាងជើង»

ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​ទ័ព​ជើង​អាកាស​ដ៏​សម្បើម​នេះ ក្រុង​វ៉ាស៊ីនតោន ប្រកាស​មិន​ទទួលស្គាល់​កូរ៉េខាងជើង​ជា​រដ្ឋ​អាវុធ​នុយក្លេអ៊ែរ​ដាច់ខាត។ កូរ៉េខាងជើង​ត្រូវ​បាន​រាយការណ៍​ថា​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ពី ២៥ ទៅ ៣០​គ្រាប់។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក Ned Price បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា៖ «មិនមែន​ជា​គោលនយោបាយ​របស់​អាមេរិក​ឲ្យ​កូរ៉េខាងជើង​មាន​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ»។ លោក​បន្ត​ថា កូរ៉េខាងជើង​ជា​រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ​បំផុត។ ប៉ុន្តែ​លោក Ned Price បន្ត​ថា អាមេរិក​នៅតែ​បើក​ដៃ​ចរចា​ជាមួយ​កូរ៉េខាងជើង ដោយ​គ្មាន​លក្ខខណ្ឌ។

បើ​តាម​អ្នក​នាំពាក្យ​សហរដ្ឋ​អាមេរិក​រូប​នេះ កូរ៉េខាងជើង​នៅតែ​បន្ត​ត្រៀម​រៀបចំ​ការ​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ។ បើ​កូរ៉េខាងជើង ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ គឺជា​លើក​ទី​៧ ចាប់តាំងពី​ឆ្នាំ​២០១៧ មក។

រយៈពេល ៦​ខែ​ចុងក្រោយ​នេះ កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​គំរាម​កូរ៉េខាងត្បូង និង​ជប៉ុន គឺ​មាន ២៨​គ្រាប់​ហើយ ក្នុង​នោះ​មីស៊ីល ២​គ្រាប់​បាន​ហោះ​រំលង​ប្រទេស​ជប៉ុន មុន​វា​ធ្លាក់​ទៅ​សមុទ្រ​ជប៉ុន។

ទាំង​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង បាន​ថ្កោលទោស​កូរ៉េខាងជើង​ជា​ខ្លាំង​ដោយ​បាន​ស្នើ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ក្រុង​ព្យុងយ៉ាង តែ​មិន​បាន​សម្រេច​នោះ​ទេ ដោយសារតែ​រុស្ស៊ី និង​ចិន បោះឆ្នោត​ជំទាស់៕