30.1 C
Phnom Penh

លោក ហ៊ុន សែន៖ រដ្ឋសភា​កម្ពុជា​មាន​អំណាច​ជាង​នៅ​អឺរ៉ុប​និង​បណ្ដា​ប្រទេស​ទ្វីប​អាស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាង​ថា រដ្ឋសភា​កម្ពុជា​មាន​អំណាច​ខ្លាំង​ជាង​នៅ​អឺរ៉ុប និង​បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អាស៊ី ដោយសារ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​បាន លុះត្រាតែ​ឆ្លងកាត់​រដ្ឋសភា​សិន ដែល​ផ្ទុយ​ពី​ប្រទេស​អង់គ្លេស និង​ម៉ាឡេស៊ី ដែល​សភា​នៃ​ប្រទេស​ទាំងនោះ​ស្ទើរតែ​គ្មាន​សិទ្ធិ​អំណាច​អ្វី​ទាល់តែសោះ។

ការ​អះអាង​របស់​លោក ហ៊ុន សែន ធ្វើឡើង​ឆ្លើយតប​នឹង​ការ​រិះគន់​របស់​សង្គម​ស៊ីវិល បក្ស​ប្រឆាំង និង​អ្នកវិភាគ បន្ទាប់ពី​រដ្ឋាភិបាល​បាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ លើ​មាត្រា​ចំនួន ៨ កាលពី​ខែ​កក្កដា ឆ្នាំ​២០២២ នេះ។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ថ្ងៃទី​១ វិច្ឆិកា នេះ​ថា កន្លងមក​មាន​មនុស្ស​មួយ​ចំនួន​បាន​ជំទាស់​នឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​បើ​ឆ្លងកាត់​បទពិសោធន៍​ប្រទេស​អង់គ្លេស​នា​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ដែល​លោក​ថា​បាន​រិះគន់​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កាន់តែ​ភ្លឺ​ភ្នែក។

លោក​បន្ត​ថា ទោះបី​អង់គ្លេស​ប្រកាន់​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដូច​កម្ពុជា​ក្ដី ប៉ុន្តែ​ការ​តែងតាំង​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​របស់​អង់គ្លេស មិន​ចាំបាច់​សុំ​ការ​ទុកចិត្ត​ពី​រដ្ឋសភា​ឡើយ។ ដូច្នេះ អំណាច​រដ្ឋសភា​ស្ទើរតែ​គ្មាន ដែល​ផ្ទុយ​ពី​រដ្ឋសភា​កម្ពុជា​មាន​សិទ្ធិ និង​មាន​អំណាច​ខ្លាំង បើ​ធៀប​នឹង​អំណាច​សភា​នៃ​បណ្ដា​ប្រទេស​ដទៃ រាប់​ទាំង​ប្រទេស​អង់គ្លេស ឬ​ប្រទេស​ម៉ាឡេស៊ី​ផង​ដែរ។

លោក ហ៊ុន សែន អះអាង​ថា បើ​តាម​ច្បាប់​ស្ដីពី​ការ​ចាត់តាំង និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​បាន​ចែង​ច្បាស់​ថា នាយករដ្ឋមន្ត្រី​មាន​សិទ្ធិ​ដក​រដ្ឋមន្ត្រី​តាមរយៈ​ព្រះរាជក្រឹត្យ​ស្នើ​ទៅ​ព្រះមហាក្សត្រ ប៉ុន្តែ​នៅ​ពេល​តែងតាំង​រដ្ឋមន្ត្រី​ឲ្យ​ចូល​កាន់​តំណែង​ណា​មួយ​នោះ ក៏​ត្រូវ​សុំ​ការ​ទុកចិត្ត​ពី​រដ្ឋសភា​ដែរ។

ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ថា លោក ហ៊ុន សែន គួរ​តែ​រៀន​ឲ្យ​យល់​ពី​មូលដ្ឋាន​ចម្បង​នៃ​អំណាច​ប្រជាធិបតេយ្យ គឺ​ការ​ប្រកួត​ដោយ​យុត្តិធម៌។

លោក​បញ្ជាក់​ថា ការ​ប្រកួត​ដោយ​យុត្តិធម៌​នេះ​ត្រូវ​គោរព​លក្ខខណ្ឌ​អាទិភាព​ពីរ ក្នុង​នោះ​មាន​សេរីភាព​នយោបាយ និង​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​គ្មាន​ការ​ភ័យខ្លាច។

លោក គឹម សុខ បន្ត​ថា លោក ហ៊ុន សែន ល្មម​ឈប់​ច្បិច​យក​ចំណុច​ស្រដៀង​គ្នា​ដ៏​តិចតួច​រវាង​របៀប​តែងតាំង​នាយករដ្ឋមន្ត្រី និង​រដ្ឋាភិបាល​នៅ​ចក្រភព​អង់គ្លេស និង​នៅ​កម្ពុជា ទៅ​ប្រឹង​បំភ័ន្ត​ពលរដ្ឋ​ខ្មែរ​ទៀត​ទៅ ហើយ​លោក ហ៊ុន សែន គួរ​ចេះ​ខ្មាស​សហគមន៍​អន្តរជាតិ​ប្រជាធិបតេយ្យ​ខ្លះ​ផង។

លោក គឹម សុខ បន្ត​ទៀត​ថា លោក ហ៊ុន សែន គួរ​ហ៊ាន​ទទួលស្គាល់​ការពិត​យ៉ាងតិច ៦​យ៉ាង​ក្នុង​ការ​ធានា​ប្រក្រតីភាព​ប្រជាធិបតេយ្យ​ចក្រភព​អង់គ្លេស ដែល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន មិន​មាន ក្នុង​នោះ​គណបក្ស​នយោបាយ​នៅ​អង់គ្លេស ប្រកួត​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​ជាង​សភា​នៅ​កម្ពុជា ដែល​លោក ហ៊ុន សែន កាង​ទាំង​ក្នុង​បក្ស និង​ក្នុង​គ្រប់​ស្ថាប័ន​រដ្ឋ រួម​ទាំង​រដ្ឋសភា​នោះ។

លោក​បន្ត​ថា សភា​អង់គ្លេស​មាន​អំណាច​ធានា​បាន​នូវ​ស្មារតី​រដ្ឋធម្មនុញ្ញ និង​ច្បាប់​យុត្តិធម៌​របស់​ប្រទេស ហើយ​នាយករដ្ឋមន្ត្រី​អង់គ្លេស​គ្មាន​អំណាច​លូកលាន់ ឬ​ចង់​កែ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ទាំងឡាយ​តាម​ចង់​បាន​នោះ​ទេ ដោយ​ខុស​ទាំងស្រុង​ពី​កម្ពុជា ដែល​លោក ហ៊ុន សែន បញ្ជា​ទាំង​គណបក្ស​របស់​លោក​ផង រដ្ឋាភិបាល​ផង និង​រដ្ឋសភា​ផង ឲ្យ​ធ្វើ​ច្បាប់​តាម​ការ​ចង់​បាន​របស់​គ្រួសារ​ត្រកូល «ហ៊ុន» តែប៉ុណ្ណោះ​នោះ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​ថា សភា និង​រដ្ឋាភិបាល​អង់គ្លេស​ធានា​បាន​នូវ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​ខុស​ទាំងស្រុង​ពី​កម្ពុជា​ដែល​ពាក្យ​យុត្តិធម៌ ត្រូវ​បាន​រដ្ឋសភា ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​ស្ថាប័ន​ពាក់ព័ន្ធ បកស្រាយ​តាម​លោក ហ៊ុន សែន ចង់​បាន ហើយ​មិន​ខ្វល់​សូម្បីតែ​ពលរដ្ឋ​តវ៉ា​ពេញ​ក្រុង​ភ្នំពេញ ជា​ឧទាហរណ៍ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ជាដើម។

ជាង​នេះ​ទៀត សភា​អង់គ្លេស​មាន​អំណាច​ហៅ​នាយករដ្ឋមន្ត្រី​ទៅ​សួរ​ដេញដោល​ជា​ប្រចាំ និង​ផ្សាយ​ជា​ចំហ​ឲ្យ​ប្រជារាស្ត្រ​អង់គ្លេស​វាយតម្លៃ​អំពី​ការ​ដឹកនាំ​ជាតិ ហើយ​នាយករដ្ឋមន្ត្រី​អង់គ្លេស ត្រូវតែ​បំពេញ​កាតព្វកិច្ច​ទៅ​ឆ្លើយ​នៅ​ចំពោះ​មុខ​សភា ដោយ​គ្មាន​ការ​គេចវេះ ដោះសា​អ្វី​នោះ​ទេ ដែល​ខុស​ទាំងស្រុង​ពី​កម្ពុជា​ដែល​លោក ហ៊ុន សែន មិន​ដែល​ហ៊ាន​ត​តាំង​នៅ​រដ្ឋសភា ផ្សាយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដឹង​អំពី​រឿង​ជាតិ ហើយ​ជា​ការ​ដោះសា លោក ហ៊ុន សែន ឆ្លើយ​តែ «រវល់» មួយ​ម៉ាត់ គឺ​ចប់ គ្មាន​អ្នក​ណា​ហ៊ាន​តវ៉ា​អ្វី​នោះ​ឡើយ។ ចំណុច​នេះ​ហើយ​ដែល​លោក ហ៊ុន សែន តែង​មើលងាយ​រដ្ឋសភា​របស់​ជាតិ​នោះ។

លោក​ថា ប្រជាជាតិ​អង់គ្លេស គោរព​តួនាទី​ព្រះមហាក្សត្រ​ណាស់ ដែល​ខុស​ទាំងស្រុង​ពី​កម្ពុជា​មាន​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ព្រះរាជា​តាំងពី​ការ​ប្រមាថ រហូត​ដល់​គំរាម​រំលាយ​រាជបល្ល័ង្ក​តាម​អំណាច​ទំនើង​ចិត្ត​របស់​លោក ហ៊ុន សែន ទៀត​ផង។

លោក គឹម សុខ អះអាង​ថា នៅ​អង់គ្លេស បើ​មាន​វិបត្តិ​ជាតិ​ធំៗ គេ​មិន​ពឹងផ្អែក​តែ​លើ​ការ​សម្រេច​ចិត្ត​របស់​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា​នោះ​ទេ គឺ​គេ​បោះឆ្នោត​ប្រជាមតិ​ឲ្យ​ប្រជារាស្ត្រ​សម្រេច​វាសនា​ជាតិ​ដោយ​ផ្ទាល់។ ជា​ឧទាហរណ៍ ករណី Brexit ចេញពី​សហភាព​អឺរ៉ុប ជាដើម ដែល​ទាំងអស់​នេះ​ខុស​ទាំងស្រុង​ពី​កម្ពុជា ដែល​លោក ហ៊ុន សែន ដាក់​ផែនការ «ងើប​មួយ វ៉ៃ​មួយ»។

ម្យ៉ាង​ទៀត លោក ហ៊ុន សែន តែងតែ​អួត​ថា កម្ពុជា​មាន​ប្រជាធិបតេយ្យ​បែប​កម្ពុជា ប៉ុន្តែ​លោក ហ៊ុន សែន មិន​ហ៊ាន​ធ្វើ​ប្រជាមតិ​សួរ​ប្រជារាស្ត្រ​ខ្មែរ​ថា​មាន​ការ​ពេញចិត្ត​បែប​ណា​នោះ​ទេ។

លោក​បន្ត​ថា លោក ហ៊ុន សែន និង​កូនប្រុស​របស់​គាត់​ត្រូវ​រៀនសូត្រ​ច្រើន​ណាស់​អំពី​ប្រជាធិបតេយ្យ​បែប​សភា​និយម​នៅ​ចក្រភព​អង់គ្លេស មុន​នឹង​ចេញ​អត្ថាធិប្បាយ​ឲ្យ​បាន​ត្រឹមត្រូវ។

រដ្ឋសភា​ក្រោម​ការ​ត្រួតត្រា​អំណាច​របស់​លោក ហ៊ុន សែន បាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ធម្មនុញ្ញ​បន្ថែម​ចំនួន ៨​មាត្រា ក្នុង​នោះ​មាត្រា​១៩​ថ្មី(មួយ) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី(មួយ) មាត្រា​១២៥​ថ្មី មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម។ មាត្រា​ទាំង ៨ ដែល​បាន​កែ​នោះ សង្គម​ស៊ីវិល គណបក្ស​ក្រៅ​រដ្ឋាភិបាល និង​អ្នកវិភាគ​មើល​ឃើញ​ថា បាន​កាត់​បន្ថយ​អំណាច​សភា ប៉ះពាល់​ផលប្រយោជន៍​ជាតិ និង​ជួយ​ពង្រឹង​ដល់​អំណាច​គ្រួសារ​លោក ហ៊ុន សែន ជាដើម។

ជាក់ស្ដែង មាត្រា​១១៩ ដែល​ស្នើ​កែ​នោះ​បាន​ផ្តល់​សិទ្ធិ​អំណាច​ឱ្យ​ទៅ​គណបក្ស​ដែល​មាន​សំឡេង​ឆ្នោត​នាំមុខ​គេ​ជា​អ្នក​ស្នើ​ផ្ទាល់​ទៅ​ព្រះមហាក្សត្រ ដើម្បី​ចាត់តាំង​នាយករដ្ឋមន្ត្រី ខណៈ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ផ្ដល់​សិទ្ធិ​អំណាច​ឱ្យ​ទៅ​ប្រធាន​រដ្ឋសភា ដោយ​មាន​ការ​ឯកភាព​ពី​អនុប្រធាន​ទាំង​ពីរ​ជា​អ្នក​ស្នើ​ទៅ​អង្គ​ព្រះមហាក្សត្រ​ក្នុង​ការ​តែងតាំង​វរជន​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស