26 C
Phnom Penh

អ្នក​ការទូត​នៅ UN ៥០​ប្រទេស​ថ្កោលទោស​ចិន​ករណី​ឧក្រិដ្ឋកម្ម​លើ​ជាតិ​សាសន៍​ភាគតិច​វិហ្គឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចិន​ជា​ប្រទេស​ដ៏​ធំ​មួយ​នៅ​អាស៊ី និង​ពិភពលោក ហើយ​ប្រទេស​នេះ​មាន​កុលសម្ព័ន្ធ​ជាតិ​សាសន៍​ភាគតិច​ជាច្រើន ប៉ុន្តែ​ជាតិ​សាសន៍​ភាគតិច​មួយ​ដែល​រស់នៅ​ក្នុង​តំបន់​ស៊ីនជាំង បាន​ក្លាយ​ជា​ការ​សម្អប់ និង​រើសអើង​ខ្លាំង​ជាងគេ។

ជាតិ​សាសន៍​នេះ​មាន​ឈ្មោះ​ថា វិហ្គឺ។ ជាតិ​សាសន៍​ភាគតិច​ដែល​កាន់​សាសនា​មូស្លីម​នេះ​មាន​ជាង ១២​លាន ៨​ម៉ឺន​នាក់។ ពួកគេ​រស់នៅ​ក្នុង​តំបន់​ខ្សាច់​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន គឺ​តំបន់​ស៊ីនជាំង។ ការ​ដែល​ជនជាតិ​ភាគតិច​នេះ​តែងតែ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ប៉េកាំង ចាប់​ខ្លួន ហើយ​យក​ទៅ​ឃុំ​ខ្លួន​ក្នុង​ជំរំ​លុត​ដំ គឺ​ក្រុម​នេះ​ជា​មុខសញ្ញា​ដែល​ក្រុង​ប៉េកាំង ចោទ​ថា​ជា​ក្រុម​មាន​ផែនការ​បំបែក​ទឹកដី​ចិន។

បើ​តាម​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស ក្រុម​ជាតិ​សាសន៍​នេះ​ជាង ១​លាន​នាក់​ទាំង​ប្រុស​ទាំង​ស្រី​ត្រូវ​បាន​អាជ្ញាធរ​ចិន​មកពី​ក្រុង​ប៉េកាំង ចាប់​ឃុំ និង​ធ្វើ​ទារុណកម្ម​មាន​រហូត​ស្លាប់​រាប់​រយ​នាក់​ទៀត​ផង។ អង្គការ​អន្តរជាតិ​នេះ​បាន​ហៅ​ថា​ជា​ការ​សម្លាប់​ដើម្បី​បំបិទ​សំឡេង​ជាតិ​សាសន៍​ភាគតិច។

បើ​តាម​អង្គការ​នេះ បុរសៗ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន គឺ​ប្រដាប់​ភេទ​បន្ត​ពូជ​របស់​ពួកគេ​ត្រូវ​គេ​គ្រៀវ​ទៀត​ផង ដើម្បី​កុំ​ឲ្យ​ពួកគេ​អាច​បន្ត​ពូជពង្ស​វង្សត្រកូល​បាន​ទៀត។ នៅ​ពេល​គ្រៀវ​ប្រដាប់​បន្ត​ពូជ​បាន​ហើយ​នោះ គឺ​បុរស​នោះ​អាច​ត្រូវ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ តែ​អាច​ត្រូវ​ចាប់​ខ្លួន​មក​ឃុំ​វិញ បើ​រក​ឃើញ​ថា​ពួកគេ​មាន​ផែនការ​ងើប​បះបោរ។

សំណុំរឿង​នេះ​ត្រូវ​បាន​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ហៅ​ថា​ជា​អំពើ​ប្រល័យ​ជាតិ​សាសន៍។ តែ​ពេល​នេះ វា​ពុំ​មែន​ជា​រឿង​ថ្មី​ទេ​ដែល​ក្រុម​អ្នក​ការទូត​អន្តរជាតិ​អូស​រឿង​នេះ​ទៅ​កាន់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ គឺ​ពិត​ណាស់ ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ថ្កោលទោស​ចិន​សឹង​រាប់​មិន​អស់​ទៅ​ហើយ។

តែ​ចិន ដែល​អួត​ខ្លួន​ថា​ជា​អ្នក​កសាង​សណ្ដាប់ធ្នាប់​ពិភពលោក មិន​ដែល​ទទួលស្គាល់​ការពិត​នេះ​ឡើយ។ ជា​ថ្មី​ម្ដង​ទៀត​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ គឺ​កាលពី​ថ្ងៃ​ចន្ទ ទី​៣១ តុលា ក្រុម​អ្នក​ការទូត​បស្ចិម​ប្រទេស​បាន​សម្រេច​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​លើកដំបូង ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​ការ​អនុម័ត​ពី​ក្រុមប្រឹក្សា​សន្តិសុខ​នោះ​ទេ គឺ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​តែម្ដង ដែល​ធ្វើឡើង​ដោយ​ក្រុម​អ្នក​ការទូត ៥០​ប្រទេស​នេះ។

ក្រុម​អ្នក​ការទូត​បាន​សម្រេច​ចូល​សាល​ប្រជុំ​នៃ​មហាសន្និបាត ហើយ​មូលមតិ​គ្នា​ថ្កោលទោស​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន ដែល​រំលោភ​បំពាន​សិទ្ធិ និង​សេរីភាព​ធ្ងន់ធ្ងរ​ចំពោះ​ក្រុម​ជាតិ​សាសន៍​ភាគតិច​វិហ្គឺ។ សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​ការទូត ៥០​ប្រទេស​នេះ បាន​ហៅ​ប្រទេស​ចិន​ជា​រដ្ឋ​រំលោភ​សិទ្ធិមនុស្ស និង​ជា​រដ្ឋ​ប្រព្រឹត្ត​ទារុណកម្ម​ធ្ងន់ធ្ងរ​ទៅ​លើ​ជាតិ​សាសន៍​ភាគតិច ហើយ​មាន​គោលដៅ​កាត់បន្ថយ​កំណើន​ពលរដ្ឋ​របស់​ជាតិ​សាសន៍​មួយ​នេះ​ជាមួយ​នឹង​ការ​ធ្វើ​ឲ្យ​បាត់បង់​សតិ​ការ​ចងចាំ​របស់​មនុស្ស​ជាតិ។

លើស​ពី​នេះ​ទៅ​ទៀត បើ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ គឺ​អាជ្ញាធរ​មកពី​ក្រុង​ប៉េកាំង បាន​ចាប់​ពួកគេ​បង្ខំ​ឲ្យ​រំលូត​កូន​ទៀត​ផង ក្រោយពី​ធ្វើ​ទារុណកម្ម​លើ​ពួកគេ​ហើយ​នោះ។

ក្រៅ​ពី​នេះ អ្នក​ការទូត​ជាង ៥០​ប្រទេស​នេះ បាន​ហៅ​ជា​បទល្មើស​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ប្រព្រឹត្ត​ដោយ​របប​ក្រុង​ប៉េកាំង។ ក្រៅ​ពី​នេះ ក្រុម​អ្នក​ការទូត​ទាំងនេះ​ថា​ក្រុង​ប៉េកាំង កំពុង​តែ​មាន​ផែនការ​កម្ទេច​សាសនា​របស់​ក្រុម​ជនជាតិ​ភាគតិច​វិហ្គឺ ទៀត​ផង។

សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​ការទូត​ជាង ៥០​ប្រទេស​នៅ​ក្រុង​ញីវយ៉ក ក៏​បាន​ទទូច​ជា​ថ្មី​ម្ដង​ទៀត​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ត្រូវ​គោរព​ឡើងវិញ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​គោរព​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ដែល​ចែង​អំពី​សិទ្ធិ​សាសន៍ និង​សេរីភាព​មនុស្ស​ជាតិ។

ដោយឡែក​ប្រទេស​គុយបា ដែល​កំពុង​អនុវត្ត​របប​ដឹកនាំ​កុម្មុយនីស្ត​ផ្ដាច់ការ បាន​ចូល​ទៅ​សាល​មហាសន្និបាត​នៅ​ពេល​សេចក្ដី​ថ្លែងការណ៍​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ក្រុម​បស្ចិម​ប្រទេស​ដឹកនាំ​ដោយ​អាមេរិក គឺ​អ្នក​ការទូត​គុយបា ដែល​ជំនួស​ប្រទេស​ចិន បាន​ទាមទារ​កុំ​ឲ្យ​ផ្សព្វផ្សាយ​សេចក្ដី​ថ្លែងការណ៍​នេះ។

តំណាង​ប្រទេស​គុយបា ដែល​ចូល​ខ្លួន​តំណាង​ឲ្យ​ប្រទេស​ចិន បាន​ហៅ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចិន ថា​មិន​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្ដែង​នៅ​តំបន់​ស៊ីនជាំង នោះ​ទេ។ អ្នក​ការទូត​គុយបា បាន​ហៅ​ថា​ជា​ការ​អនុវត្ត​ស្តង់ដារ​ពីរ។ សេចក្ដី​ថ្លែងការណ៍​របស់​តំណាង​គុយបា ដែល​អះអាង​ថា​ខ្លួន​គេ​តំណាង​ឱ្យ ៦៦​ប្រទេស មិន​បាន​ចូល​សាល​ប្រជុំ​នៃ​មហាសន្និបាត បាន​ហៅ​សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​ការទូត​លោក​ខាងលិច ៥០​ប្រទេស​ថា​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន។

តែ​ជាមួយ​គ្នា​នេះ ការិយាល័យ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​ថ្លែង​ពី​ទីក្រុង​ប៉េកាំង ដោយ​ច្រាន​ចោល​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​អ្នក​ការទូត​លោក​ខាងលិច ៥០​ប្រទេស ដោយ​ចាត់ទុក​ថា​ជា​ក្រុម​បង្កើត​រូបភាព​អាក្រក់​ដាក់​លើ​ចិន។ តែ​សម្រាប់​អង្គការ​ជនជាតិ​វីហ្គឺ បាន​ថ្លែង​ថា រដ្ឋាភិបាល​ចិន ខ្វះ​សេចក្ដី​ក្លាហាន ព្រោះ​តែ​មិន​ចូល​ខ្លួន​តតាំង​ក្ដី​ក្នុង​មហាសន្និបាត បែរ​ជា​រៀបចំ​កម្លាំង​ការទូត​ក្លែងក្លាយ​នៅ​ក្រៅ​ឆាក​ទៅវិញ។

តែ​ក្រុម​អ្នក​សារព័ត៌មាន​ធ្វើការ​កត់សម្គាល់​ថា សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​ការទូត​គុយបា ធ្វើឡើង​ជំនួស​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន មិន​ទទួល​បាន​ការ​គាំទ្រ​ណា​មួយ​ពី​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ញីវយ៉ក នោះ​ទេ បែរ​ជា​រុញ​ឱ្យ​មាន​ការ​ថ្កោលទោស​គុយបា ថែម​ទៀត។

សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​ការទូត ៥០​ប្រទេស​នៃ​ក្រុម​បស្ចិម​ប្រទេស​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក អង់គ្លេស បាន​គាំទ្រ​យ៉ាង​ច្រើន​ពី​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ រួម​ទាំង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ផង​ដែរ។

លោក Mehmet Tohti ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តស៊ូ​មតិ និង​សិទ្ធិមនុស្ស​ដើម្បី​ជនជាតិ​ភាគតិច​វិហ្គឺ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា បាន​ថ្លែង​អំណរគុណ​ជ្រាលជ្រៅ​ដល់​កម្លាំង​អ្នក​ការពារ​សិទ្ធិមនុស្ស​នៃ​អ្នក​ការទូត​បស្ចិម​ប្រទេស។ លោក​សង្ឃឹម​ថា សំណុំរឿង​ឧក្រិដ្ឋកម្ម​ទៅ​លើ​ជាតិ​សាសន៍​ភាគតិច​វិហ្គឺ នៅ​ខេត្ត​ស៊ីនជាំង ប្រទេស​ចិន នៅ​ថ្ងៃ​ណា​មួយ​នឹង​ត្រូវ​ទាញ​ចូល​ទៅ​មហាសន្និបាត​ពេញ​អង្គ​នៃ​អង្គការ​សហប្រជាជាតិ ហើយ​ថ្កោលទោស​ជា​សកល​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស