29 C
Phnom Penh

កម្ពុជា​នឹង​ប្រគល់​ញញួរ​ប្រធាន​អាស៊ាន​ទៅ​ឱ្យ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា នៅ​ក្នុង​ពិធី​បិទ​បញ្ចប់​ជា​ផ្លូវការ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ខាងមុខ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ នឹង​ប្រគល់​ញញួរ​ប្រធាន​អាស៊ាន​ទៅ​ឱ្យ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ដែល​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា ពិធី​ប្រគល់​ញញួរ​នេះ​នឹង​ធ្វើឡើង​ក្នុង​ពិធី​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​លើក​ទី​៤១ ដែល​ជា​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​កិច្ច​សន្ទនា​អាស៊ាន​ជា​សកល​លើក​ទី​២ នៅ​រាជធានី​ភ្នំពេញ ដែល​នឹង​ធ្វើឡើង​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​នេះ។

ប្រភព​ដដែល​អះអាង​ថា ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​នេះ បុរស​ខ្លាំង​លោក ហ៊ុន សែន រួម​ជាមួយ​ប្រមុខ​រដ្ឋ និង​រាជរដ្ឋាភិបាល​អាស៊ាន​ដទៃ​ទៀត នឹង​ចូលរួម​កម្មវិធី​ជំនួប​ដោយឡែក​ពី​គ្នា​ជាមួយ​តំណាង​នៃ​អន្តរ​សភា​អាស៊ាន តំណាង​នៃ​យុវជន​អាស៊ាន និង​តំណាង​នៃ​ក្រុមប្រឹក្សា​អ្នក​ប្រឹក្សា​ធុរកិច្ច​អាស៊ាន​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ វិច្ឆិកា នេះ​ថា លោក​កត់សម្គាល់​ឃើញ​ថា រយៈពេល​ជិត​មួយ​ឆ្នាំ​ដែល​កម្ពុជា​បាន​ទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២ គឺ​បន្សល់​ទុក​នូវ​បញ្ហា​ជាច្រើន​ដែល​កម្ពុជា​មិន​អាច​ដោះស្រាយ​បាន ក្នុង​នោះ​វិបត្តិ​នៅ​ភូមា ក៏​មិន​មាន​ការ​ថមថយ ប៉ុន្តែ​រឹតតែ​ធ្ងន់ធ្ងរ​ទៅវិញ ខណៈ​ប្រធាន​អាស៊ាន​ក៏​មិន​មាន​វិធានការ​ណា​មួយ​ចូល​ទៅ​ទប់ស្កាត់ ឬ​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ។

លោក ស៊ឹង សែនករុណា ត្អូញត្អែរ​ថា ចំណែក​កម្ពុជា​ខ្លួនឯង​ក៏​មិន​មាន​ការ​ថយ​ចុះ​នូវ​ការ​រំលោភ​សិទ្ធិមនុស្ស​ដែរ ក្នុង​នោះ​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន និង​សកម្មជន​សិទ្ធិមនុស្ស ជាដើម ត្រូវ​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឱ្យ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​កាន់តែ​រួម​តូច​ទៅៗ​រហូត​រង​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ជុំ​ទិស​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ចំពោះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ក៏​មិន​មាន​ការ​វិវឌ្ឍ​ទៅ​រក​ភាព​ល្អ​ប្រសើរ​ដែរ បើ​ទោះបីជា​កម្ពុជា​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​ក៏ដោយ ប៉ុន្តែ​សេរីភាព​នយោបាយ​សម្រាប់​មេដឹកនាំ​ដែល​មាន​ឥទ្ធិពល​នៅ​កម្ពុជា ក្នុង​ការ​ដឹកនាំ​ប្រជាពលរដ្ឋ​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​តាមរយៈ​សន្លឹកឆ្នោត នៅតែ​ជាប់​គាំង​មិន​អាច​អនុវត្ត​បាន​ដដែល ដែល​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់​ផ្លូវ​យ៉ាង​ខ្លាំង​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ទទួល​បាន​ញញួរ​ធ្វើ​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២ ពី​ប្រទេស​ប្រ៊ុយណេ​ដារូសាឡឹម ដែល​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២១ កន្លងទៅ។

ក្រោយ​ទទួល​បាន​ញញួរ មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ចាប់ផ្តើម​បំពេញ​តួនាទី​ជា​ប្រធាន​អាស៊ាន​នៅ​ដើម​ខែ​មករា ឆ្នាំ​២០២២ ដោយ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា ជា​លើកដំបូង ប៉ុន្តែ​ត្រូវ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា បន្ទាប់ពី​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​នេះ កម្ពុជា​មិន​អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ល្អ​នោះ​ទេ ក្នុង​នោះ​វិបត្តិ​រំលោភ​សិទ្ធិមនុស្ស និង​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅតែ​បន្ត​កើតមាន ខណៈ​សាមគ្គីភាព​របស់​អាស៊ាន​ក៏​ត្រូវ​បាន​បែកបាក់​ផង​ដែរ ដោយសារតែ​កម្ពុជា​ចូល​ខ្លួន​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា មិន​បាន​អនុវត្ត​ទៅ​តាម​គោលការណ៍​របស់​អាស៊ាន ៥​ចំណុច​ដែល​បាន​ដាក់​ចេញ​កាលពី​ចុង​ឆ្នាំ​២០២១ កន្លង​ទៅ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស