27.5 C
Phnom Penh

មន្ត្រី​អាដហុក​ថា​ពួកគេ​នឹង​ទទួល​បាន​យុត្តិធម៌ បើ​តុលាការ​សម្រេច​ក្តី​មិន​ពាក់ព័ន្ធ​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា លើកឡើង​ថា ពួកគាត់​ទាំង ៥​រូប​នឹង​ទទួល​បាន​យុត្តិធម៌ បើ​តុលាការ​កំពូល​ឈរ​ទៅ​លើ​ឯករាជភាព​ក្នុង​ការ​សម្រេច​សេចក្ដី​ដោយ​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ ខណៈ​តុលាការ​នឹង​សម្រេច​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​នេះ។

តុលាការ​កំពូល នៅ​ថ្ងៃ​សុក្រ ទី​៤ វិច្ឆិកា នេះ បាន​បើក​សវនាការ​ជំនុំជម្រះ​បណ្ដឹង​សាទុក្ខ​មន្ត្រី​ជាន់ខ្ពស់ និង​អតីត​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ៥​រូប បន្ទាប់ពី​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​កាលពី​ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ បាន​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​កាត់ទោស​ឲ្យ​ពួកគាត់​ជាប់​ពន្ធនាគារ​ម្នាក់ៗ ៥​ឆ្នាំ​ទុក​ជា​បាន​ការ​ដដែល។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មុខ​តុលាការ​កំពូល បន្ទាប់ពី​បញ្ចប់​សវនាការ​ថា បើ​តាម​អង្គហេតុ ភស្តុតាង និង​សារណា​ដែល​ក្រុម​មេធាវី​ការពារ​ក្ដី​បាន​ដាក់​ទៅ​តុលាការ​នោះ លោក​យល់​ថា​ពួកគាត់​នឹង​ទទួល​បាន​យុត្តិធម៌ ប្រសិនបើ​តុលាការ​មាន​ជំហរ​ឯករាជ្យ​ក្នុង​ការ​សម្រេច​សេចក្ដី និង​មាន​សុភវិនិច្ឆ័យ​ដោយ​សម្រេច​ក្ដី​មិន​មាន​អគតិ​ទាំង ៤ នោះ។

លោក​បន្ត​ទៀត​ថា ប៉ុន្តែ​ប្រសិនបើ​តុលាការ​សម្រេច​សេចក្ដី​ក្រោម​សម្ពាធ​នយោបាយ​វិញ លោក​ថា​យុត្តិធម៌​សម្រាប់​ពួកគាត់​នឹង​ពិបាក​ទទួល​បាន​ណាស់។

លោក នី សុខា ស្នើ​ទៅ​តុលាការ​កំពូល​ឲ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់​មក​លើ​ពួកគាត់​ទាំង ៥​រូប ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ពួកគាត់ និង​បង្ហាញ​ការ​ផ្ដល់​យុត្តិធម៌​សម្រាប់​សង្គម​ទាំងមូល ព្រមទាំង​អ្នក​ធ្វើ​ការងារ​សង្គម​ផ្សេង​ទៀត​ផង​ដែរ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​រូប​នេះ​ថា តុលាការ​ជាន់​ទាប​បាន​ចោទប្រកាន់​លើ​ពួកគាត់​ទាំង ៥​រូប​ដោយ​បំភ្លៃ​អង្គហេតុ និង​ខុស​ពី​ការពិត។

លោក​ថា ការ​បំភ្លៃ​អង្គហេតុ គឺ​ក្នុង​លិខិត​អញ្ជើញ និង​ដីកា​របស់​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​កញ្ញា ខុម ចាន់តារាទី ហៅ​ស្រីមុំ ក្នុង​នាម​ជា​ជនសង្ស័យ​តាម​បណ្ដឹង​របស់​អ្នកស្រី ធី សុវណ្ណថា ដោយ​ប្ដឹង​កញ្ញា ស្រីមុំ ពី​បទ​បរិហារកេរ្តិ៍ ប៉ុន្តែ​នៅ​ពេល​ដំណើរ​ក្ដី បែរ​ជា​តុលាការ​ប្ដូរ​មក​ដាក់​កញ្ញា​ជា​សាក្សី​ទៅវិញ ហើយ​ឈាន​មក​ចោទប្រកាន់​លើ​ពួកគាត់។

លោក នី សុខា បន្ត​ថា ចាប់តាំងពី​ដំណើរ​ក្ដី​សំណុំរឿង​នេះ តុលាការ​ជាន់​ទាប​មិន​បាន​កោះហៅ​កញ្ញា ខុម ចាន់តារាទី ហៅ​ស្រីមុំ និង​អ្នកស្រី ទ្រី ឈួន មក​ឆ្លើយ​បំភ្លឺ​ដើម្បី​តតាំង​ក្ដី​នៅ​តុលាការ​ឡើយ បើ​ទោះបីជា​ពួកគាត់ និង​មេធាវី​ស្នើសុំ​ម្ដង​ហើយ​ម្ដង​ទៀត។

លោក​ចាត់ទុក​ការ​ចោទប្រកាន់​របស់​តុលាការ​ជាន់​ទាប​ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគាត់​ទាំង ៥​រូប ដែល​ធ្វើ​ការ​ជួយ​សង្គម​ក្នុង​វិស័យ​ការពារ​សិទ្ធិ​ក្នុង​ប្រទេស​កម្ពុជា។

យ៉ាងណាក៏ដោយ សាលដីកា​បណ្ដឹង​សាទុក្ខ​សំណុំរឿង «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី» ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ប្រាក់​ជាង ២០០​ដុល្លារ​ទៅ​ឲ្យ​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ក្នុង​នាម​ជនរងគ្រោះ​ដែល​រត់​មក​រក​អង្គការ​អាដហុក​ឲ្យ​ជួយ​នៅ​ពេល​នោះ លោក និល ណុន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នឹង​សម្រេច​ប្រកាស​នៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​នេះ។

បុគ្គលិក និង​អតីត​បុគ្គលិក​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ៥​រូប ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន ៥​ឆ្នាំ ក្រោម​បទ​ចោទប្រកាន់ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី» ប៉ុន្តែ​ទោស ៥​ឆ្នាំ​នេះ តុលាការ​សម្រេច​ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈពេល ១៤​ខែ ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។

ពួកគេ​ទាំង​ប្រាំ​នាក់​នោះ​រួម​មាន លោក នី សុខា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក នី ចរិយា។

អ្នក​ទាំង​ប្រាំ​នាក់​នេះ ត្រូវ​បាន​ចាប់​ខ្លួន ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​កាលពី​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។ ពួកគេ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ​កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៧៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស