សកម្មភាព​ក្រុម​មន្ត្រី​សាលា​ខណ្ឌ​៧មករា ប្រើ​ហិង្សា​លើ​បុរស​រើស​អេតចាយ អំឡុង​ពេល​ពួកគេ​ចុះ​ទៅ​រៀបចំ​សណ្ដាប់ធ្នាប់​លើ​ផ្លូវ​១៦៤ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧មករា កាលពី​រសៀល​ថ្ងៃទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

ព័ត៌មានជាតិ

រដ្ឋបាល​ខណ្ឌ​៧មករា​ផ្អាក​ការងារ​មន្ត្រី​មួយ​រូប​ក្រោយ​ប្រើ​អំពើ​ហិង្សា​លើ​បុរស​រើស​អេតចាយ

By ឌឹ ខេមបូឌា ដេលី

November 08, 2022

រដ្ឋបាល​ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ ផ្អាក​ការងារ​របស់​មន្ត្រី​សមត្ថកិច្ច​ម្នាក់​រយៈពេល ៦​ខែ​ដោយ​មិន​ទទួល​បាន​ប្រាក់​បៀវត្សរ៍ ក្រោយពី​មន្ត្រី​រូប​នេះ​ប្រើ​អំពើ​ហិង្សា​លើ​បុរស​អ្នក​រើស​អេតចាយ​ម្នាក់។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខណ្ឌ​៧មករា ចុះ​ថ្ងៃទី​៤ ខែ​វិច្ឆិកា កន្លងទៅ​នេះ ឲ្យ​ដឹង​ថា បុរស​ឈ្មោះ ឆាំ ឆាន ដែល​ជា​មន្ត្រី​នៅ​ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ ត្រូវ​បាន​ដក​បញ្ឈរ​ជើង​ដោយ​មិន​ទទួល​ប្រាក់​បៀវត្សរ៍​ក្នុង​រយៈពេល ៦​ខែ។

បើ​តាម​រដ្ឋបាល​ខណ្ឌ​៧មករា បាន​ព្យាយាម​រៀបរាប់​ថា ក្រុម​ការងារ​របស់​ខ្លួន​ចំនួន ៤​នាក់​បាន​ចុះ​ទៅ​រៀបចំ​សណ្ដាប់ធ្នាប់​លើ​ផ្លូវ​១៦៤ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧មករា កាលពី​រសៀល​ថ្ងៃទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នេះ បន្ទាប់ពី​មាន​ការ​ចត​យានជំនិះ​រទេះ​អេតចាយ និង​រទេះ​លក់​ទំនិញ​ផ្សេងៗ​លើ​ទ្រូង​ថ្នល់ ខណៈ​ពេល​ចុះ​នោះ ក្រុម​ការងារ​របស់​ខ្លួន​បាន​ណែនាំ​ឲ្យ​ម្ចាស់​យានជំនិះ​ទាំងឡាយ​យក​យានជំនិះ និង​រទេះ​ផ្សេងៗ​របស់​ពួកគេ​ចេញ​ពី​លើ​ទ្រូង​ថ្នល់​នៃ​កំណាត់​ផ្លូវ​លេខ​១៦៤ នេះ ដើម្បី​សម្រួល​ឲ្យ​ចរាចរណ៍​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ។

បើ​តាម​រដ្ឋបាល​ខណ្ឌ​៧មករា បកស្រាយ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា មុន​ពេល​ឈាន​ទៅ​ប្រើ​អំពើ​ហិង្សា មន្ត្រី​របស់​ខ្លួន​បាន​ព្យាយាម​យក​រទេះ​បុរស​រើស​អេតចាយ​ចេញពី​ទ្រូង​ថ្នល់ និង​នាំ​បុរស​ជា​ម្ចាស់​រទេះ​អេតចាយ​ទៅ​អប់រំ ប៉ុន្តែ​បុរស​ជា​ម្ចាស់​រទេះ​អេតចាយ​មិន​ព្រម​យក​រទេះ​អេតចាយ​របស់​ខ្លួន​ចេញពី​ទ្រូង​ថ្នល់​នោះ​ទេ ហើយ​ថែមទាំង​ជេរប្រមាថ​ក្រុម​ការងារ​រដ្ឋបាល​ខណ្ឌ​៧មករា ទើប​បាន​ជា​មាន​ការ​ប្រតាយប្រតប់​គ្នា​បែប​នេះ។

ក្រោយ​កើតហេតុ រដ្ឋបាល​ខណ្ឌ​បាន​សម្របសម្រួល​ឲ្យ​មាន​ការ​ជួប​ជាមួយ​ម្ចាស់​រទេះ​អេតចាយ និង​មន្ត្រី​របស់​ខ្លួន ដោយ​ឲ្យ​សុំទោស​បុរស​ជា​ម្ចាស់​រទេះ​អេតចាយ និង​កុំ​ឲ្យ​មាន​ការ​ប្ដឹងផ្ដល់ ខណៈ​មន្ត្រី​របស់​ខ្លួន​ដែល​បាន​ប្រើប្រាស់​អំពើ​ហិង្សា​នោះ រដ្ឋបាល​ខណ្ឌ​បាន​ពិន័យ​រដ្ឋបាល​ដោយ​ផ្អាក​ការងារ​ឈ្មោះ ឆាំ ឆាន រយៈពេល ៦​ខែ​មិន​ឲ្យ​ទទួល​ប្រាក់ខែ។

ការ​ផ្អាក​ការងារ​បុរស​ឈ្មោះ ឆាំ ឆាន ដែល​មាន​តួនាទី​ជា​មន្ត្រី​រដ្ឋបាល​ខណ្ឌ​៧មករា ធ្វើឡើង​ក្រោយ​ពេល​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​នាំគ្នា​រិះគន់​លើ​អាជ្ញាធរ​ដែល​ប្រើ​ហិង្សា​លើ​បុរស​ជា​អ្នក​រើស​អេតចាយ។

ក្រៅពី​រិះគន់​ហើយ ពួកគេ​ក៏​ជំរុញ​ឲ្យ​ចាត់​វិធានការ​ច្បាប់​ទៅ​លើ​ជន​ដែល​ប្រើប្រាស់​អំពើ​ហិង្សា​ផង​ដែរ ដើម្បី​កុំ​ឲ្យ​ករណី​នេះ​កើតមាន​ឡើង​បន្ត​ទៀត ខណៈ​ពួកគេ​ក៏​ជា​មន្ត្រី​អនុវត្ត​ច្បាប់​នោះ៕