30 C
Phnom Penh

វេទិកា​ពលរដ្ឋ​ជំរុញ​ឱ្យ​អ្នក​នយោបាយ​និង​ពលរដ្ឋ​ទាមទារ​ឱ្យ​មាន​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​ជំរុញ​ឱ្យ​មេដឹកនាំ​នយោបាយ សង្គម​ស៊ីវិល សកម្មជន​សង្គម និង​ពលរដ្ឋ​ខ្មែរ នាំគ្នា​ចេញ​ទាមទារ​ឲ្យ​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ស្រប​ពេល​ដែល​ប្រមុខ​រដ្ឋ​ដែល​ជា​រដ្ឋ​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ មាន​វត្តមាន​នៅ​កម្ពុជា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​អាស៊ាន​បូក។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា ការ​ចេញ​មុខ​បង្ហាញ​សំឡេង​កាន់តែ​ខ្លាំងក្លា និង​ជំហរ​ទទូច​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​នៅ​ពេលនេះ គឺ​ពិត​ជា​មាន​សារសំខាន់​ណាស់​ដែល​អាច​លើក​ទឹកចិត្ត​ឲ្យ​មេដឹកនាំ​រដ្ឋាភិបាល ឬ​ប្រមុខ​រដ្ឋ​នៃ​បស្ចិម​ប្រទេស រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង មាន​សារ​នយោបាយ​ត្រូវ​ស្ថានការណ៍​ដើម្បី​រំឭក​លោក ហ៊ុន សែន អំពី​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ខ្មែរ។

ជាង​នេះ​ទៀត ក៏​អាច​ជា​ការ​បញ្ជាក់​ប្រាប់​មេដឹកនាំ​ទាំងនោះ​ផង​ដែរ​ថា អនាគត​ប្រជាជាតិ​ខ្មែរ​ដែល​ត្រូវ​ដើរ​លើ​ផ្លូវ​ប្រជាធិបតេយ្យ គឺ​ត្រូវការ​ពឹងពាក់​កិច្ច​អន្តរាគមន៍​របស់​ពួកគេ​ដែល​ជា​រដ្ឋ​ហត្ថលេខី​ជា​ចាំបាច់ ដូច្នេះ​ពួកគេ​មិន​អាច​បន្ត​ធ្វើ​ព្រងើយ​កន្តើយ ឬ​បោះបង់​ពលរដ្ឋ​ខ្មែរ​បាន​ឡើយ។

លោក គឹម សុខ អះអាង​ថា កាលៈទេសៈ​នេះ គឺជា​ឱកាស​ល្អ​បំផុត​ក្នុង​ការ​ចេញ​ទាមទារ​យក​ភាព​ជា​ម្ចាស់​ប្រទេស​របស់​ខ្លួន​មក​វិញ មិន​គួរ​នៅ​បន្ត​ញញើត​ខ្លាច​អំណាច​នាយករដ្ឋមន្ត្រី​ហួសហេតុ​ពេក​នោះ​ទេ ពីព្រោះ​អំណាច​នាយករដ្ឋមន្ត្រី​មិន​មាន​អ្វី​ហួស​ពី​សេចក្ដី​ចែង​ក្នុង​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ឡើយ គឺ​ត្រូវ​ទទួលស្គាល់​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ ដូច​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ដែល​ទាក់ទង​នឹង​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ ជាដើម។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា កាលណា​លោក ហ៊ុន សែន អនុវត្ត​ច្បាប់​ដោយ​ការ​រំលោភ​បំពាន​ហួស​បញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ហើយ នោះ​លោក ហ៊ុន សែន ច្បាស់​ជា​ចៀស​មិន​ផុត​ពី​ត្រូវ​ប្រឈម​ធ្ងន់ធ្ងរ​នៃ​សម្ពាធ​របស់​ប្រទេស​លោក​សេរី ដែល​នឹង​រុញ​ឲ្យ​គាត់ និង​កូនប្រុស​របស់​គាត់ កាន់តែ​ថប់​ដង្ហើម​អំណាច​នោះ​ឡើយ ព្រោះ​ថា​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ជាតិ​មិន​ត្រឹមតែ​ចែង​ពី​អំណាច​នាយករដ្ឋមន្ត្រី​ទេ ប៉ុន្តែ​ក៏​មាន​ចែង​អំពី​សិទ្ធិ​អំណាច​របស់​ពលរដ្ឋ​ដែរ។

លោក គឹម សុខ បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​កំពុង​មាន​ទុក្ខ​លំបាក​យ៉ាង​ធ្ងន់ធ្ងរ​ពី​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​ដោយ​រដ្ឋ​អំណាច​គ្រប់​ជាន់​ថ្នាក់​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ ដូច្នេះ​តើ​ពលរដ្ឋ​នៅ​ទ្រាំ​ដល់​ពេល​ណា ទើប​ហ៊ាន​ប្រើ​សិទ្ធិ​ចេញ​តវ៉ា​ជា​ចំហ ដើម្បី​ទាមទារ​យុត្តិធម៌​ប្រជាធិបតេយ្យ​ដែល​ជា​ផលប្រយោជន៍​របស់​ខ្លួន​ក្នុង​នាម​ជា​ម្ចាស់​ជោគវាសនា​លើ​ប្រទេស​ជាតិ​របស់​ខ្លួន។

កាល​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ លើក​ទី​៤១ កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​កិច្ច​សន្ទនា​អាស៊ាន​ជា​សកល​លើក​ទី​២ នៅ​រាជធានី​ភ្នំពេញ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​នេះ។

កាលពី​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២២ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១២ និង​ទី​១៣ ខែ​វិច្ឆិកា ខាងមុខ​នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​អាមេរិក-អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ក្នុង​នោះ​មេដឹកនាំ​ផ្សេង​ទៀត​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ក៏​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ​ដែរ។

ក្រុម​ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ធានា​នូវ​ការ​បង្រួបបង្រួម​ជាតិ ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទាំង ១៨​ប្រទេស រួម​មាន​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មាន ៥​ប្រទេស ដូចជា​អាមេរិក អង់គ្លេស បារាំង ព្រមទាំង​ចិន និង​សហភាព​សូវៀត ផង​ដែរ។

ចំណែក​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ៨​ប្រទេស​ផ្សេង​ទៀត រួម​មាន​ឥណ្ឌូនេស៊ី វៀតណាម ឡាវ ថៃ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រ៊ុយណេ លើកលែងតែ​ភូមា ប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស