31 C
Phnom Penh

លោក កឹម សុខា៖ ឯករាជ្យ​ជាតិ​ពិតប្រាកដ​គឺ​ខ្មែរ​ចេះ​គោរព​សិទ្ធិ​គ្នា​និង​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​នៅ​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ថា បើ​ខ្មែរ​ចេះ​គោរព​សិទ្ធិ​គ្នា​មិន​បង្ក​ឱ្យ​មាន​ការ​ឈឺចាប់ និង​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ នោះ​នឹង​នាំមក​នូវ​សាមគ្គីភាព​ជាតិ និង​ឯករាជភាព​ជាតិ​ពិតប្រាកដ។

លោក កឹម សុខា បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ មុន​ថ្ងៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​មួយ​ថ្ងៃ ដោយ​បាន​ផ្ញើ​សារ​អបអរ​សាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា ១៩៥៣ ដែល​ជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៩។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើកឡើង​ថា ឯករាជ្យ​ជាតិ គឺជា​មោទកភាព​ជាតិ ដូច្នេះ​ដើម្បី​ឲ្យ​ប្រទេស​ជាតិ​មាន​ឯករាជ្យ​ជាតិ​ពិត​នោះ ខ្មែរ​ត្រូវ​គោរព​សិទ្ធិ​គ្នា​ទៅវិញ​ទៅមក។ លោក​បញ្ជាក់​ថា បើ​ខ្មែរ​ចេះ​គោរព​សិទ្ធិ​គ្នា​ទៅវិញ​ទៅមក មិន​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់ ដោយ​ការ​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ នោះ​នឹង​នាំមក​នូវ​សាមគ្គីភាព​ជាតិ។

លោក​បន្ត​ថា សាមគ្គីភាព​ជាតិ​នាំ​ឲ្យ​មាន​ឯកភាព​ជាតិ និង​នាំមក​នូវ​ឯករាជ្យ​ជាតិ​រឹងមាំ​ថែម​ទៀត​ផង​ដែរ។

ការ​លើកឡើង​របស់​លោក កឹម សុខា នា​ពេលនេះ ស្រប​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ​បិទ​បញ្ចប់​នីតិវិធី​នៃ​ការ​សួរ​ដេញដោល​លើ​អង្គ​សេចក្តី កាលពី​ថ្ងៃទី​១៩ ខែ​តុលា កន្លងទៅ​នេះ និង​កំណត់​ឱ្យ​ភាគី​ក្នុង​រឿងក្ដី​ធ្វើ​សេចក្តី​សន្និដ្ឋាន​ជា​លាយលក្ខណ៍​អក្សរ និង​ទាញ​ហេតុផល​ផ្ទាល់មាត់​នៅ​ថ្ងៃទី​២១ ខែ​ធ្នូ ខាងមុខ​នេះ។

គិត​ពី​ថ្ងៃ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​ពាក់កណ្តាល​អធ្រាត្រ​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ អ្នក​នយោបាយ​រូប​នេះ​ត្រូវ​បាន​តុលាការ​កម្ពុជា​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ជាង ៥​ឆ្នាំ​មក​ហើយ។

កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពេញ​បរិបូរណ៍​ពី​អាណានិគម​និយម​បារាំង នៅ​ថ្ងៃទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ក្រោម​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ។

នៅ​ពេល​បាន​ទទួល​ឯករាជ្យ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ បាន​សរសេរ​លិខិត​ផ្លូវការ​ទៅ​រដ្ឋាភិបាល​បារាំង ដោយ​អះអាង​ថា ចាប់ពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ តទៅ គឺ​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​មួយ​មិន​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​ប្រទេស​ណា​មួយ​នោះ​ឡើយ ហើយ​កម្ពុជា​នឹង​ស្រឡាញ់​រាប់អាន​បារាំង​ក្នុង​ឋានៈ​ជា​ប្រទេស​ឯករាជ្យ​ដូច​គ្នា។

ក្រោយពី​ទទួល​បាន​ឯករាជ្យ កម្ពុជា​តែងតែ​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ឡើង​យ៉ាង​អធិកអធម​ជា​រៀង​រាល់​ឆ្នាំ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ និង​វត្តមាន​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា នាហ្មឺន​សព្វមុខ​មន្ត្រី ព្រមទាំង​មហាជន​យ៉ាង​ច្រើន​កុះករ ដើម្បី​ដាក់​កម្រងផ្កា​នៅ​វិមាន​ឯករាជ្យ​នា​ទីក្រុង​ភ្នំពេញ។

ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំ​នេះ​ក៏​មាន​ការ​រៀបចំ​ប្រារព្ធ​ធ្វើ​ដូច​ឆ្នាំ​មុនៗ​ដែរ ហើយ​ផ្លូវ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ អាច​នឹង​ត្រូវ​បិទ​ជា​បណ្ដោះអាសន្ន។ នេះ​បើ​យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​០៤ ខែ​វិច្ឆិកា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស