នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កិច្ចប្រជុំនៃថ្នាក់ដឹកនាំប្រទេសសេដ្ឋកិច្ចជឿនលឿន G-20 នឹងចាប់ផ្ដើមហើយ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅលើកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី នៅរវាងថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។
មេដឹកនាំ ២០ប្រទេសត្រូវបានប្រធានាធិបតីឥណ្ឌូនេស៊ី អញ្ជើញមកចូលរួមកិច្ចប្រជុំនេះ ដែលគេហៅថាកិច្ចប្រជុំកំពូលនៃមេដឹកនាំ G-20។ មេដឹកនាំភាគច្រើនសម្រេចថានឹងមកចូលរួមប្រជុំ ដែលក្នុងនោះអាចមានទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រធានាធិបតីបារាំង នាយករដ្ឋមន្ត្រីឥណ្ឌា នាយករដ្ឋមន្ត្រីជប៉ុន នាយករដ្ឋមន្ត្រីអង់គ្លេស និងអធិការបតីអាល្លឺម៉ង់ ក៏ត្រូវគេរំពឹងថានឹងមកចូលរួមផងដែរ។
ដោយឡែកប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន មកទល់ពេលនេះ លោកមិនបានឆ្លើយតបជាផ្លូវការតាមសំណើអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី នោះទេ។
បើតាមប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ គឺលោក ពូទីន អាចមិនមកចូលរួមនោះទេ។ លោក ចូកូ វីដូដូ បង្ហើបដូចនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Financial Times កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ក្រោយពេលលោកបានសន្ទនាជាមួយលោក ពូទីន កាលពីសប្ដាហ៍មុន ដែលបានធ្វើឱ្យរូបលោកមានអារម្មណ៍ដឹងច្បាស់ថា មេដឹកនាំរុស្ស៊ីរូបនេះនឹងមិនមកចូលរួមក្នុងកិច្ចប្រជុំកំពូល G-20 នៅលើកោះបាលីនោះទេ។
ជាមួយគ្នានេះ ឥណ្ឌូនេស៊ី ក៏បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ចូលរួមក្នុងកិច្ចប្រជុំកំពូល G-20 នេះដែរ ប៉ុន្តែលោក ហ្សេឡេនស្គី អះអាងថាលោកនឹងមិនបានមកចូលរួមដោយផ្ទាល់នោះទេ ប្រសិនបើមានវត្តមានលោក ពូទីន។
បើលោក ពូទីន មិនចូលរួមប្រជុំ G-20 តើមូលហេតុអ្វីខ្លះ ?
ចាប់តាំងពីរុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២២ ខែកុម្ភៈ មកនោះ គឺប្រទេសមហាអំណាចមួយនេះបានបាក់មុខយ៉ាងខ្លាំងនៅលើវេទិកាអន្តរជាតិស្ទើរគ្រប់វេទិកាទាំងអស់ ជាពិសេសគឺនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។
អ្នកនយោបាយរុស្ស៊ីដែលបាក់មុខជាងគេ គឺលោក ពូទីន នេះហើយដែលជាអ្នកបញ្ជាឲ្យកងទ័ពរុស្ស៊ីចូលលុកលុយប្រទេសអ៊ុយក្រែន ក្រោមប្រតិបត្តិការពិសេសដែលលោកអួតថា រុស្ស៊ីនឹងវាយយកប្រទេសអ៊ុយក្រែន មិនឲ្យលើសពីមួយសប្ដាហ៍នោះទេ។
ទីបំផុត សង្គ្រាមនេះមានរយៈពេលជិត ២៦០ថ្ងៃទៅហើយ ហើយកងទ័ពរុស្ស៊ី ថែមទាំងបានស្លាប់យ៉ាងរង្គាលនៅលើសមរភូមិថែមទៀត។ គិតមកទល់ពេលនេះ យ៉ាងហោចណាស់ទ័ពរបស់រុស្ស៊ីបានស្លាប់ជាង ៧ម៉ឺន ៧ពាន់នាក់ហើយ។ ចំណែកសព្វាវុធធ្ងន់ៗ រុស្ស៊ីបាត់បង់ដល់ទៅជិត ១ម៉ឺន ៤ពាន់គ្រឿងឯណោះ។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិអ៊ុយក្រែន។
អ្វីដែលធ្វើឲ្យលោក ពូទីន បាក់មុខទៀតនោះ គឺកងទ័ពរបស់លោកបាក់ទ័ព ហើយត្រូវបានកងទ័ពអ៊ុយក្រែនវាយរុញច្រានដណ្ដើមយកទឹកដីមកវិញបានភាគច្រើននៅភាគខាងត្បូង និងភាគខាងកើតប្រទេស ដែលលោក ពូទីន បញ្ជាឲ្យទ័ពរុស្ស៊ីយកឲ្យបានដើម្បីពុះច្រៀកទឹកដីទាំងនោះមកនៅក្នុងទឹកដីរបស់រុស្ស៊ី តែទៅមិនរួចនោះទេមកដល់ពេលនេះ។
កត្តាមួយទៀត គឺលោក ពូទីន ខ្លួនលោកផ្ទាល់ ត្រូវបានលោក បៃដិន និងមេដឹកនាំពួកបស្ចិមប្រទេសដទៃទៀតហៅថាជាឧក្រិដ្ឋជនសង្គ្រាម និងជាមេដឹកនាំប្រល័យពូជសាសន៍លើជាតិសាសន៍អ៊ុយក្រែន។ អ្វីដែលជាមូលហេតុទៀតនោះ គឺលោក ពូទីន ទំនងខ្មាសមេដឹកនាំបស្ចិមប្រទេសដោយសារតែធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន មិនបានសម្រេចដូចបំណង ហើយចាញ់ប្រៀបពួកបស្ចិមប្រទេសដែលជួយបញ្ជូនសព្វាវុធទៅឲ្យអ៊ុយក្រែន។
រហូតដល់ដំណាក់កាលចុងក្រោយនេះ រុស្ស៊ីស្នើសុំចរចាជាមួយអ៊ុយក្រែន និងសុំចរចាជាមួយពួកបស្ចិមប្រទេស ក៏ពួកបស្ចិមប្រទេសមិនទទួលយកការចរចានោះដែរ ប៉ុន្តែពួកបស្ចិមប្រទេសដាក់លក្ខខណ្ឌឱ្យរុស្ស៊ី ដកទ័ពទាំងស្រុងចេញពីទឹកដីអ៊ុយក្រែន ហើយទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនរបស់អ៊ុយក្រែន ដូចឆ្នាំ១៩៩១ ដែលក្នុងនោះតំបន់គ្រីមៀ គឺជាទឹកដីរបស់អ៊ុយក្រែន។
ចំណុចមួយទៀត គឺការបង្កសង្គ្រាមពីមហាអំណាចរុស្ស៊ីនេះហើយដែលនាំឲ្យពិភពលោកធ្លាក់ក្នុងវិបត្តិថាមពល និងស្បៀងអាហារ ហើយចុងក្រោយនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលជាសម្ពន្ធភាពនឹងលោក ពូទីន បានព្រមានលោក ពូទីន កុំប្រើប្រាស់អាវុធនុយក្លេអ៊ែរទោះសង្គ្រាមធ្ងន់ធ្ងរក៏ដោយ។
លោក ស៊ី ជីនពីង បានថ្លែងដូចនេះខណៈលោកបានជួបពិភាក្សាការងារជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រសប្ដាហ៍មកនេះ។
កត្តាទាំងអស់នេះក៏ជាផ្នែកមួយមិនបានលើកទឹកចិត្តឱ្យលោក ពូទីន ចង់ឬក៏មានឆន្ទៈមកចូលរួមប្រជុំជាមួយនឹងមេដឹកនាំនៃបណ្ដាប្រទេស G-20 នោះទេ។ កិច្ចប្រជុំនេះអាចមានត្រឹមតែរដ្ឋមន្ត្រីការបរទេសរបស់វិមានក្រឹមឡាំង តែប៉ុណ្ណោះ៕