34 C
Phnom Penh

ពលរដ្ឋ​រស់នៅ​ជាប់​បឹង​តាមោក​ដាក់​បណ្ដាសា​បុគ្គល​ដែល​មាន​បំណង​ប្លន់​ដី​របស់​ពួកគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ដែល​រស់នៅ​ជាប់​បឹង​តាមោក ក្នុង​រាជធានី​ភ្នំពេញ នាំគ្នា​ធ្វើ​ពិធី​ដាក់​បណ្ដាសា​ទៅ​លើ​បុគ្គល​ណា​ដែល​មាន​បំណង​ចង់​ប្លន់​ដី​របស់​ពួកគេ ខណៈ​ការ​ចាក់​លុប​ដី​បឹង​ដែល​ពួកគេ​អាស្រ័យ​ផល កំពុង​បន្ត​យ៉ាង​សកម្ម​ទាំង​ជម្លោះ​ដីធ្លី​នេះ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅឡើយ។

យោង​តាម​ហ្វេសប៊ុក​ឈ្មោះ Davy Sea បាន​សរសេរ​នៅ​ថ្ងៃ​ពុធ ទី​៩ វិច្ឆិកា នេះ​ថា សហគមន៍​សំរោងត្បូង នៅ​សង្កាត់​សំរោង ក្នុង​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ បាន​នាំគ្នា​ធ្វើ​ពិធី​ដាក់​បណ្ដាសា​ដល់​ពួក​ក្រុម​ណា​ដែល​មាន​បំណង​ចង់​ប្លន់​ដី​របស់​ពលរដ្ឋ ទោះ​ក្នុង​រូបភាព​ណា​ក៏ដោយ។

ពិធី​ដាក់​បណ្ដាសា​នោះ ពួកគេ​បាន​បន់ស្រន់​ដោយ​ឲ្យ​បុគ្គល​ដែល​ប្លន់​ដី​របស់​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ​ថា «បើ​ពួកគេ​ជិះ​ទូក​ឲ្យ​លិច​ទូក ហើយ​បើ​ជិះ​យន្តហោះ​ឲ្យ​ធ្លាក់​យន្តហោះ និង​ជិះ​ឡាន​ឲ្យ​ក្រឡាប់​ឡាន ព្រមទាំង​ឲ្យ​ស្លាប់​ដោយ​កុំ​ឲ្យ​សល់ ហើយ​បើ​នៅ​សល់​មួយ សុំ​ឲ្យ​ឆ្កួត​លីលា​ផង​ដែរ»

ក្រៅពី​ធ្វើ​ពិធី​ដាក់​បណ្ដាសា​ហើយ ពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញពី​លំនៅឋាន​នេះ ក៏​បាន​នាំគ្នា​បោះ​តង់​នៅ​លើ​ដី​ដែល​ពួកគេ​កំពុង​អាស្រ័យ​ផល​ផង​ដែរ ខណៈ​អាជ្ញាធរ និង​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​ពី​លោក ហ៊ុន សែន កំពុង​ធ្វើ​សកម្មភាព​ចាក់​ដី​លុប​បឹង​តាមោក។

ទាក់ទិន​រឿង​វិវាទ​ដីធ្លី​នៅ​បឹង​តាមោក នេះ កាលពី​ថ្ងៃទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ តំណាង​ពលរដ្ឋ​ប្រមាណ ៣០​នាក់ បាន​នាំគ្នា​ដាក់​ញត្តិ​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ឲ្យ​ស្ថានទូត​មួយ​នេះ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ជូន​ពួកគេ​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌។

ការ​ដាក់​ញត្តិ​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​អាមេរិក​នេះ ក្រោយពី​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​បឹង​តាមោក ត្រូវ​បាន​អាជ្ញាធរ​ធ្វើ​ទុក្ខបុកម្នេញ ក្នុង​នោះ​ពលរដ្ឋ​បាន​រង​ការ​ប្រើ​អំពើ​ហិង្សា ហើយ​តំណាង​ពលរដ្ឋ​ចំនួន ៧​នាក់​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ព្រមទាំង​មាន​ការ​គំរាមកំហែង​ឲ្យ​ពលរដ្ឋ​ដោះដូរ​ទៅ​ទីតាំង​ថ្មី​ទាំង​បង្ខំ ខណៈ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​បច្ចុប្បន្ន ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។

អភិបាល​រង​រាជធានី​ភ្នំពេញ លោក កើត ឆែ ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កន្លងមក​ថា អាជ្ញាធរ​មិន​អាច​ឱ្យ​ពលរដ្ឋ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​បាន​ឡើយ ដោយសារ​ពលរដ្ឋ​ទាំងនោះ​រស់​នៅ​លើ​ចំណី​ផ្លូវ​លេខ​១៥១ ដោយ​ខុស​ច្បាប់ ដែល​ផ្លូវ​នេះ រដ្ឋាភិបាល​គ្រោង​ពង្រីក​ឱ្យ​បាន ៥០​ម៉ែត្រ។ លោក​ថា ពលរដ្ឋ​ទាំងនេះ​ត្រូវតែ​ដោះដូរ​ទៅ​ទីតាំង​ថ្មី ស្ថិត​ក្នុង​សង្កាត់​សំរោង ដូច​គ្នា។

បឹង​តាមោក ឬ​បឹង​កប់ស្រូវ មាន​ផ្ទៃដី​សរុប ៣២៣៩​ហិកតារ ជា​អាង​ស្ដុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ។ បឹង​ធម្មជាតិ​មួយ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​កំណត់​យក​បឹង​ធម្មជាតិ​មួយ​នេះ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

ទោះជាយ៉ាងណា ចាប់ពី​ឆ្នាំ​២០១៨ ដល់​ចុង​ឆ្នាំ​២០២២ ផ្ទៃ​បឹង​តាមោក​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន កាត់​អស់​ជាង ២​ពាន់​ហិកតារ​ហើយ។ ផ្ទៃដី​បឹង​តាមោក​ជាង ២​ពាន់​ហិកតារ​ដែល​លោក ហ៊ុន សែន បាន​កាត់​នោះ ក៏​មាន​ការ​ប្រគល់​ទៅ​ឲ្យ​កូនស្រី​របស់​លោក គឺ​អ្នកស្រី ហ៊ុន ម៉ាណា ប្អូនស្រី​របស់​លោក កូន​របស់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី តារា​ចម្រៀង ឧកញ៉ា ឈ្មួញ​មាន​លុយ និង​មន្ត្រី​មាន​អំណាច​ជាច្រើន​រូប​ទៀត​ធ្វើ​ជា​កម្មសិទ្ធិ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស