ក្រុម​កូដករ​នៃ​បុគ្គលិក​ក្រុមហ៊ុន​បនល្បែង​ណាហ្គា​វើលដ៍ (NAGA World) នាំគ្នា​ប្រមូលផ្ដុំ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​គោល​បំណង​ធ្វើ​ជា​សាក្សី​ឱ្យ​បុគ្គលិក​ណាហ្គា​វើលដ៍ ពីរ​នាក់​ដែល​ចូល​បំភ្លឺ នៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ (រូបថត៖ អាដហុក)

ព័ត៌មានជាតិ

ក្រុម​កូដករ​ណាហ្គា​ប្រមូលផ្ដុំ​មុខ​តុលាការ​ដើម្បី​ធ្វើ​ជា​សាក្សី​ឱ្យ​កូដករ​ពីរ​នាក់​ដែល​ចូល​បំភ្លឺ

By ឌឹ ខេមបូឌា ដេលី

November 15, 2022

ក្រុម​កូដករ​ណាហ្គា​វើលដ៍ (NAGA World) នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ចន្ទ ដើម្បី​ជួយ​ធ្វើ​ជា​សាក្សី​ដល់​កូដករ​ពីរ​នាក់​ដែល​ចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ ក្រោយពី​ថៅកែ​ណាហ្គា​វើលដ៍​បាន​ប្តឹង​ពួកគេ​ពី​បទ «រំលោភ​លើ​លំនៅឋាន ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុស​ច្បាប់» អំឡុង​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​ខាងមុខ​ក្រុមហ៊ុន។

កូដករ​ពីរ​នាក់​ដែល​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ចន្ទ​នេះ​រួម​មាន កញ្ញា សុខ ថាវុធ ចូល​បំភ្លឺ​នៅ​ម៉ោង ៩​កន្លះ​ព្រឹក និង​អ្នកស្រី នេត ចរិយា ចូល​បំភ្លឺ​នៅ​ម៉ោង ២​កន្លះ​រសៀល ក្រោម​បទ​ចោទ «រំលោភ​លើ​លំនៅឋាន ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ការ​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុស​ច្បាប់» ដែល​ប្ដឹង​ដោយ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។

ក្រុម​កូដករ​នៃ​បុគ្គលិក​ក្រុមហ៊ុន​បនល្បែង​ណាហ្គា​វើលដ៍ (NAGA World) នាំគ្នា​ប្រមូលផ្ដុំ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​គោល​បំណង​ធ្វើ​ជា​សាក្សី​ឱ្យ​បុគ្គលិក​ណាហ្គា​វើលដ៍ ពីរ​នាក់​ដែល​ចូល​បំភ្លឺ នៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ (រូបថត៖ អាដហុក)

អ្នកស្រី ម៉ម សុវឌ្ឍិន ជា​កូដករ​ណាហ្គា​វើលដ៍​ម្នាក់​ក្នុង​ចំណោម​កូដករ​ផ្សេង​ទៀត​ដែល​ទៅ​ប្រមូលផ្ដុំ​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ អះអាង​ថា ពួកគាត់​មក​នេះ​ដើម្បី​ធ្វើ​ជា​សាក្សី និង​ជួយ​លើក​ទឹកចិត្ត ក៏ដូចជា​គាំទ្រ​ដល់​កូដករ​ដែល​ចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ។ អ្នកស្រី​បន្ត​ថា ពួកគេ​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​រំលោភ​សិទ្ធិ និង​បញ្ឈប់​ការងារ ហើយ​បែរ​ជា​ថៅកែ​មក​ប្ដឹង​ពួកគាត់​បន្ថែម​ទៀត។ ករណី​នេះ អ្នកស្រី​ចាត់ទុក​ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគាត់។

កូដករ​ដែល​បាន​ចូល​បំភ្លឺ​នៅ​ថ្ងៃ​នេះ គឺ​កញ្ញា សុខ ថាវុធ ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សួរ​កញ្ញា​ដោយ​បង្ហាញ​រូបភាព​អំឡុង​ពេល​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ខាងមុខ​ក្រុមហ៊ុន​ណាហ្គា​១។ កញ្ញា​បន្ត​ថា ពួកគាត់​មិន​បាន «រំលោភ​លំនៅឋាន ហើយ​បទ​បង្ខាំង និង​ឃុំឃាំង​មនុស្ស​ដោយ​ខុស​ច្បាប់ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស» ដូច​ការ​ចោទប្រកាន់​របស់​ក្រុមហ៊ុន​ឡើយ។

មួយ​វិញ​ទៀត កញ្ញា​ថា​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជា​បនល្បែង និង​ជា​កន្លែង​រកស៊ី​ដែល​មិនមែន​ជា​លំនៅឋាន​នោះ​ទេ ហើយ​ការ​ចោទ​ថា​ការ​ធ្វើ​កូដកម្ម​របស់​ពួកគាត់​កន្លងមក​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​នោះ គឺ​ផ្ទុយ​ពី​ការពិត ដោយសារ​ការ​ធ្វើ​កូដកម្ម​របស់​ពួកគាត់​ដោយ​សន្តិវិធី ហើយ​ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ។

ក្រុម​កូដករ​នៃ​បុគ្គលិក​ក្រុមហ៊ុន​បនល្បែង​ណាហ្គា​វើលដ៍ (NAGA World) នាំគ្នា​ប្រមូលផ្ដុំ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​គោល​បំណង​ធ្វើ​ជា​សាក្សី​ឱ្យ​បុគ្គលិក​ណាហ្គា​វើលដ៍ ពីរ​នាក់​ដែល​ចូល​បំភ្លឺ នៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ (រូបថត៖ អាដហុក)

កញ្ញា សុខ ថាវុធ បង្ហាញ​ការ​ខកចិត្ត​ដែល​ក្រុមហ៊ុន​យក​ប្រព័ន្ធ​តុលាការ​មក​ធ្វើ​ទុក្ខបុកម្នេញ​ពួកគេ ប៉ុន្តែ​កញ្ញា​ថា​ពួកគេ​នឹង​មិន​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​ឡើយ ទោះបី​ក្រុមហ៊ុន​ប្ដឹង​ក្ដី ដោយសារ​ការ​ធ្វើ​កូដកម្ម​របស់​ពួកគេ គឺ​ដោយ​សន្តិវិធី ធានា​ដោយ​ច្បាប់។

គិត​ចាប់តាំងពី​ចេញ​ធ្វើ​កូដកម្ម​ជាង ១០​ខែ​មក​នេះ កូដករ​ណាហ្គា​វើលដ៍​ជិត ១០​នាក់​ហើយ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​តាម​បណ្តឹង​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។

កូដករ​ដែល​ត្រូវ​ក្រុមហ៊ុន​ប្ដឹង​អំឡុង​ពេល​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​ខាងមុខ​ក្រុមហ៊ុន ក្នុង​នោះ​មាន​ឈ្មោះ សៀក បញ្ញា ជួប សោភ័ណ្ឌ សុខ ថាវុធ នេត ចរិយា ឆាន បូរ៉ា សាំង សុផល និង ម៉ម សុវឌ្ឍិន ជាដើម។

មិនមែន​តែ​កូដករ​ដែល​កំពុង​រង​បណ្ដឹង​នៅ​តុលាការ​ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ​នេះ​ទេ ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ចំនួន ១១​នាក់​ដែល​ជា​តំណាង​របស់​ក្រុម​កូដករ​ណាហ្គា​វើល​ដ៍ ក៏​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ជិត ៣​ខែ​ដែរ ក្រោម​ការ​ចោទ​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» និង​បទ «រារាំង​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ-១៩»។

ក្រោយ​មក ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ជាង ១០​នាក់ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ខណៈ​កូដករ​នៅតែ​បន្ត​ចេញ​ធ្វើ​កូដកម្ម​ទាមទារ​ដោះស្រាយ​វិវាទ​ការងារ​ដែល​បាន​អូស​បន្លាយ​ជាង ១​ឆ្នាំ ព្រមទាំង​ទទួល​យក​សហជីព និង​ទម្លាក់​ចោល​បទ​ប្រកាន់​ទាំងអស់​ផង​ដែរ៕