អំឡុងកិច្ចប្រជុំនៃមេដឹកនាំអាស៊ាន ៩ប្រទេសដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីចុងសប្ដាហ៍មុននេះ ត្រូវបានបណ្ដាញផ្សាយព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយយ៉ាងព្រោងព្រាតអំពីការប៉ះទង្គិចគ្នារវាងមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយសារវិបត្តិនៅភូមា។
សំណុំរឿងនៃរបបសឹកភូមា ជាបញ្ហាដ៏ក្ដៅគគុកជាងសំណុំរឿងនៃសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនទៅទៀត។ មេដឹកនាំអាស៊ានខ្វែងគំនិតគ្នារហូតដល់ត្រូវគេរាយការណ៍មកថា មិនចុះសម្រុងគ្នាទៀតផងលើបញ្ហាភូមា។
អាស៊ានមាន ១០ប្រទេសនាពេលបច្ចុប្បន្ននេះ រាប់ទាំងប្រទេសភូមា មួយដែរ។ អង្គការសមាគមតំបន់មួយនេះមានចក្ខុវិស័យដោយផ្អែកទៅលើធម្មនុញ្ញរបស់ខ្លួន គឺជួយគ្នាទៅវិញទៅមកដើម្បីរក្សាសន្តិភាពតំបន់ និងស្ថិរភាពសំដៅពង្រឹងកម្លាំងសក្ដានុពលសេដ្ឋកិច្ច និងធនធានមនុស្ស ប៉ុន្តែក៏មានមាត្រាខ្លះបិទសិទ្ធិមិនឱ្យសមាគមនេះចូលពាក់ព័ន្ធបញ្ហាផ្ទៃក្នុងរបស់ប្រទេសសមាជិករបស់ខ្លួននោះដែរ។

យ៉ាងណាក៏ដោយ ករណីភូមា ដែលមាត្រានៃធម្មនុញ្ញអាស៊ានចែងហាមប៉ះពាល់បញ្ហាផ្ទៃក្នុងនោះ គឺអស់ន័យទៅហើយនៅពេលនេះ ព្រោះមេដឹកនាំអាស៊ានដែលប្រកាន់គោលការណ៍នីតិរដ្ឋប្រជាធិបតេយ្យត្រឹមត្រូវនោះ គេបានហៅមាត្រានេះថាគ្រាន់តែជាឧបករណ៍របស់មេដឹកនាំផ្ដាច់ការក្នុងតំបន់តែប៉ុណ្ណោះ។
ឆ្លងតាមរយៈនៃការប្រជុំនៃមេដឹកនាំអាស៊ាន ៩ប្រទេស គេរកឃើញមេដឹកនាំនៃប្រទេសចំនួនបីដែលបញ្ចេញទស្សនៈ និងជំហររបស់ខ្លួនមាននិន្នាការគាំទ្ររបបសឹកភូមា ដោយជំទាស់មិនព្រមឱ្យមានវិធានការក្ដៅចំពោះរបបប្លន់អំណាចពីប្រជាជននោះទេ ដែលគេថាមេដឹកនាំបីប្រទេសនោះបានស្នើថា ត្រូវមានវិធានការទន់ភ្លន់ទៅលើរបបសឹក ដើម្បីកុំឱ្យមានការផ្ដាច់ទំនាក់ទំនង។
ជំហរមេដឹកនាំនៃប្រទេសទាំងបីនេះ ត្រូវគេថាផ្ដើមចេញពីនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ដែលនរណាក៏ដឹងដែរថាជាគ្រូប្រៀនប្រដៅរបស់មេរដ្ឋប្រហារភូមា គឺឧត្តមសេនីយ៍ មីន អ៊ុងឡាំង ព្រោះមុនរដ្ឋប្រហារកើតឡើង គឺលោក មីន អ៊ុងឡាំង បានទៅជួបអតីតមេរដ្ឋប្រហារថៃរូបនេះ ហើយមិនតែប៉ុណ្ណោះ ត្រូវបានអ្នកសង្កេតការណ៍មួយចំនួនសង្ស័យថា លោក ប្រាយុទ្ធ ជាអ្នកផ្ដើមគំនិតរុញឱ្យលោក មីន អ៊ុងឡាំង តោងយកអំណាចលើកខ្លួនឯងជានាយករដ្ឋមន្ត្រីក្រោយពីរដ្ឋប្រហារទៀតផង។

នៅក្នុងវេទិកានៃមេដឹកនាំអាស៊ាន គឺមេដឹកនាំប្រទេសបីនោះថ្លែងថា ទ្វារត្រូវតែបើកចំហសម្រាប់ភូមា គឺមិនត្រូវបិទទាំងស្រុងនោះទេ បើបិទទាំងស្រុង គឺស្មើនឹងបិទចន្លោះក្នុងការធ្វើទំនាក់ទំនងនឹងគ្នា ហើយការណ៍នេះ ត្រូវបានគាំទ្រដោយមេដឹកនាំកម្ពុជា និងមេដឹកនាំឡាវ។
លោក ហ៊ុន សែន បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា តើអ្នកដែលចង់ចាត់វិធានការក្ដៅទៅលើប្រទេសភូមា នោះ អាចដោះស្រាយម្ដេចកើត បើផ្ដាច់ទំនាក់ទំនងនឹងភូមា ទៅហើយនោះ? ដូច្នេះ លោកថា កម្ពុជាចង់រក្សាទុកទំនាក់ទំនងបន្តិចៗម្ដង ព្រោះការធ្វើសង្គ្រាម គឺក្រុមប្រឆាំងមិនអាចផ្ដួលរំលំពួកយោធាបានទេ។ តែយ៉ាងណា នៅឆ្នាំក្រោយនេះ ប្រធានអាស៊ានមិនមែនជាកម្ពុជាទៀតនោះទេ។
ប្រធានាធិបតីឥណ្ឌូនេស៊ី គឺលោក ចូកូ វីដូដូ បានទទួលឋានៈសិទ្ធិជាប្រធានអាស៊ានពីការផ្ទេរសិទ្ធិពីលោក ហ៊ុន សែន។

បើយោងតាមសារព័ត៌មាន Aljazeera លោក ចូកូ វីដូដូ បានសម្ដែងការខកចិត្តជាខ្លាំងដោយលោកបានហៅរយៈពេលមួយឆ្នាំមកនេះ ថាស្ថានភាពអាក្រក់នៅភូមា គឺកាន់តែអាក្រក់ឡើងៗ។ លោកបន្តថា អ្វីដែលពួកយោធាភូមាទទួលយកគោលការណ៍កុងសង់ស៊ីស ៥ចំណុចរបស់អាស៊ានកាលពីខែមេសា ឆ្នាំ២០២១ ទៅអនុវត្ត គឺគ្មានរីកចម្រើនអ្វីទាល់តែសោះ។
មេដឹកនាំឥណ្ឌូនេស៊ីរូបនេះបានប្រាប់ទៅមេដឹកនាំអាស៊ានដទៃទៀតថា រឿងភូមានេះមិនត្រូវប្រើធម៌ត្រជាក់ដាច់ខាត គឺត្រូវរកមធ្យោបាយរុញឱ្យរបបសឹកនេះទទួលកំហុសរបស់ខ្លួន។ ជំហររបស់លោក ចូកូ វីដូដូ យ៉ាងហោចណាស់ក៏ទទួលបានការគាំទ្រភ្លាមៗពីមេដឹកនាំសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងប្រ៊ុយណេ នៅខណៈដែលមេដឹកនាំវៀតណាម មិនមាត់មិនក។ លោក ចូកូ វីដូដូ បានបង្ហើបថា វិធានការក្ដៅ គឺទី១ បិទសិទ្ធិសមាជិកភាពរបស់ភូមា ហើយរកវិធានការដាក់សង្កត់ទៅលើរបបនេះឱ្យមានប្រសិទ្ធភាព។
ចំណែកឯប្រធានាធិបតីហ្វីលីពីន ហ្វឺដូណង់ ម៉ាកូស បានថ្លែងគាំទ្រជំហររបស់លោក ចូកូ វីដូដូ។ លោកបានប្រាប់មេដឹកនាំអាស៊ានថា ពាក្យថាដំណោះស្រាយមិនមែនចេះតែបណ្ដោយឱ្យរត់តាមពេលវេលានោះទេ គឺត្រូវដាក់ឱសានវាទទៅលើរបបសឹកមួយនេះ ហើយបើធ្វើមិនបានទេ ត្រូវមានវិធានការធ្ងន់ធ្ងរថែមទៀត។
មេដឹកនាំហ្វីលីពីនរូបនេះអះអាងថា ពេលវេលានេះសមល្មមដែលត្រូវរួមគ្នាចាត់វិធានការលើពួកយោធាភូមាហើយ។
មេដឹកនាំហ្វីលីពីនថ្លែងថា ការប្រើវិធានការទន់ថ្នាក់ថ្នមរបបសឹក គឺវាមិនត្រូវនឹងស្ថានការណ៍ជាក់ស្ដែងនៅក្នុងប្រទេសភូមានោះទេ ព្រោះរបបសឹកនេះនាំឲ្យមានហិង្សាលើប្រជាជនខ្លួនឯង ហើយវាធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសន្តិសុខស្ថិរភាពតំបន់ទៀតផង។

សំណុំរឿងរបស់ភូមា ត្រូវបានប្រទេសចំនួនបី គឺសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ធ្លាប់បានលើកសំណើរុញទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យមានដំណោះស្រាយជាក់ស្ដែងទៅលើរបបសឹក ប៉ុន្តែអាស៊ានទាំងមូលរកមតិឯកច្ឆន្ទជាមួយគ្នាមិនបានក្នុងការរុញរឿងនេះទៅកាន់អង្គការសហប្រជាជាតិ សូម្បីតែកម្ពុជាជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ មិនដែលនឹកឃើញយកភូមា ទៅស្ថាប័នពិភពលោកនោះទេ ហើយសូម្បីតែនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មិនបានលើកយកសំណុំរឿងភូមាថ្លែងចំៗនៅឯមហាសន្និបាតរបស់ស្ថាប័ននេះផងដែរ។
យោងតាមជំហររបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលឆ្នាំ២០២៣ ខាងមុខនេះ ក្រុងចាកាតា ជាប្រធានប្ដូរវេនរបស់អាស៊ានត្រូវបានអ្នកសង្កេតការណ៍រំពឹងថា ឥណ្ឌូនេស៊ី នឹងរៀបចំសំណុំរឿងភូមា នេះជាមួយនឹងការគាំទ្រពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ប្រ៊ុយណេ គឺនឹងយកបណ្តឹងរបស់ពួកគេទៅដាក់នៅឯក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ បើទោះជាដឹងថា ចិន និងរុស្ស៊ី បោះឆ្នោតប្រឆាំងទៅនឹងវិធានការក្ដៅលើរបបសឹកក៏ដោយ ព្រោះចិន និងរុស្ស៊ី នៅតែជាប្រទេសដ៏ធំគាំទ្ររបបរដ្ឋប្រហារនេះនៅឡើយនោះ។
ដូច្នេះ គេអាចសន្និដ្ឋានថា ប្រទេសបីនៅក្នុងសមាគមអាស៊ីអាគ្នេយ៍នេះដែលមានលោក ប្រាយុទ្ធ ចាន់អូចា អតីតមេរដ្ឋប្រហារនៅថៃ និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន អតីតមេរដ្ឋប្រហារឆ្នាំ១៩៩៧ នោះ គឺមេដឹកនាំទាំងពីរនេះឡើងកាន់អំណាចមកទល់ពេលនេះដោយសារប្រើល្បិចទុច្ចរិតច្បាមយកអំណាច ដែលរឿងនេះពួកគេមិនចង់ឱ្យសមាគមនេះមានការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋត្រឹមត្រូវនោះទេ។
ចំណែកនាយករដ្ឋមន្ត្រីនៃប្រទេសកុម្មុយនីស្តឡាវ ក៏ជាមេដឹកនាំមិនខ្វល់នឹងការឈឺចាប់របស់ប្រជាជនភូមានោះដែរ។ មេដឹកនាំបីប្រទេសនេះ ក៏ត្រូវគេចោទថាស្ថិតនៅក្រោមឥទ្ធិពលរបស់ចិនរួចទៅហើយ។ ដូចនេះ គ្មានអ្វីឆ្ងល់ទេដែលមេដឹកនាំប្រទេសបីនេះ រារាំងមិនឲ្យមានវិធានការក្ដៅទៅលើរបបសឹកនៅភូមានោះ៕