រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងជារដ្ឋមន្ត្រីការពារជាតិអាស៊ាន លោក ទៀ បាញ់ នឹងធ្វើពិធីផ្ទេរតំណែងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ទៅឱ្យរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ប្រាបូវ ស៊ូប៊ីយ៉ានតូ ដែលនឹងធ្វើជាប្រធានប្តូរវេនសម្រាប់ឆ្នាំ២០២៣ នៅចុងខែវិច្ឆិកា។
ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ខ្លួននឹងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ស្ថិតនៅក្នុងខេត្តសៀមរាប ហើយចុងបញ្ចប់នៃកិច្ចប្រជុំនេះ លោក ទៀ បាញ់ នឹងធ្វើពិធីផ្ទេរតំណែងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឱ្យទៅរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ប្រាបូវ ស៊ូប៊ីយ៉ានតូ ផងដែរ។
ប្រភពដដែលលើកឡើងថា កិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងផ្ដោតជាសំខាន់លើការផ្លាស់ប្ដូរទស្សនៈស្ដីពី «ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយភាពសុខដុម»។
បន្ទាប់ពីកិច្ចប្រជុំចង្អៀតនេះ ក៏នឹងមានកិច្ចប្រជុំក្រៅផ្លូវការជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា ដែលនឹងត្រូវបានរៀបចំជាបន្តបន្ទាប់គ្នាថែមទៀត។
ការប្រគល់ភារកិច្ចនេះ ធ្វើឡើងបន្ទាប់ពីប្រធានអាស៊ាន លោក ហ៊ុន សែន ទើបតែប្រគល់ញញួរអាស៊ានឱ្យទៅប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅនេះ។
កាលពីចុងខែមិថុនា ឆ្នាំ២០២២ រដ្ឋមន្ត្រីការពារជាតិអាស៊ាន លោក ទៀ បាញ់ បានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានម្តងរួចមកហើយ ហើយក្នុងកិច្ចប្រជុំនោះ តំណាងរបបសឹកភូមា ក៏បានចូលរួមដោយផ្ទាល់ផងដែរ ដែលមានគណៈប្រតិភូចំនួន ៨នាក់ ដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិនៃរបបសឹកភូមា លោក យ៉ា ទុន អូ (Mya Tun Oo)។
ទាក់ទិននឹងបញ្ហានេះ លោក ទៀ បាញ់ ធ្លាប់បានលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន គឺមានប្រទេសជាសមាជិក ១០ប្រទេស ក្នុងនោះក៏មានប្រទេសភូមា ជាសមាជិកដែរ ដូច្នេះកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ គឺបំពេញតួនាទីដោយគ្មានការរើសអើងចំពោះបុគ្គលណាមួយ ឬប្រទេសជាសមាជិកណាឡើយ ជាពិសេសត្រូវធានារក្សាឲ្យបានម៉ឺងម៉ាត់បំផុត ស្របតាមទស្សនទានរបស់អាស៊ាន គឺសាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយសុខដុម។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ វិច្ឆិកា នេះថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅពេលនេះគ្មានន័យអ្វីទាំងអស់ ព្រោះលោក ទៀ បាញ់ បានធ្វើឲ្យខូចគោលជំហរអាស៊ានរួចទៅហើយក្នុងកិច្ចប្រជុំដែលគាត់បានដឹកនាំកាលពីចុងខែមិថុនា កន្លងទៅ ដែលអនុញ្ញាតឱ្យតំណាងរបបសឹកភូមាចូលរួមកិច្ចប្រជុំនៅពេលនោះ ស្របពេលដែលកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង ៥ចំណុចរបស់អាស៊ានដែលដាក់ចេញមក របបសឹកភូមាមិនបានអនុវត្តសូម្បីតែមួយចំណុចផងនោះ។
លោក ម៉ែន ណាត បញ្ជាក់ថា ជុំវិញកិច្ចការអាស៊ានដែលកម្ពុជាបានដឹកនាំនៅអាណត្តិទី៣ ក្នុងឆ្នាំ២០២២ នេះ គឺកម្ពុជាបានធ្វើឱ្យខូចគោលជំហររបស់អាស៊ានគ្រប់ផ្នែកទាំងអស់ ជាពិសេសគឺលោក ហ៊ុន សែន ដែលបានចាប់ផ្តើមចូលទៅដោះស្រាយវិបត្តិនៅភូមា ដោយទម្លាក់ចោលគោលការណ៍កុងសង់ស៊ីសទាំង ៥ចំណុចដែលអាស៊ានបានសម្រេចកាលពីចុងឆ្នាំ២០២១ កន្លងទៅនោះ ដែលវាជាមូលហេតុដំបូងដែលធ្វើឱ្យកិច្ចការអាស៊ានក្នុងការដោះស្រាយវិបត្តិនៅភូមា ត្រូវជាប់គាំងរហូតដល់ពេលនេះ៕