30 C
Phnom Penh

អ្នក​តស៊ូ​មតិ​អះអាង​ថា​លោក ហ៊ុន សែន បរាជ័យ​ក្នុង​ការ​រក​ប្រយោជន៍​សម្រាប់​អាស៊ាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តស៊ូ​មតិ​ក្រៅ​ស្រុក​អះអាង​ថា លោក ហ៊ុន សែន ជោគជ័យ​លើ​កិច្ចប្រជុំ​អាស៊ាន​ផ្នែក​ពិធីការ ប៉ុន្តែ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​រក​ផលប្រយោជន៍​សម្រាប់​អាស៊ាន ដែល​ធ្វើ​ឲ្យ​ខូច​នយោបាយ​ការទូត​របស់​អាស៊ាន ដែល​នឹង​អនុវត្ត​ចំពោះ​របប​សឹក​ភូមា។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៤ វិច្ឆិកា ថា រយៈពេល​ជិត​មួយ​ឆ្នាំ​ដែល​លោក ហ៊ុន សែន ដឹកនាំ​អាស៊ាន គឺ​ទទួល​នូវ​ការ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​រក​ផលប្រយោជន៍​សម្រាប់​អាស៊ាន ព្រោះ​ថា​ក្រោយ​បរាជ័យ​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​មេដឹកនាំ​របប​សឹក​ភូមា លោក ហ៊ុន សែន ស្ងាត់​មាត់​លែង​ហ៊ាន​អួត​ពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​គាត់ ដោយ​លួច​ងាក​ទៅ​រក​គោលការណ៍ ៥​ចំណុច​របស់​អាស៊ាន​វិញ ប៉ុន្តែ​ទម្រាំ​គាត់​ភ្ញាក់​ខ្លួន ប្រហែលជា​នយោបាយ​ការទូត​របស់​អាស៊ាន​ដែល​នឹង​អនុវត្ត​ចំពោះ​របប​សឹក​ភូមា បាន​ខូច​អស់​ទៅ​ហើយ។

លោក​បន្ត​ថា នយោបាយ​ការទូត​របស់​អាស៊ាន​ដែល​ខូច​នេះ គឺ​ដោយសារតែ​លោក ហ៊ុន សែន ព្យាយាម​ប្រើប្រាស់​តួនាទី​ជា​ប្រធាន​អាស៊ាន​ទាញ​ឲ្យ​សមាជិក​អាស៊ាន ៨​ប្រទេស​ផ្សេង​ទៀត​ទទួលស្គាល់​ក្រុម​រដ្ឋប្រហារ​ភូមា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់ តាម​វិធី​បញ្ចុះបញ្ចូល​ឲ្យ​រដ្ឋ​សមាជិក​ទាំងអស់​យល់ព្រម​ហៅ​តំណាង​របប​រដ្ឋប្រហារ​ភូមា ឱ្យ​ចូលរួម​ប្រជុំ​នា​ពេល​កន្លងមក ប៉ុន្តែ​ផែនការ​ដ៏​អាក្រក់​នេះ​ត្រូវ​សមាជិក​ទាំងអស់​បដិសេធ​ចោល​គ្រប់ៗ​គ្នា។

លោក គឹម សុខ លើកឡើង​ថា ដោយសារតែ​វិបត្តិ​រដ្ឋប្រហារ​នៅ​ប្រទេស​ភូមា និង​វិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ដែល​លោក ហ៊ុន សែន ដឹកនាំ​បញ្ច្រាស​ទិស​តែ​ម្នាក់​ឯង​កន្លងមក ស្ទើរតែ​នឹង​ធ្វើ​ឲ្យ​អាស៊ាន​បែកបាក់​សាមគ្គី​ទៅ​ហើយ។ ដូច្នេះ ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​នេះ នឹង​ទទួល​ថ្ម​បាក់​ពី​លោក ហ៊ុន សែន យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​ជួសជុល​លើ​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​សមាជិក​អាស៊ាន ចំពោះ​បញ្ហា​ធំៗ​ដែល​លោក ហ៊ុន សែន បាន​បន្សល់​ទុក​ឱ្យ​នោះ។

លោក​បន្ត​ថា ក្រៅពី​បញ្ហា​ដែល​លោក ហ៊ុន សែន បង្ក​ឱ្យ​អាស៊ាន មេដឹកនាំ​ខ្មែរ​រូប​នេះ​ក៏​បាន​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​គួរ​ឱ្យ​ព្រួយបារម្ភ​ថែម​ទៀត រហូត​ធ្វើ​ឱ្យ​ដៃគូ​សហការ​នានា ដូចជា​អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​ប្រទេស​ជប៉ុន ជាដើម នាំគ្នា​ដាស់តឿន​ឲ្យ​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​ការ​ធ្វើ​ឱ្យ​ជាក់ច្បាស់​អំពី​វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​សមុទ្រ​រាម ជាដើម ឲ្យ​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​កម្ពុជា ធម្មនុញ្ញ​អាស៊ាន និង​ឲ្យ​ស្រប​តាម​គោលការណ៍​សាមគ្គីភាព​អាស៊ាន​ផង​ដែរ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា លោក ហ៊ុន សែន ជា​ប្រធាន​អាស៊ាន​គួរ​ឱ្យ​អាម៉ាស់​ម្នាក់​ដែល​សហរដ្ឋ​អាមេរិក មិន​ស្វាគមន៍​ឲ្យ​ចូល​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ជាមួយ​ឡាវ និង​ភូមា ដែល​សុទ្ធសឹងតែ​ជា​ប្រទេស​ដែល​មាន​កម្រិត​ទាប​ក្នុង​ការ​គោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស និង​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ស្រប​ពេល​រដ្ឋ​សមាជិក​អាស៊ាន ៧ ផ្សេង​ទៀត ត្រូវ​សហរដ្ឋ​អាមេរិក​ផ្ដល់​កិត្តិយស​ឲ្យ​ចូល​ជា​សមាជិក​ដើម្បី​ទទួល​បាន​ប្រយោជន៍​សម្រាប់​ជាតិ​របស់​ពួកគេ។

កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ បាន​ដឹកនាំ​កិច្ចប្រជុំ​រយៈពេល ៤​ថ្ងៃ ដែល​ទើប​នឹង​បញ្ចប់​កាលពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា កន្លងទៅ​នេះ ដែល​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​ប្រទេស​នានា រួម​ទាំង​មេដឹកនាំ​អាស៊ាន ៨ ផ្សេង​ទៀត​ផង​ដែរ ដែល​ធ្វើ​ឱ្យ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​របស់​លោក​សម្ដែង​នូវ​មោទកភាព​យ៉ាង​ក្រៃលែង ក្នុង​នោះ កម្ពុជា​ក៏​បាន​រៀបចំ​វត្ថុ​អនុស្សាវរីយ៍​ជា​នាឡិកា​ដៃ​អស់​ទឹកប្រាក់​ជាង ៥០​ម៉ឺន​ដុល្លារ​អាមេរិក​ផង​ដែរ ដើម្បី​ធ្វើ​ជា​កាដូ​ជូន​ដល់​មេដឹកនាំ​នានា​ដែល​បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​អះអាង​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​២០២២ នេះ ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កូនចៅ​ត​ជំនាន់​ទៅ​ថ្ងៃ​អនាគត។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ជោគជ័យ​ពិតប្រាកដ​របស់​កម្ពុជា មិនមែន​ដោយសារ​តែ​មាន​មេដឹកនាំ​ពិភពលោក​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នេះ​ទេ ប៉ុន្តែ​គឺជា​ការ​ធានា​ឯករាជ្យ​របស់​អាស៊ាន និង​ធ្វើ​ឱ្យ​អាស៊ាន​មាន​សាមគ្គីភាព រួម​ទាំង​មាន​សមត្ថភាព​ដោះស្រាយ​វិបត្តិ​នៅ​ភូមា នៅ​ពេលនេះ ខណៈ​មេដឹកនាំ​ដែល​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ គឺជា​កាតព្វកិច្ច​របស់​ពួកគេ​ប៉ុណ្ណោះ។ លើស​ពី​នេះ មេដឹកនាំ​ទាំងនោះ​ក៏​បាន​ដាស់តឿន​ឱ្យ​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​ថែម​ទៀត។ ដូច្នេះ ពួកគេ​មើល​មិន​ឃើញ​ថា កម្ពុជា​ទទួល​បាន​ជោគជ័យ​លើ​ការ​ដឹកនាំ​អាស៊ាន​របស់​ខ្លួន​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស