31 C
Phnom Penh

ក្រុម​សង្គម​ស៊ីវិល​ថា​រដ្ឋាភិបាល​កម្ពុជា​គ្មាន​ចេតនា​បើក​លំហ​សេរីភាព​សារព័ត៌មាន​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សង្គម​ស៊ីវិល​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​ចេតនា​បើក​លំហ​សេរីភាព​សារព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​តាម​ការ​ទទូច​របស់​សហគមន៍​អន្តរជាតិ និង​អង្គការ​សមាគម​ដែល​ធ្វើការ​លើក​កម្ពស់​វិស័យ​សារព័ត៌មាន​នោះ​ឡើយ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា ទង្វើ​របស់​រដ្ឋាភិបាល​ចំពោះ​អ្នក​សារព័ត៌មាន​បាន​បង្ហាញ​កាន់តែ​ច្បាស់​នូវ​ការ​រើសអើង​ចំពោះ​អ្នក​សារព័ត៌មាន ដែល​ផ្ទុយ​ពី​ខ្លឹមសារ​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ការ​ផ្តល់​សច្ចាប័ន​របស់​ខ្លួន​ក្នុង​ការ​ធានា​នូវ​ការ​អនុវត្ត​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឱ្យ​បាន​ល្អ​ប្រសើរ។

លោក ស៊ឹង សែនករុណា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចៀសវាង​នូវ​ទង្វើ​ទាំងឡាយ​ណា​ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ការ​រារាំង​នូវ​ការ​បើក​លំហ​សេរីភាព​សារព័ត៌មាន ក៏ដូចជា​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ដើម្បី​បញ្ឈប់​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​ដែល​តែង​លើកឡើង​ពី​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ពី​សំណាក់​រដ្ឋាភិបាល​នា​ពេល​កន្លងមក។

លោក​ថា ជាក់ស្តែង ការ​ហាមឃាត់​អ្នក​សារព័ត៌មាន​នៅ​ពេលនេះ គឺជា​តឹកតាង​មួយ​ដ៏​ច្បាស់​ដែល​បញ្ជាក់​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​រួម​តូច​ចង្អៀត មិន​អាច​អនុវត្ត​ទៅ​បាន​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នក​សារព័ត៌មាន​របស់ វីអូអេ (VOA) និង វីអូឌី (VOD) ត្រូវ​បាន​ហាមឃាត់​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ពេល​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដោយ​គ្មាន​ហេតុផល កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ។

កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ស្ថាប័ន​សារព័ត៌មាន​ចំនួន​៣ រួម​មាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន (CamboJA) និង​ក្លឹប​អ្នក​សារព័ត៌មាន​បរទេស​នៃ​កម្ពុជា (OPCC) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ បន្ទាប់ពី​អ្នក​សារព័ត៌មាន វីអូអេ និង វីអូឌី ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​លោក ហ៊ុន សែន ដោយ​គ្មាន​ហេតុផល បើ​ទោះបីជា​ពួកគេ​បាន​ចុះឈ្មោះ និង​ទទួល​ការ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន​ទៅ​ហើយ​ក្តី។

ស្ថាប័ន​សារព័ត៌មាន​ខាងលើ​ទាមទារ​ឱ្យ​ក្រសួង​ព័ត៌មាន បំភ្លឺ​មូលហេតុ​ដែល​អ្នក​សារព័ត៌មាន វីអូអេ និង វីអូឌី ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ចូល​ទៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ស្រប​ពេល​ដែល​អ្នក​សារព័ត៌មាន​រាប់​សិប​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ក្នុង​សន្និសីទ​នោះ។

កាលពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ បន្ទាប់ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន លោក ហ៊ុន សែន បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដើម្បី​ឆ្លើយ​សំណួរ​របស់​អ្នក​សារព័ត៌មាន​ជុំវិញ​កិច្ចប្រជុំ​កំពូល​នេះ ប៉ុន្តែ​អ្នក​សារព័ត៌មាន វីអូអេ និង វីអូឌី មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​សួរ​សំណួរ​ក្នុង​សន្និសីទ​នេះ​ឡើយ បើ​ទោះបីជា​ពួកគេ​មាន​ប័ណ្ណ​សារព័ត៌មាន​ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន និង​បាន​ចុះឈ្មោះ​រួចរាល់​ហើយ​ក៏ដោយ ប៉ុន្តែ​អ្នក​សារព័ត៌មាន​ដទៃ​ទៀត​អាច​ចូលរួម​ក្នុង​សន្និសីទ​នេះ​បាន​ដូច​ធម្មតា។

ជុំវិញ​បញ្ហា​នេះ របាយការណ៍​ឆ្នាំ​២០២១ របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បាន​បង្ហាញ​ថា បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ចុង​ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​ប្រើ​យុទ្ធនាការ​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ទាំងអស់ ក្នុង​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​បិទ​ស្ថានីយ​វិទ្យុ​ចំនួន ៣២​ស្ថានីយ បង្ខំ​ឱ្យ​បិទ​ទ្វារ​កាសែត ឌឹ ខេមបូឌា ដេលី និង​ការ​ផ្លាស់ប្ដូរ​ម្ចាស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជាដើម។ ដោយឡែក​នៅ​ឆ្នាំ​២០១៨ រដ្ឋាភិបាល​បាន​បិទ​គេហទំព័រ​ចំនួន ១៧​គេហទំព័រ​ថែម​ទៀត។

របាយការណ៍​ដដែល​អះអាង​ថា ជា​លទ្ធផល​នៃ​យុទ្ធនាការ​នេះ ពលរដ្ឋ​កម្ពុជា​អាច​ទទួល​បាន​ព័ត៌មាន​តែ​ពី​ស្ថាប័ន​ដែល​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។

ជាក់ស្តែង កូនស្រី​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ត្រូវ​គេ​រក​ឃើញ​ថា​ជា​ប្រធាន​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​មួយ​ដែល​កាន់កាប់​កាសែត ទស្សនាវដី្ត ស្ថានីយ​វិទ្យុ បណ្ដាញ​ទូរទស្សន៍ និង​គេហទំព័រ​អ៊ីនធឺណិត​នៅ​កម្ពុជា​ទាំងអស់ ដូចជា​សារព័ត៌មាន Fresh News ជាដើម ដែល​ជា​ស្ថាប័ន​ឃោសនា​ឱ្យ​រដ្ឋាភិបាល​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស