រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដើម្បី​ជម្រាប​ជូន​អង្គទូត​នៃ​បណ្តា​ប្រទេស​នានា​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២២។

នយោបាយ

បេសកជន​ពិសេស​ប្រធាន​អាស៊ាន​ចាត់ទុក​ការ​ដោះលែង​អ្នកទោស​ភូមា​ជាង​៦​ពាន់​នាក់​ជា​សញ្ញា​វិជ្ជមាន

By ឌឹ ខេមបូឌា ដេលី

November 21, 2022

បេសកជន​ពិសេស​របស់​ប្រធាន​អាស៊ាន​ទទួល​បន្ទុក​បញ្ហា​មីយ៉ាន់ម៉ា ដែល​ជិត​ផុត​អាណត្តិ លោក ប្រាក់ សុខុន ចាត់ទុក​ការ​ដោះលែង​អ្នកទោស​ភូមា ពី​របប​សឹក​នៅ​ពេលនេះ គឺជា​សញ្ញា​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ជា​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​ស្រប​តាម​ស្មារតី និង​បំណង​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន​នា​ពេល​កន្លងមក។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ថា ការ​ដោះលែង​អ្នកទោស​ជា​ទ្រង់ទ្រាយ​ធំ​របស់​របប​សឹក​ភូមា​នៅ​ពេលនេះ គឺជា​កាយវិការ​ដ៏​សំខាន់​មួយ​ក្នុង​ទិសដៅ​ដ៏​ត្រឹមត្រូវ ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ចាប់ផ្តើម​ដំណើរការ​សន្ទនា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​កំពុង​ប្រឈមមុខ​ដាក់​គ្នា​សព្វថ្ងៃ​នេះ។

លោក ប្រាក់ សុខុន លើកឡើង​ថា លោក​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ភូមា លើក​ទី​៣ នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ​ម្តង​ទៀត ក្នុង​បំណង​បន្ត​កិច្ចប្រឹងប្រែង​ក្នុង​នាម​ប្រធាន​អាស៊ាន​ដែល​កម្ពុជា​បាន​ធ្វើ​តាំង​ពី​ដើម​អាណត្តិ​របស់​ខ្លួន ដើម្បី​ជួយ​ឱ្យ​វិបត្តិ​នៅ​ភូមា វិល​ទៅ​រក​ប្រក្រតីភាព​វិញ និង​ស្ថិត​លើ​គន្លង​ប្រជាធិបតេយ្យ​នោះ។ លោក​សង្ឃឹម​ថា​នឹង​អាច​បញ្ចប់​នូវ​អំពើ​ហិង្សា អាច​ផ្តល់​ជំនួយ​មនុស្សធម៌ និង​អាច​កសាង​ជំនឿ​ទុកចិត្ត​ពី​គ្រប់​ភាគី​សម្រាប់​កិច្ច​សន្ទនា​រក​សន្តិភាព​ជុំវិញ​វិបត្តិ​របស់​ភូមា​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា របប​សឹក​ភូមា​បាន​សម្រេច​ដោះលែង​អ្នកទោស​ជាង ៦​ពាន់​នាក់ ក្នុង​នោះ​រួម​មាន​អតីត​អគ្គរដ្ឋទូត​អង់គ្លេស អ្នកកាសែត​ជប៉ុន និង​ទីប្រឹក្សា​ជនជាតិ​អូស្ត្រាលី​របស់​អតីត​រដ្ឋាភិបាល អ្នកស្រី អ៊ុងសាន ស៊ូជី ដើម្បី​អបអរ​សាទរ​បុណ្យ​ជាតិ​របស់​ខ្លួន។

យ៉ាងណាក៏ដោយ ការ​ដោះលែង​ពលរដ្ឋ​ភូមា​ក្នុង​ទ្រង់ទ្រាយ​ធំ​ដែល​របប​សឹក​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជាច្រើន​ខែ​មក​នេះ ធ្វើឡើង​បន្ទាប់ពី​ញញួរ​អាស៊ាន​ត្រូវ​បាន​កម្ពុជា​ប្រគល់​ទៅ​ឱ្យ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បាន​ត្រឹម​តែ ៤​ថ្ងៃ​ប៉ុណ្ណោះ ខណៈ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ដែល​ត្រូវ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា រយៈពេល​ជិត​មួយ​ឆ្នាំ​កន្លង​មក​នេះ គឺ​គ្មាន​សញ្ញា​វិជ្ជមាន​ក្នុង​ការ​បន្ធូរបន្ថយ​ពី​របប​សឹក​ភូមា​នោះ​ឡើយ ក្នុង​នោះ​របប​សឹក​លោក មីន អ៊ុងឡាំង ក៏​បាន​ប្រើ​ច្បាប់​កាត់ទោស​ប្រហារ​ជីវិត​ពលរដ្ឋ​ភូមា​អស់​ជាច្រើន​នាក់​ថែម​ទៀត។

ក្រោយពី​រដ្ឋប្រហារ​យោធា​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ របប​សឹក​របស់​លោក មីន អ៊ុងឡាំង បាន​សម្លាប់​ពលរដ្ឋ​ភូមា​អស់​រាប់​ពាន់​នាក់ ក្នុង​នោះ​អាជ្ញាធរ​នៃ​របប​សឹក​ភូមា​នេះ​ក៏​បាន​ប្រហារ​ជីវិត​សកម្មជន​ប្រជាធិបតេយ្យ​ចំនួន ៤​នាក់​ផង​ដែរ ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ចូលរួម​សកម្មភាព «ភេរវកម្ម» នៅ​ក្នុង​ប្រទេស ដោយ​អនុវត្ត​ទៅ​តាម​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម​របស់​ភូមា ដែល​របប​សឹក​ទើប​កែប្រែ​ក្រោយ​ការ​ឡើង​កាន់​អំណាច​របស់​ខ្លួន។

ក្រៅពី​អ្នក​ទាំង ៤​នាក់​នេះ ក៏​មាន​មនុស្ស​ជាង ១០០​នាក់​ទៀត​ដែរ​ដែល​ត្រូវ​របប​សឹក​ភូមា ផ្ដន្ទាទោស​ប្រហារ​ជីវិត​ដូច​គ្នា ខណៈ​មនុស្ស​ជាង ១​ម៉ឺន​នាក់​ផ្សេង​ទៀត​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន និង​ជាង ២​ពាន់​នាក់​ទៀត​ត្រូវ​បាន​សម្លាប់​ដោយ​របប​សឹក​នេះ ចាប់តាំងពី​ពួកគេ​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី មក។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៧ វិច្ឆិកា នេះ​ថា ការ​សម្រេច​ចិត្ត​ដោះលែង​ពលរដ្ឋ​ភូមា ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដែល​មិន​ធ្លាប់​មាន​ចាប់តាំងពី​រដ្ឋប្រហារ​របស់​ខ្លួន​បែប​នេះ គឺ​ដោយសារតែ​របប​សឹក​ភូមា ដឹង​យ៉ាង​ច្បាស់​ពី​សម្ពាធ​របស់​មេដឹកនាំ​អាស៊ាន​នានា និង​ការ​សម្រេច​ចិត្ត​របស់​មេដឹកនាំ​ពិភពលោក​ដទៃ​ទៀត​ដែរ ដែល​ពួកគេ​បាន​អនុម័ត​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​ទើប​នឹង​បញ្ចប់​ទៅ​កាលពី​ពេល​ថ្មីៗ​នេះ។ ជាង​នេះ​ទៀត របប​សឹក​ភូមា ក៏​ដឹង​ដែរ​ថា ប្រធានាធិបតី​ឥណ្ឌូនេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ មិនមែន​មាន​ជំហរ​ដូច​កម្ពុជា​ដែល​សម្រប​ទៅ​តាម​ទំនើង​ចិត្ត​របស់​ខ្លួន​នោះ​ទេ។

កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ មេដឹកនាំ​អាស៊ាន​បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​មួយ​ជុំវិញ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​របស់​ខ្លួន ទាក់ទិន​នឹង​វិបត្តិ​នៅ​ភូមា ថា វិបត្តិ​នៅ​ភូមា​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ និង​ផុយ​ស្រួយ​ដដែល ក្នុង​នោះ​មេដឹកនាំ​អាស៊ាន​បាន​ដាក់​លក្ខខណ្ឌ​រហូត​ដល់ ១៥​ចំណុច ដោយ​បញ្ជាក់​ថា កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​នៅតែ​មាន​សុពលភាព និង​គួរតែ​ត្រូវ​បាន​អនុវត្ត​ទាំងស្រុង ហើយ​អាស៊ាន​ត្រូវតែ​រក​វិធី​ផ្សេង​ទៀត​ដើម្បី​ជំរុញ​ឱ្យ​របប​សឹក​អនុវត្ត​កិច្ចព្រមព្រៀង​ទាំង ៥​ចំណុច​នេះ​ឱ្យ​បាន៕