38 C
Phnom Penh

សកម្មជន​បក្ស​ប្រឆាំង៖ សម្បត្តិ​ធម្មជាតិ​ខ្មែរ​មាន​មិន​ខ្វះ​ប៉ុន្តែ​កម្ពុជា​នៅតែ​ជា​ប្រទេស​ក្រីក្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​គណបក្ស​ប្រឆាំង​រិះគន់​ថា សម្បត្តិ​ធម្មជាតិ​របស់​ខ្មែរ​មាន​ច្រើន​អនេក ប៉ុន្តែ​កម្ពុជា​នៅតែ​ជា​ប្រទេស​ក្រីក្រ គ្មាន​ការ​អភិវឌ្ឍ មិន​អាច​ទទួល​ផល​ប្រយោជន៍​ពី​សម្បត្តិ​ធម្មជាតិ​របស់​ខ្លួន​បាន។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ​ថា កម្ពុជា​ជា​ប្រទេស​ដែល​អំណោយ​ផល​ពី​ធម្មជាតិ មិន​គួរ​រងគ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​នោះ​ឡើយ ខណៈ​សម្បត្តិ​ធម្មជាតិ​នានា​ក៏​មាន​ច្រើន​សម្បូរ​បែប ប៉ុន្តែ​កម្ពុជា​នៅ​តែ​ជា​ប្រទេស​ក្រីក្រ គ្មាន​ការ​អភិវឌ្ឍ ស្រប​ពេល​ដែល​ធនធាន​មនុស្ស​ដែល​ជា​អម្បូរ​មាន​កម្រិត​ខ្ពស់​ផ្នែក​បញ្ញា​ស្មារតី បែរ​ជា​គ្មាន​ទីកន្លែង​សម្រាប់​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​ទៅវិញ។

លោក ហ៊ុន កុសល លើកឡើង​ថា កម្ពុជា​មាន​ព្រៃឈើ​ច្រើន​រាប់​មិន​អស់ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ត្រូវ​រងគ្រោះ​ជាប់​គុក​ដោយសារ​ព្រៃឈើ​របស់​ខ្លួន។ លោក​ថា កម្ពុជា​មាន​បឹង​ទន្លេសាប ប៉ុន្តែ​កម្ពុជា​គ្មាន​ត្រី​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​ពលរដ្ឋ​របស់​ខ្លួន ហើយ​បែរ​ជា​នាំចូល​ត្រី​ពី​ប្រទេស​ជិតខាង​ដែល​គ្មាន​ជង្រុក​ត្រី​ដូច​ខ្លួន​ទៅវិញ។

លោក​ថា កម្ពុជា​មាន​ដី​កសិកម្ម​រាប់​លាន​ហិកតារ ប៉ុន្តែ​គ្មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ជួយ​វិស័យ​កសិកម្ម​របស់​ខ្លួន​ឱ្យ​រីកចម្រើន​ទៅ​មុខ ខណៈ​កម្ពុជា​មាន​ទន្លេ​មេគង្គ​ដ៏​សែន​វែង និង​មាន​បឹង​ទន្លេសាប​ទំហំ ៣​ពាន់​គីឡូម៉ែត្រ​ក្រឡា​នៅ​រដូវប្រាំង និង​មាន​ទំហំ ១​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​នៅ​រដូវវស្សា នៅតែ​គ្មាន​អ្នក​ណា​អាច​គ្រប់គ្រង​ទឹក​យក​មក​ប្រើប្រាស់​បាន ស្រប​ពេល​ដែល​វិស័យ​កសិកម្ម​ដែល​តែង​បណ្តាល​ឲ្យ​ប្រទេស​ទាំងមូល​ជួប​គ្រោះ​ទឹកជំនន់​នៅ​រដូវវស្សា និង​ជួប​គ្រោះ​រាំង​ស្ងួត​នៅ​រដូវប្រាំង​រហូត​មក។

កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ បុរស​ខ្លាំង​ចិត្ត​ឆៅ​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន បាន​គំរាម​ថា លោក​ប្រើ​ពេល​ត្រឹមតែ ២៤​ម៉ោង​ប៉ុណ្ណោះ​ក្នុង​ការ​ដក​រដ្ឋមន្ត្រី​ណា​ដែល​ធ្វើការ​មិន​កើត។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ការ​អះអាង​របស់​លោក ហ៊ុន សែន គ្រាន់តែ​ជា​ការ​ភូត​កុហក​ប៉ុណ្ណោះ។ ជាក់ស្តែង រដ្ឋមន្ត្រី​ដែល​អសមត្ថភាព​ជាច្រើន ដូចជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ មិន​អាច​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បាន​ទេ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ក៏​មិន​អាច​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស ការ​លាង​លុយ​កខ្វក់ និង​បញ្ហា​អសន្តិសុខ​សង្គម​ជាច្រើន​ទៀត​ដែរ។ ដោយឡែក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ក៏​បាន​ធ្វើ​ឲ្យ​បាត់​ប្រេង​ជិត ៣០​ម៉ឺន​បារ៉ែល​ថែម​ទៀត ប៉ុន្តែ​រដ្ឋមន្ត្រី​ទាំងនោះ​នៅតែ​អាច​កាន់​តំណែង​របស់​ខ្លួន​បាន​ដដែល។

ប្រភព​ដដែល​លើកឡើង​ថា ប្រព័ន្ធ​រដ្ឋបាល​ដែល​គ្រប់គ្រង​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ឧក្រិដ្ឋជន​ដែល​បំផ្លាញ​ព្រៃឈើ បំផ្លាញ​ធនធាន​រ៉ែ និង​បំផ្លាញ​ធនធាន​ធម្មជាតិ​ផ្សេងៗ​តែង​រួច​ផុត​ពី​ទោស​ទណ្ឌ​តាម​ផ្លូវច្បាប់​ជានិច្ច។ ជាង​នេះ​ទៀត ពួកគេ​តែង​ត្រូវ​បាន​លើក​តម្កើង​ទៅ​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​កម្ពុជា​ថែម​ទៀត ដូចជា​ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ឧកញ៉ា ខ្នា ដែល​ល្បី​ខាង​រកស៊ី​ឈើ​ខុសច្បាប់ ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​របស់​លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។

ជាង​នេះ​ទៀត នាយករង​ការិយាល័យ​បំភ័ន្ត​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ចាប សារ៉ន ដែល​ជា​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​កក្រើក​តំបន់​ព្រៃឡង់ ក៏​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្ដិ​ពី​វរសេនីយ៍ឯក​ទៅ​ជា​ឧត្តមសេនីយ៍ត្រី​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ធ្លាប់​បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​កន្លងទៅ​ថា ក្រសួង​ទាំង ២៧ របស់​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី និង​គ្រប់គ្រង​ដោយ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សព្វថ្ងៃ​នេះ មិន​ត្រឹមតែ​មិន​ដឹកនាំ​ឱ្យ​មាន​ភាព​រីកចម្រើន​សម្រាប់​សង្គម​ជាតិ​ទេ ប៉ុន្តែ​បែរ​ជា​ធ្វើ​ឱ្យ​អន់ថយ និង​បង្កើត​ឱ្យ​មាន​បទល្មើស​ខុសច្បាប់​ស្ទើរតែ​គ្រប់​ក្រសួង​ទាំងអស់​ទៅវិញ ដែល​ជា​កត្តា​រាំងស្ទះ​ដល់​ការ​រីកចម្រើន​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស