ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

នយោបាយ

ព្រះមហាក្សត្រ​ខ្មែរ​មាន​ព្រះ​រាជបន្ទូល​ថា​វិបត្តិ​នៅ​ភូមា​អាច​បំផ្លាញ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​របស់​អាស៊ាន

By ឌឹ ខេមបូឌា ដេលី

November 22, 2022

ក្នុង​ឱកាស​នៃ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤៣ (AIPA-43) ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា មាន​ព្រះ​រាជបន្ទូល​ដ៏​កម្រ​ថា វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​ភូមា អាច​បំផ្លាញ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​របស់​សហគមន៍​អាស៊ាន​ដែល​សមាជិក​នៃ​អង្គការ​តំបន់​មួយ​នេះ​បាន​ខិតខំ​កសាង​រួម​គ្នា​នា​ពេល​កន្លងមក។

ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះករុណា​ព្រះបាទ នរោត្តម សីហមុនី មាន​ព្រះ​រាជបន្ទូល​ក្នុង​ពិធី​បើក​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤៣ (AIPA-43) នៅ​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ តាមរយៈ​លោក ជាម យៀប អនុប្រធាន​ទី​១ រដ្ឋសភា​កម្ពុជា បាន​សង្កត់​ធ្ងន់​ថា វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ភូមា មិន​ត្រឹមតែ​បង្ក​ឲ្យ​មាន​ហិង្សា​នយោបាយ និង​ជម្លោះ​ប្រដាប់​អាវុធ​ផ្ទៃក្នុង​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វិបត្តិ​នេះ​នឹង​ធ្វើ​ឱ្យ​ប្រជាជន​ភូមា​ទាំងអស់​បាត់បង់​នូវ​ឱកាស​សម្រាប់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​ខ្លួន​ថែម​ទៀត​ផង។

សម្តេច​ព្រះករុណា​ព្រះ​នរោត្តម សីហមុនី មាន​បន្ទូល​បញ្ជាក់​ថា ចំពោះ​បញ្ហា​ទាំងនោះ​អាស៊ាន​មាន​គោលការណ៍​សំខាន់ៗ​ដែល​ខ្លួន​មាន​ស្រាប់​ក្នុង​ការ​ដោះស្រាយ ដោយ​ផ្អែក​លើ​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ អព្យាក្រឹតភាព​របស់​អាស៊ាន​ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​សណ្ដាប់ធ្នាប់​អន្តរជាតិ ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ដើម្បី​បម្រើ​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រជាជន​ទាំង​នៅ​ក្នុង​តំបន់ ក៏ដូចជា​នៅ​លើ​ពិភពលោក។

ព្រះរាជឱង្ការ​របស់​ព្រះមហាក្សត្រ​ខ្មែរ​ដ៏​កម្រ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​វិបត្តិ​នៅ​ភូមា បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត ២​ឆ្នាំ​ហើយ ប៉ុន្តែ​អាស៊ាន​នៅតែ​មិន​ទាន់​មាន​ដំណោះស្រាយ​សមស្រប​ណា​មួយ​អាច​ដោះស្រាយ​វិបត្តិ​នេះ​បាន​នៅឡើយ។

បន្ទាប់ពី​របប​សឹក​ភូមា ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​ស្រប​ច្បាប់​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្រោយពី​ខ្លួន​ចាញ់​ឆ្នោត​យ៉ាង​អាម៉ាស់​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០ មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង បាន​សម្លាប់​ប្រជាពលរដ្ឋ​ភូមា​អស់​រាប់​ពាន់​នាក់។ លើស​ពី​នេះ របប​សឹក​ភូមា ក៏​បាន​ប្រហារ​ជីវិត​សកម្មជន​ប្រជាធិបតេយ្យ​ចំនួន ៤​នាក់​ផង​ដែរ ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ចូលរួម​សកម្មភាព «ភេរវកម្ម» នៅ​ក្នុង​ប្រទេស ដោយ​អនុវត្ត​ទៅ​តាម​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម​របស់​ភូមា ដែល​របប​សឹក​ទើប​កែប្រែ​ក្រោយ​ពេល​ដែល​ខ្លួន​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​បាន។

ក្រៅពី​អ្នក​ទាំង ៤​នាក់​នេះ ក៏​មាន​មនុស្ស​ជាង ១០០​នាក់​ទៀត​ដែរ ដែល​ត្រូវ​របប​សឹក​ភូមា ផ្ដន្ទាទោស​ប្រហារ​ជីវិត​ដូច​គ្នា ខណៈ​មនុស្ស​ជាង ១​ម៉ឺន​នាក់​ផ្សេង​ទៀត​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​រហូត​ដល់​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រោយ​ការ​ប្រកាស​ជំហរ​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ដែល​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ ព្រមទាំង​មេដឹកនាំ​មួយ​ចំនួន​ទៀត​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ​ថា នឹង​ត្រូវ​ចាត់​វិធានការ​លើ​របប​សឹក​ភូមា ជុំវិញ​ទង្វើ​រដ្ឋប្រហារ​នេះ ស្រាប់តែ​នៅ​ថ្ងៃទី​១៧ វិច្ឆិកា កន្លងទៅ របប​សឹក​ភូមា​បាន​ប្រកាស​ដោះលែង​អ្នកទោស​ជាង ៦​ពាន់​នាក់​ក្រោម​ហេតុផល​ថា ដើម្បី​អបអរ​សាទរ​បុណ្យ​ជាតិ​របស់​ខ្លួន។

យ៉ាងណាក៏ដោយ ការ​ដោះលែង​អ្នកទោស​ភូមា​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា របប​សឹក​ភូមា​គ្រាន់តែ​ចង់​ឱ្យ​មេដឹកនាំ​អាស៊ាន​បន្ថយ​វិធានការ​ក្តៅ​លើ​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​ទង្វើ​នេះ​មិន​បាន​ឆ្លើយតប​ទៅ​នឹង​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​ដែល​អាស៊ាន​ចង់​បាន​នោះ​ឡើយ ស្រប​ពេល​ដែល​របប​សឹក​មិន​ទាន់​អនុវត្ត​ឱ្យ​បាន​សូម្បី​តែ​មួយ​ចំណុច​នៅឡើយ​ចាប់តាំងពី​អាស៊ាន​ប្រកាស​ដាក់​ឱ្យ​ខ្លួន​អនុវត្ត​តាំងពី​ចុង​ឆ្នាំ​២០២១៕