30 C
Phnom Penh

ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ផ្ដល់​ឱវាទ​ទៅ​អ្នក​នយោបាយ​ឱ្យ​ស្ថិត​ក្នុង​ស្មារតី​សាមគ្គី​ជាតិ​ជា​ធំ ខណៈ​រង់ចាំ​រដ្ឋាភិបាល​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សៅរ៍ ទី​១៩ វិច្ឆិកា ប្រជាជន​ម៉ាឡេស៊ី​ប្រមាណ​ជាង ២១​លាន​នាក់ ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​បោះឆ្នោត ដើម្បី​ជ្រើសរើស​សមាជិក​សភា​អាណត្តិ​ថ្មី តែ​ការ​បោះឆ្នោត​លើក​នេះ​គេ​ហៅថា​ការ​បោះឆ្នោត​មុន​អាណត្តិ​សភា គឺ​ក្រោយពី​សភា​ត្រូវ​បាន​រំលាយ។

ប្រទេស​ក្នុង​សមាគម​អាស៊ាន​មួយ​នេះ​មាន​សមាជិក​សភា ២២២​រូប។ កម្លាំង​បក្ស​នយោបាយ​ធំៗ​ជាច្រើន​បាន​ចូលរួម​ការ​បោះឆ្នោត។ តាម​លទ្ធផល គឺ​បក្ស​ប្រឆាំង​ធំ​ជាងគេ​ដឹកនាំ​ដោយ​អតីត​អ្នកទោស​នយោបាយ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​ដណ្ដើម​អាសនៈ​បាន​ច្រើន​ជាងគេ តែ​មិន​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​នោះ​ទេ។

មាន​ន័យ​ថា បក្ស​របស់​លោក អាន់វ៉ា គឺ​បក្ស Pakatan Harapan មិន​ប្រមូល​បាន​អាសនៈ​លើស​ពី ៥០​បូក​មួយ​នោះ​ទេ។ ដោយ​ស្ថិត​ក្នុង​ភាព​ប្រទាញប្រទង់​គ្នា​ក្នុង​ការ​ចាំ​ដៃគូ​បង្កើត​រដ្ឋាភិបាល​ចម្រុះ នាំ​ឲ្យ​ព្រះមហាក្សត្រ​របស់​រាជាណាចក្រ​នេះ​ចេញ​ព្រះភ័ក្ត្រ​ផ្ដល់​ឱវាទ​ដល់​បក្ស​នយោបាយ​ទាំងអស់ ឲ្យ​ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់ និង​ត្រូវ​ឈរ​លើ​ស្មារតី​សាមគ្គី​ជាតិ​ជា​ធំ។ ព្រះអង្គ​បាន​បញ្ជូន​ព្រះរាជសារ​ទៅ​កាន់​បក្ស​នយោបាយ​ដូចនេះ ទន្ទឹម​នឹង​ស្ថានភាព​នយោបាយ​កំពុងតែ​ផុយ​ស្រួយ​ទៅ​រក​វិបត្តិ​សង្គម និង​នយោបាយ។

តាម​ប្រភព​ព័ត៌មាន​ម៉ាឡេស៊ី Bernama ព្រះមហាក្សត្រ Al-Sultan Abdullah បាន​កោះហៅ​មេ​បក្ស​នយោបាយ​ធំៗ​ដែល​បាន​សំឡេង​ឆ្នោត​ក្នុង​ការ​កាន់កាប់​អាសនៈ​សភា ត្រូវ​ចូល​គាល់​ព្រះអង្គ​នៅ​ម៉ោង ២​រសៀល​ថ្ងៃ​ចន្ទ ទី​២១ ខែ​វិច្ឆិកា នេះ ដោយ​ព្រះអង្គ​ចង់​ដឹង​អំពី​គោលជំហរ​របស់​មេ​បក្ស​ទាំងអស់​នោះ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ឱ្យ​បាន​នៅ​រយៈពេល​ខាងមុខ​នេះ។

តែ​អ្នក​សង្កេតការណ៍​យល់​ថា ការណ៍​ដែល​ព្រះមហាក្សត្រ​កោះហៅ​អ្នក​នយោបាយ​ធំៗ​ចូល​គាល់​ព្រះអង្គ គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ភាព​ចលាចល​នយោបាយ​កើតឡើង​ដែល​នឹង​នាំ​ទៅ​រក​ការ​បែកបាក់​ជាតិ។

រដ្ឋសភា​ម៉ាឡេស៊ី មាន ២២២​អាសនៈ។ សំឡេង​ឆ្នោត ៥០​បូក​មួយ គឺ ១១២​អាសនៈ ហើយ​បើ​បក្ស​ណា​ទទួល​បាន​អាសនៈ​ក្នុង​ចំនួន​នេះ ជា​ការ​កំណត់​ថា​ជា​បក្ស​ឈ្នះ​ឆ្នោត ហើយ​អាច​បង្កើត​រដ្ឋាភិបាល​ដោយ​ឯកតោភាគី។ មាន​ន័យ​ថា​មិន​ចាំបាច់​ចាប់​ដៃគូ​បក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។

យោង​តាម​លទ្ធផល​បោះឆ្នោត គណបក្ស Pakatan Harapan ជា​បក្ស​ប្រឆាំង​ធំ​ជាងគេ​ដឹកនាំ​ដោយ​លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​អាសនៈ​ច្រើន​ជាងគេ គឺ​បាន ៨២​អាសនៈ។

គណបក្ស Perikatan Nasional ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី Muhyiddin Yassin ទទួល​បាន ៧៣​អាសនៈ។ គណបក្ស​ជាតិ​បារីសាន់ ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទុះ គឺ​លោក Ismail Sabri Yaakob ទទួល​បាន ៣០​អាសនៈ។ គណបក្ស​ធំ​មួយ​ទៀត គឺ​បក្ស Gabungan Parti Sarawak ទទួល​បាន ២២​អាសនៈ។ ក្រៅពី​បក្ស​ចំនួន ៤ នេះ គឺ​មាន​បក្ស​បួន​ទៀត​ក៏​ទទួល​បាន​អាសនៈ​ដែរ។

យោង​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ម៉ាឡេស៊ី និង​ច្បាប់​បោះឆ្នោត​របស់​ប្រទេស​នេះ បក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោក អាន់វ៉ា ជា​បក្ស​មាន​អាទិភាព​ជាងគេ​ក្នុង​ការ​ចាប់​ដៃគូ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ តែ​បើ​បក្ស​នេះ​ពុំ​អាច​រក​ដៃគូ​បាន​ទេ គឺ​អាច​ធ្លាក់​ទៅ​លើ​បក្ស​ដែល​បាន​អាសនៈ​លំដាប់​ទី​២ គឺ​បក្ស Perikatan Nasional ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី Muhyiddin Yassin។

នៅ​យប់​នេះ ឬ​នៅ​ថ្ងៃទី​២២ ខែ​វិច្ឆិកា ប្រជាជន​ម៉ាឡេស៊ី នឹង​បាន​ដឹង​ថា រដ្ឋាភិបាល​ថ្មី​នឹង​មាន​រូបរាង​ដូចម្ដេច ហើយ​បក្ស​ណា អ្នក​នយោបាយ​ណា​ជា​អ្នក​កាន់​ចង្កូត​រដ្ឋាភិបាល​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​រឹងមាំ​មួយ​នេះ។

អ្នក​សង្កេតការណ៍​បាន​ហៅ​ការ​បោះឆ្នោត​សភា​នៃ​ប្រទេស​ម៉ាឡេស៊ី ដែល​បង្ហាញ​លទ្ធផល​ដូចនេះ ថា​ជា​ភាព​សុក្រឹត​គួរ​ឲ្យ​ស្ញប់ស្ញែង ដោយ​ចាត់ទុក​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​របស់​ប្រទេស​មួយ​នៅ​ក្នុង​សមាគម​អាស៊ាន​ជា​យន្តការ​ឥត​លម្អៀង អព្យាក្រឹត្យ និង​ឯករាជ្យ មិន​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​នយោបាយ​ណា​មួយ​ឡើយ។

អស់​រយៈពេល ៤​ឆ្នាំ​មក​ហើយ​ដែល​ម៉ាឡេស៊ី​ជួប​ប្រទះ​នឹង​វិបត្តិ​នយោបាយ បន្ទាប់ពី​ផ្ទុះ​រឿង​អាស្រូវ​ពុករលួយ​ដ៏​ធំ​មហាសាល​ពាក់ព័ន្ធ​នឹង​អតីត​នាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់។ លោក ណាជីប រ៉ាហ្សាក់ ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ​រយៈពេល ១២​ឆ្នាំ។ ៤​ឆ្នាំ​មក​នេះ ម៉ាឡេស៊ី​បាន​ដូរ​នាយករដ្ឋមន្ត្រី ៣​នាក់​ហើយ។ លោក Ismail Sabri Yaakob មកពី​គណបក្ស​ជាតិ​បារីសាន់ គឺជា​នាយករដ្ឋមន្ត្រី​ដែល​រំលាយ​រដ្ឋសភា ហើយ​នាំ​ឲ្យ​មាន​ការ​បោះឆ្នោត​មុន​អាណត្តិ។

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ វិច្ឆិកា ការិយាល័យ​បោះឆ្នោត​ចាប់ផ្តើម​បើក​ទ្វារ​ភ្លាម គេ​សង្កេត​ឃើញ​មនុស្សម្នា​មក​ឈរ​ត​គ្នា​រង់ចាំ​ចូល​ទៅ​បោះឆ្នោត​យ៉ាង​ច្រើន​កុះករ។

ប្រជាជន​ម៉ាឡេស៊ី​ដែល​ស្ទុះស្ទា​មក​ចូលរួម​បោះឆ្នោត​មុន​អាណត្តិ​របស់​សភា​ប្រទេស​នេះ បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា ចំនួន​អ្នក​ចូលរួម​បោះឆ្នោត​មាន​កម្រិត​ខ្ពស់​ជា​ខ្លាំង ស្រប​ពេល​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​របស់​រាជាណាចក្រ​នេះ​គួរ​ជា​ទី​ទុកចិត្ត​របស់​ម្ចាស់​ឆ្នោត។ ចំណែក​ស្ថាប័ន​កងទ័ព និង​ស្ថាប័ន​ប៉ូលិស​ជាតិ មិន​ពាក់ព័ន្ធ​នឹង​បក្ស​នយោបាយ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស