33 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ១២​ឆ្នាំ​រដ្ឋាភិបាល​នៅ​មិន​អាច​រក​អ្នក​ទទួល​ខុសត្រូវ​ករណី​មនុស្ស​រត់​ជាន់​គ្នា​ស្លាប់​នៅ​កោះពេជ្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយក​បេសកកម្ម​ក្រៅ​ប្រទេស​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក ថា​អស់​រយៈពេល ១២​ឆ្នាំ រដ្ឋាភិបាល​នៅតែ​មិន​អាច​រក​អ្នក​ទទួល​ខុសត្រូវ​មក​កាត់ទោស​ចំពោះ​មុខ​ច្បាប់ ជុំវិញ​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ស្លាប់​មនុស្ស​ជាង ៣០០​នាក់​នៅ​ក្រុង​រណប​កោះពេជ្រ បើ​ទោះបីជា​គ្រួសារ​នៃ​ជនរងគ្រោះ​ទាំងនោះ​កំពុង​រង់ចាំ​ពន្លឺ​នៃ​យុត្តិធម៌។

នាយក​បេសកកម្ម​ក្រៅ​ប្រទេស​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ចំ​ថ្ងៃ​ខួប ១២​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ស្លាប់​មនុស្ស​នៅ​ក្រុង​រណប​កោះពេជ្រ នៅ​ថ្ងៃទី​២២ វិច្ឆិកា នេះ​ថា ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​នូវ​លុយកាក់​បន្តិចបន្តួច ជា​ថ្នូរ​នឹង​ការ​បំបិទ​មាត់​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ក្នុង​ព្រឹត្តិការណ៍​ដ៏​អាថ៌កំបាំង​នេះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ដើម្បី​ផ្តល់​នូវ​ភាព​យុត្តិធម៌​ជូន​ជនរងគ្រោះ រដ្ឋាភិបាល​គួរតែ​រក​ឱ្យ​ឃើញ​ដើមហេតុ​ដែល​ជា​ចំណុច​ផ្តើម​ពិតប្រាកដ​នៃ​ការ​បង្ក​ឱ្យ​មាន​សោកនាដកម្ម​នេះ ដើម្បី​រក​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ពិតប្រាកដ ខណៈ​ការ​ផ្តល់​ជា​លុយកាក់​ដល់​គ្រួសារ​ជនរងគ្រោះ​ជា​ថ្នូរ​នឹង​ការ​បិទ​សំណុំរឿង​មិន​ស្វែងរក​ការពិត មិនមែន​ជា​ការ​ផ្តល់​ជូន​នូវ​យុត្តិធម៌​ដល់​ជនរងគ្រោះ​ឡើយ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​គួរតែ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ន័យ​ស្វែងរក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ មិនមែន​ប្រើប្រាស់​ដើម្បី​ការពារ​ជន​ខិលខូច​រំលោភ​បំពាន​ច្បាប់ និង​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​ពលរដ្ឋ​ស្លូតត្រង់​ទន់ខ្សោយ ដើម្បី​បិទ​បាំង​ការពិត​នោះ​ទេ។

ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ដល់​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ គឺជា​ខួប ១២​ឆ្នាំ​គត់​នៃ​ហេតុការណ៍​រត់​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​នៃ​ទីក្រុង​រណប​កោះពេជ្រ ដែល​បាន​កើតឡើង​នៅ​រាត្រី​ចុងក្រោយ​នៃ​ពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំ​នោះ ដោយ​សម្លាប់​មនុស្ស ៣៥០​នាក់ និង​របួស ៥៥៥​នាក់។ ភ្លាមៗ​ក្រោយ​ហេតុការណ៍​ដ៏​រន្ធត់​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​វាយ​កម្ទេច​ស្ពាន​នេះ​ចោល ដោយ​ជំនួស​មក​វិញ​នូវ​ស្ពាន​ថ្ម​ពីរ​សម្រាប់​ធ្វើ​ដំណើរ​ទៅវិញ​ទៅមក​រហូត​ដល់​សព្វថ្ងៃ​នេះ។

ជុំវិញ​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ចែង​បញ្ជូន​សាកសព​ទៅ​តាម​ស្រុក​កំណើត​រៀងៗ​ខ្លួន និង​ឧបត្ថម្ភ​ថវិកា​ខ្ទង់​ម៉ឺន​ដុល្លារ​ដល់​គ្រួសារ​សព​នីមួយៗ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ចាប់​អ្នក​ទទួល​ខុសត្រូវ​ណា​ម្នាក់​ក្នុង​ព្រឹត្តិការណ៍​នេះ​មក​ដាក់​ទោស ឬ​ទទួល​កំហុស​ឡើយ​រហូត​ដល់​ពេលនេះ។

ទាក់ទិន​នឹង​ព្រឹត្តិការណ៍​ដ៏​រន្ធត់​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់ទុក​ព្រឹត្តិការណ៍​នេះ​ថា​ជា​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​កម្ពុជា​មិន​ធ្លាប់​ប្រទះ តាំង​ពី​ក្រោយ​ការ​ដួល​រលំ​របប​ខ្មែរក្រហម​មក។ ជាង​នេះ​ទៀត រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ជា​ថ្ងៃ​កាន់ទុក្ខ​ជាតិ​ផង​ដែរ។

ជុំវិញ​ករណី​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ធ្លាប់​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើបអង្កេត​ករណី​នេះ​ឡើងវិញ ដើម្បី​កំណត់​មូលហេតុ​ពិតប្រាកដ​នៃ​សោកនាដកម្ម​នេះ ប៉ុន្តែ​អស់​រយៈពេល ១២​ឆ្នាំ​ហើយ សំណុំរឿង​នៅតែ​បន្ត​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល និង​ត្រូវ​បាន​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​យ៉ាង​អាថ៌កំបាំង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស