សង្គមស៊ីវិល អំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះ និងពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ខណៈមានការព្រួយបារម្ភថា ពលរដ្ឋនឿយណាយនឹងស្ថានភាពនយោបាយរបស់កម្ពុជា មិននាំគ្នាទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ស្របពេលរដ្ឋាភិបាលក៏មិនទាន់បានបង្កភាពងាយស្រួលសម្រាប់ពលរដ្ឋចំណាកស្រុកផងដែរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ វិច្ឆិកា នេះថា ពិតមែនតែ គ.ជ.ប បង្ហាញទិន្នន័យអំពីអ្នកទៅចុះឈ្មោះបោះឆ្នោតថ្មីៗគួរឲ្យកត់សម្គាល់ ប៉ុន្តែគេក៏មិនអាចដឹងដែរថាមានប្រជាពលរដ្ឋប៉ុន្មាននាក់ដែលធុញថប់នឹងវិបត្តិនយោបាយនៅកម្ពុជា ហើយមិនទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត។ ជាងនេះទៀត រដ្ឋាភិបាលក៏មិនទាន់បានបង្កភាពងាយស្រួលសម្រាប់ពលរដ្ឋចំណាកស្រុកដែលមានបំណងទៅចុះឈ្មោះបោះឆ្នោត ឬពិនិត្យឈ្មោះរបស់ពួកគេក្នុងបញ្ជីបោះឆ្នោតនោះដែរ។
លោក ស៊ឹង សែនករុណា ជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីសារសំខាន់នៃការបោះឆ្នោតក្នុងនាមខ្លួនជាម្ចាស់ប្រទេស ដើម្បីជ្រើសរើសអ្នកដឹកនាំ។ ជាងនេះទៀត គ.ជ.ប ក៏ត្រូវបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយផងដែរ ដើម្បីធានានូវតម្លាភាពក្នុងនាមខ្លួនជាស្ថាប័នឯករាជ្យដែលត្រូវការពារនូវការឆន្ទៈរបស់ប្រជាពលរដ្ឋ ក្នុងការជ្រើសរើសមេដឹកនាំប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
មន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលរូបនេះ អំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះ និងពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រោះថាការបោះបង់កាតព្វកិច្ចរបស់ខ្លួនក្នុងការសម្ដែងឆន្ទៈជ្រើសរើសមេដឹកនាំតាមរយៈសន្លឹកឆ្នោត គឺធ្វើឲ្យពួកគាត់បាត់បង់ឱកាសយ៉ាងធំធេងសម្រាប់ជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មានឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតសម្រាប់អាណត្តិទី៧ នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដែលត្រូវដំណើរការរយៈពេល ៥០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ ខណៈដំណើរការនេះនៅសល់រយៈពេលតែ ២សប្តាហ៍ទៀតប៉ុណ្ណោះ។
ជុំវិញដំណើរការនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្លាប់បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដែលមានរយៈពេល ១០ថ្ងៃ ការិយាល័យចុះឈ្មោះបោះឆ្នោតនឹងត្រូវបើកបម្រើការនៅតាមសាលាឃុំ-សង្កាត់ដូចដើមវិញ ដូច្នេះអំឡុងពេលនេះ គឺនៅមុនថ្ងៃទី២៩ ខែវិច្ឆិកា ការិយាល័យចុះឈ្មោះបោះឆ្នោតនឹងត្រូវចល័តនៅតាមភូមិមួយចំនួនក្នុងឃុំ និងសង្កាត់នីមួយៗនៅឡើយ។
ផ្អែកតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ដីពីចំនួនប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតដោយគិតចាប់តាំងពីថ្ងៃទី២១ ខែតុលា រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជាង ៥៤ម៉ឺននាក់ហើយ ខណៈចំនួនឈ្មោះដែលត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតក៏មានចំនួនរហូតដល់ជាង ១៩ម៉ឺននាក់ផងដែរ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញរបាយការណ៍ស្ដីពីស្ថិតិប្រជាពលរដ្ឋសម្រាប់បម្រើការឱ្យការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតថា ចំនួនឈ្មោះប្រជាពលរដ្ឋដែលមានក្នុងបញ្ជីបោះឆ្នោតសរុបមានចំនួន ៩លាន ២សែន ៥ពាន់ ៦១៨នាក់។
ជុំវិញដំណើរការនៃការបោះឆ្នោតនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញអនុក្រឹត្យស្ដីពីការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជាតិអាណត្តិទី៧ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ដែលបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទៅតាមអាណត្តិរបស់ខ្លួនដែលមានរយៈពេល ៥ឆ្នាំម្តងដូចអាណត្តិមុនៗ៕