27.5 C
Phnom Penh

លោក ហ៊ុន សែន ព្រមាន​ថា​វិបត្តិ​នៅ​ភូមា​កំពុង​រំកិល​ទៅ​រក​សង្គ្រាម​ស៊ីវិល​ពេញ​ផ្ទៃ​ប្រទេស​នា​ពេល​ខាង​មុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា លោក ហ៊ុន សែន ព្រមាន​ថា​វិបត្តិ​នៅ​ភូមា​សព្វថ្ងៃ​នេះ កំពុង​រំកិល​ខ្លួន​ទៅ​រក​សង្គ្រាម​ស៊ីវិល​ពេញ​ផ្ទៃ​ប្រទេស​នា​ពេល​ខាងមុខ ខណៈ​ផ្នែក​ខ្លះ​នៃ​ការ​ប្រឈម​ផ្ទៃក្នុង​របស់​ប្រទេស​នេះ កំពុងតែ​កើតមាន​នូវ​សង្គ្រាម​ស៊ីវិល​រួច​ទៅ​ហើយ។

មេដឹកនាំ​ខ្មែរ​ដែល​បរាជ័យ​ក្នុង​ការ​ដឹកនាំ​អាស៊ាន ៣​អាណត្តិ​ជាប់​គ្នា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក លើក​ទី​៩ នៅ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា កាលពី​ដប់​ឆ្នាំ​មុន លោក​ធ្លាប់​បាន​ស្នើ​ឱ្យ​មាន​តំបន់​ដែល​គ្មាន​សង្គ្រាម​ស៊ីវិល ឬ​តំបន់​ដែល​គ្មាន​ជម្លោះ​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​នៅ​ពេល​នោះ គ្មាន​រដ្ឋ​សមាជិក​អាស៊ាន​ណា​មួយ​បាន​គិត​អំពី​ការ​កើតមាន​ឡើងវិញ​នៃ​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​តំបន់​នោះ​ទេ ខណៈ​ភូមា​នៅ​ពេល​នេះ កំពុង​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ដែល​លោក​បាន​ព្រួយបារម្ភ​កាលពី ១០​ឆ្នាំ​មុន​យ៉ាង​ពិតប្រាកដ។

បុរស​ខ្លាំង​ក្រាញ​អំណាច​ជាង ៤​ទសវត្ស លោក ហ៊ុន សែន លើកឡើង​ថា កម្ពុជា​គាំទ្រ​យ៉ាង​មុតមាំ​ជានិច្ច​ចំពោះ​យន្តការ​ពហុភាគី​និយម និង​បើក​ចំហ ព្រមទាំង​ពង្រឹង​នូវ​យន្តការ​ដឹកនាំ​ដោយ​អាស៊ាន ឬ​សណ្ដាប់ធ្នាប់​តំបន់​ដែល​ដឹកនាំ​ដោយ​អាស៊ាន និង​ការ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​អន្តរជាតិ ជាពិសេស​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ដោយ​ម៉ឺងម៉ាត់។

បន្ទាប់ពី​របប​សឹក​ភូមា​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​ស្រប​ច្បាប់​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង បាន​សម្លាប់​ប្រជាពលរដ្ឋ​ភូមា​អស់​រាប់​ពាន់​នាក់។ លើស​ពី​នេះ របប​សឹក​ភូមា ក៏​បាន​កាត់ទោស​ប្រហារ​ជីវិត​សកម្មជន​ប្រជាធិបតេយ្យ​ជាច្រើន​នាក់​ថែម​ទៀត ខណៈ​មនុស្ស​ជាង ១០០​នាក់​ផ្សេង​ទៀត​ក៏​នឹង​ត្រូវ​កាត់ទោស​ប្រហារ​ជីវិត​ដែរ ស្រប​ពេល​ដែល​ពលរដ្ឋ​ភូមា​ជាង ១​ម៉ឺន​នាក់​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​រហូត​ដល់​ពេលនេះ។

ចាប់តាំងពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​បន្ត​ដឹកនាំ​អាស៊ាន​ពី​ប្រទេស​ប្រ៊ុយណេ កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២២ មក ត្រូវ​គេ​មើល​ឃើញ​ថា ប្រធាន​អាស៊ាន​រូប​នេះ​មិន​បាន​ធ្វើ​ឱ្យ​វិបត្តិ​នៅ​ភូមា​ថយ​ចុះ​នោះ​ទេ គឺ​មាន​តែ​កើន​ឡើង​ជា​លំដាប់ ក្រោយ​ជំនួប​ទ្វេភាគី​របស់​ខ្លួន​ជាមួយ​នឹង​មេ​យោធា​ផ្ដាច់ការ​ភូមា ដែល​មិន​ស្ថិត​ក្នុង​ជំហរ​របស់​អាស៊ាន​ជុំវិញ​ការ​ជំរុញ​កិច្ចព្រមព្រៀង​ទាំង ៥​ចំណុច​កាលពី​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០២២ មក។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌុលឡាស់ បាន​រិះគន់​មេដឹកនាំ​កម្ពុជា​ថា លោក ហ៊ុន សែន គួរតែ​ពិភាក្សា​ជាមួយ​មេដឹកនាំ​អាស៊ាន​ផ្សេង​ទៀត មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ភូមា ជួប​ជាមួយ​លោក មីន អ៊ុងឡាំង នៅ​ពេល​នោះ។

លោក សៃហ្វូឌីន អាប់ឌុលឡាស់ (Saifuddin Abdullah) បញ្ជាក់​ថា រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​មួយ​ចំនួន​មិន​យល់ស្រប​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នេះ​ឡើយ ព្រោះ​ពួកគេ​បារម្ភ​ថា វា​អាច​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ការ​ទទួលស្គាល់​ថ្នាក់​តំបន់​នៃ​ការ​ដឹកនាំ​របប​យោធា​ក្នុង​ប្រទេស​ភូមា​ទៅវិញ។

រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​រូប​នេះ​សង្កត់​ធ្ងន់​ថា ដំណើរ​ទស្សនកិច្ច​ក្នុង​នាម​មេដឹកនាំ​រដ្ឋ​មួយ មិនមែន​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​នេះ​កើតឡើង​នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​រួច​ហើយ ដូច្នេះ​គួរតែ​មាន​ការ​ពិភាក្សា​ជាមួយ​មេដឹកនាំ​អាស៊ាន​ផ្សេង​ទៀត ដើម្បី​ស្វែងរក​ការ​យល់​ឃើញ​ស្រប​គ្នា​មួយ​មុន​នឹង​សម្រេច​អនុវត្ត​កិច្ចការ​នេះ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​ថា ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន​របស់​លោក ហ៊ុន សែន ពេញ​មួយ​ឆ្នាំ គាត់​មិន​ហ៊ាន​លើក​យក​បញ្ហា​របស់​ភូមា​យក​ទៅ​និយាយ​ជាមួយ​មេដឹកនាំ​ភូមា នោះ​ទេ។ ជាង​នេះ​ទៀត សូម្បីតែ​ការ​អនុវត្ត​វិធានការ​ណា​មួយ​ដើម្បី​ទប់ស្កាត់​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ភូមា ក៏​លោក ហ៊ុន សែន មិន​ដែល​លើកឡើង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា វិបត្តិ​នៅ​ភូមា​ដែល​កំពុង​កើតមាន​សព្វថ្ងៃ​នេះ គឺ​មិន​អាច​ឲ្យ​លោក ហ៊ុន សែន កែខៃ​ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ​បាន​ទេ ដោយសារតែ​គាត់​បាន​ធ្វើ​ឲ្យ​ខូច​នយោបាយ​ការទូត​ដែល​ដាក់​ចេញ​ដោយ​មេដឹកនាំ​អាស៊ាន​នូវ​ការ​ជំរុញ​ឲ្យ​មេ​យោធា​ផ្ដាច់ការ​ភូមា ឲ្យ​អនុវត្ត​កិច្ចព្រមព្រៀង​ទាំង ៥​ចំណុច​តាំង​ពី​គាត់​បាន​សម្រេច​ចូល​ទៅ​ដោះស្រាយ​វិបត្តិ​នោះ​ដោយ​ឯកតោ​ភាគី​ជាមួយ​មេដឹកនាំ​ភូមា កាលពី​ដើម​ឆ្នាំ​២០២២ មក​ម្ល៉េះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស