បុរសខ្លាំងបរាជ័យក្នុងការដោះស្រាយវិបត្តិនៅភូមា លោក ហ៊ុន សែន ព្រមានថាវិបត្តិនៅភូមាសព្វថ្ងៃនេះ កំពុងរំកិលខ្លួនទៅរកសង្គ្រាមស៊ីវិលពេញផ្ទៃប្រទេសនាពេលខាងមុខ ខណៈផ្នែកខ្លះនៃការប្រឈមផ្ទៃក្នុងរបស់ប្រទេសនេះ កំពុងតែកើតមាននូវសង្គ្រាមស៊ីវិលរួចទៅហើយ។
មេដឹកនាំខ្មែរដែលបរាជ័យក្នុងការដឹកនាំអាស៊ាន ៣អាណត្តិជាប់គ្នា លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា កាលពីដប់ឆ្នាំមុន លោកធ្លាប់បានស្នើឱ្យមានតំបន់ដែលគ្មានសង្គ្រាមស៊ីវិល ឬតំបន់ដែលគ្មានជម្លោះនៅក្នុងអាស៊ីអាគ្នេយ៍ ប៉ុន្តែនៅពេលនោះ គ្មានរដ្ឋសមាជិកអាស៊ានណាមួយបានគិតអំពីការកើតមានឡើងវិញនៃសង្គ្រាមស៊ីវិលនៅក្នុងតំបន់នោះទេ ខណៈភូមានៅពេលនេះ កំពុងធ្លាក់ចូលទៅក្នុងវិបត្តិដែលលោកបានព្រួយបារម្ភកាលពី ១០ឆ្នាំមុនយ៉ាងពិតប្រាកដ។
បុរសខ្លាំងក្រាញអំណាចជាង ៤ទសវត្ស លោក ហ៊ុន សែន លើកឡើងថា កម្ពុជាគាំទ្រយ៉ាងមុតមាំជានិច្ចចំពោះយន្តការពហុភាគីនិយម និងបើកចំហ ព្រមទាំងពង្រឹងនូវយន្តការដឹកនាំដោយអាស៊ាន ឬសណ្ដាប់ធ្នាប់តំបន់ដែលដឹកនាំដោយអាស៊ាន និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិដោយម៉ឺងម៉ាត់។
បន្ទាប់ពីរបបសឹកភូមាធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិលស្របច្បាប់របស់អ្នកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មេយោធាផ្ដាច់ការភូមា លោក មីន អ៊ុងឡាំង បានសម្លាប់ប្រជាពលរដ្ឋភូមាអស់រាប់ពាន់នាក់។ លើសពីនេះ របបសឹកភូមា ក៏បានកាត់ទោសប្រហារជីវិតសកម្មជនប្រជាធិបតេយ្យជាច្រើននាក់ថែមទៀត ខណៈមនុស្សជាង ១០០នាក់ផ្សេងទៀតក៏នឹងត្រូវកាត់ទោសប្រហារជីវិតដែរ ស្របពេលដែលពលរដ្ឋភូមាជាង ១ម៉ឺននាក់កំពុងត្រូវបានឃុំខ្លួនរហូតដល់ពេលនេះ។
ចាប់តាំងពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ធ្វើជាប្រធានអាស៊ានប្តូរវេនបន្តដឹកនាំអាស៊ានពីប្រទេសប្រ៊ុយណេ កាលពីដើមខែមករា ឆ្នាំ២០២២ មក ត្រូវគេមើលឃើញថា ប្រធានអាស៊ានរូបនេះមិនបានធ្វើឱ្យវិបត្តិនៅភូមាថយចុះនោះទេ គឺមានតែកើនឡើងជាលំដាប់ ក្រោយជំនួបទ្វេភាគីរបស់ខ្លួនជាមួយនឹងមេយោធាផ្ដាច់ការភូមា ដែលមិនស្ថិតក្នុងជំហររបស់អាស៊ានជុំវិញការជំរុញកិច្ចព្រមព្រៀងទាំង ៥ចំណុចកាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២២ មក។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌុលឡាស់ បានរិះគន់មេដឹកនាំកម្ពុជាថា លោក ហ៊ុន សែន គួរតែពិភាក្សាជាមួយមេដឹកនាំអាស៊ានផ្សេងទៀត មុននឹងសម្រេចចិត្តធ្វើដំណើរទៅប្រទេសភូមា ជួបជាមួយលោក មីន អ៊ុងឡាំង នៅពេលនោះ។
លោក សៃហ្វូឌីន អាប់ឌុលឡាស់ (Saifuddin Abdullah) បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ានមួយចំនួនមិនយល់ស្របនឹងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នេះឡើយ ព្រោះពួកគេបារម្ភថា វាអាចត្រូវបានមើលឃើញថាជាការទទួលស្គាល់ថ្នាក់តំបន់នៃការដឹកនាំរបបយោធាក្នុងប្រទេសភូមាទៅវិញ។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីរូបនេះសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចក្នុងនាមមេដឹកនាំរដ្ឋមួយ មិនមែនជាបញ្ហានោះទេ ប៉ុន្តែដំណើរទស្សនកិច្ចនេះកើតឡើងនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានរួចហើយ ដូច្នេះគួរតែមានការពិភាក្សាជាមួយមេដឹកនាំអាស៊ានផ្សេងទៀត ដើម្បីស្វែងរកការយល់ឃើញស្របគ្នាមួយមុននឹងសម្រេចអនុវត្តកិច្ចការនេះ។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះថា ក្នុងតួនាទីជាប្រធានអាស៊ានរបស់លោក ហ៊ុន សែន ពេញមួយឆ្នាំ គាត់មិនហ៊ានលើកយកបញ្ហារបស់ភូមាយកទៅនិយាយជាមួយមេដឹកនាំភូមា នោះទេ។ ជាងនេះទៀត សូម្បីតែការអនុវត្តវិធានការណាមួយដើម្បីទប់ស្កាត់ការរំលោភសិទ្ធិមនុស្សនៅភូមា ក៏លោក ហ៊ុន សែន មិនដែលលើកឡើងដែរ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា វិបត្តិនៅភូមាដែលកំពុងកើតមានសព្វថ្ងៃនេះ គឺមិនអាចឲ្យលោក ហ៊ុន សែន កែខៃឲ្យល្អប្រសើរឡើងវិញបានទេ ដោយសារតែគាត់បានធ្វើឲ្យខូចនយោបាយការទូតដែលដាក់ចេញដោយមេដឹកនាំអាស៊ាននូវការជំរុញឲ្យមេយោធាផ្ដាច់ការភូមា ឲ្យអនុវត្តកិច្ចព្រមព្រៀងទាំង ៥ចំណុចតាំងពីគាត់បានសម្រេចចូលទៅដោះស្រាយវិបត្តិនោះដោយឯកតោភាគីជាមួយមេដឹកនាំភូមា កាលពីដើមឆ្នាំ២០២២ មកម្ល៉េះ៕