33 C
Phnom Penh

អ្នក​ឃ្លាំមើល៖ បើ​អំពើ​ជួញដូរ​មនុស្ស​មាន​មន្ត្រី​ធំៗ​នៅ​ពី​ក្រោយ កម្ពុជា​នឹង​ក្លាយ​ជា​សម្បុក​ឧក្រិដ្ឋជន​ដ៏​សុខសាន្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម ព្រមាន​ថា ប្រសិនបើ​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​មាន​មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ពី​ក្រោយ​ខ្នង នោះ​កម្ពុជា​នឹង​ក្លាយ​ជា​សម្បុក​របស់​ឧក្រិដ្ឋជន​ដ៏​សុខសាន្ត ហើយ​ក៏​មិន​អាច​ដក​ខ្លួន​រួច​ពី​បញ្ជី​តាមដាន​របស់​អន្តរជាតិ​ដែរ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ វិច្ឆិកា នេះ​ថា បើ​អំពើ​ជួញដូរ​មនុស្ស​មិន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ណា​មួយ​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​នៅតែ​បង្ក្រាប​មិន​បាន មាន​ន័យ​ថា សមត្ថភាព​របស់​សមត្ថកិច្ច​ពួកគេ​គួរតែ​លាលែង​ចេញពី​តំណែង ឬ​ត្រូវ​ទទួល​ពិន័យ​ណា​មួយ​ពី​រដ្ឋាភិបាល​ដែល​អសមត្ថភាព​ចំពោះ​តួនាទី​របស់​ខ្លួន ក្នុង​ការ​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​នេះ។

លោក សេក សុជាតិ ត្អូញត្អែរ​ថា ប្រសិនបើ​គ្មាន​ការ​ប្ដេជ្ញា​ពី​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​ឱ្យ​អស់​ពី​កម្ពុជា​ដោយ​ពិតប្រាកដ​ទេ អំពើ​ល្មើស​ទាំងនេះ​នឹង​នៅតែ​បន្ត​រីក​រាលដាល​បន្ថែម​ទៀត ព្រោះ​ថា​ក្រុម​ឧក្រិដ្ឋជន​ដឹង​យ៉ាង​ច្បាស់​ពី​សកម្មភាព​របស់​ពួកគេ។ បើ​ពួកគេ​ធ្វើ​សកម្មភាព​ក្នុង​កម្រិត​តូច នឹង​ទទួល​បាន​ផល​តិច ប៉ុន្តែ​បើ​ពួកគេ​ពង្រីក​សកម្មភាព​ក្នុង​កម្រិត​ធំ នឹង​ទទួល​បាន​ផល​ច្រើន។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​របាយការណ៍​ស្ដីពី​ការ​ជួយ​ជនរងគ្រោះ​ពី​អំពើ​ជួញដូរ​មនុស្ស ទាសភាព និង​ការ​រំលោភ​បំពាន​ផ្លូវភេទ​កាលពី​ថ្ងៃ​ពុធ ទី​២៣ វិច្ឆិកា នេះ។

កាលពី​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង បាន​លើកឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​ចែករំលែក​បទពិសោធន៍​អំពី​អ្នក​រស់​រាន​មាន​ជីវិត​ពី​អំពើ​ជួញដូរ​មនុស្ស​ថា យ៉ាងហោចណាស់​មាន​អ្នក​រស់​រាន​មាន​ជីវិត​ប្រមាណ​ជាង ៤​ពាន់​នាក់​ពី​ការ​ជួញដូរ​មនុស្ស ទាសភាព និង​ការ​រំលោភ​បំពាន ទទួល​បាន​ជីវិត​ល្អ​ប្រសើរ​ឡើងវិញ ក្រោយពី​ការ​ជួយ​សង្គ្រោះ​របស់​សមត្ថកិច្ច។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​រូប​នេះ​អះអាង​ថា អំពើ​ជួញដូរ​មនុស្ស ទាសភាព និង​ការ​រំលោភ​បំពាន​នៅ​ប្រទេស​ណា​ក៏​មាន​ដែរ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដេជ្ញា​ខ្ពស់​ក្នុង​ការ​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់​ប្រទេស និង​កម្រិត​តំបន់ ដើម្បី​លុបបំបាត់​រាល់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​កេងប្រវ័ញ្ច​នានា។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ចន្ទ ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​តែងតាំង​អភិបាល​ថ្មី​នៃ​ខេត្ត​ពោធិ៍សាត់ ថា នៅ​ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មដា​របស់​ឧកញ៉ា ទ្រី ភាព កំពុងតែ​ក្លាយ​ជា​ទីតាំង​ប្រតិបត្តិការ​ឆបោក​ដ៏​ល្បី​ឈ្មោះ​នៅ​ពេល​នេះ ក្នុង​នោះ​បទល្មើស​ដែល​មាន​ការ​រៀបចំ​មួយ​ចំនួន គឺ​មាន​ប្រភព​ចេញពី​ខេត្ត​ព្រះសីហនុ ហើយ​ក៏​បាន​ចូល​ទៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មដា​នៅ​ពេលនេះ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ព្រមាន​ទៅ​កាន់​នគរបាល​ជាតិ​ថា កុំ​បណ្ដោយ​ឱ្យ​បទល្មើស​ទាំងនេះ​កាន់តែ​រីក​ធំ​ឱ្យ​សោះ ព្រោះ​ថា​ពួក​ឧក្រិដ្ឋជន និង​មេខ្លោង​នៃ​អំពើ​ជួញដូរ​មនុស្ស បាន​យក​កម្ពុជា​ជា​កន្លែង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​យ៉ាង​អនាធិបតេយ្យ ប៉ុន្តែ​បើ​គ្មាន​មន្ត្រី​រដ្ឋាភិបាល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ទេ បញ្ហា​ទាំងនេះ​គឺ​ងាយស្រួល​ដោះស្រាយ​បំផុត។

ក្រសួង​ការបរទេស​អាមេរិក កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ក៏​បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២២ ស្ដីពី​ការ​ជួញដូរ​មនុស្ស​របស់​ខ្លួន​ផង​ដែរ​ដែល​ទម្លាក់​កម្ពុជា វៀតណាម តំបន់​ម៉ាកាវ និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជី​ខ្មៅ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​ពីរ (Tier 2 Watch List) ទៅ​កម្រិត​៣ (Tier 3 Watch List) ដែល​នៅតែ​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន The Australian បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​កំពុង​រង​នូវ​ការ​សង្ស័យ​ថា​កំពុង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ធំ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​ជនជាតិ​ចិន ដោយ​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ក្មួយប្រុស​របស់​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ។

លើស​ពី​នេះ សារព័ត៌មាន​អន្តរជាតិ អាល់ចាហ្ស៊ីរ៉ា (Aljazeera) ក៏​បាន​រក​ឃើញ​ដែរ​ថា អំពើ​ជួញដូរ​មនុស្ស​នេះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ទៅ​នឹង​ថ្នាក់​ដឹកនាំ​កំពូលៗ​នៅ​កម្ពុជា ដូចជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី ម៉ែន សំអន លោក ហ៊ីង ប៊ុនហៀង និង​បុគ្គល​មាន​តួនាទី​ខ្ពស់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស