28 C
Phnom Penh

អ្នក​ឃ្លាំមើល៖ កម្ពុជា​នឹង​មិន​អាច​បំបាត់​អំពើ​ពុករលួយ​បាន​ទេ បើ​ច្បាប់​នៅ​ក្រោម​ឥទ្ធិពល​មេដឹកនាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយក​បេសកកម្ម​ក្រៅ​ប្រទេស​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​អាច​បំបាត់​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​របស់​ខ្លួន​បាន​ទេ បើ​ច្បាប់​នៅតែ​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​បទបញ្ជា​របស់​ខ្លួន។

នាយក​បេសកកម្ម​ក្រៅ​ប្រទេស​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ វិច្ឆិកា នេះ​ថា សម្បុក​របស់​អំពើពុករលួយ​នឹង​កើត​មាន​យ៉ាង​អនាធិបតេយ្យ​តែ​ទៅ​លើ​ប្រទេស​ណា​ដែល​មេដឹកនាំ​យក​ច្បាប់​នៃ​ប្រទេស​នោះ ធ្វើ​ជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន ដើម្បី​រក​ផល​ប្រយោជន៍​សម្រាប់​ក្រុម​បក្ខពួក​របស់​គេ​ប៉ុណ្ណោះ ហើយ​សញ្ញា​បែប​នេះ គឺជា​ការ​ព្រមាន​យ៉ាង​ធ្ងន់ធ្ងរ​ថា នីតិរដ្ឋ​នៃ​ប្រទេស​នោះ​នឹង​ត្រូវ​វិនាស​សាបសូន្យ​ម្តង​បន្តិចៗ​រហូត​រលាយ​បាត់​តែម្តង។

លោក មាជ សុវណ្ណារ៉ា ត្អូញត្អែរ​ថា នៅ​ពេល​ដែល​អំពើពុករលួយ​កើត​មាន​នៅ​ប្រទេស​ណា ច្បាប់​នៃ​ប្រទេស​នោះ​នឹង​មិន​ត្រូវ​បាន​មេដឹកនាំ​យក​មក​អនុវត្ត​ឲ្យ​បាន​ទូលំទូលាយ​នោះ​ទេ ខណៈ​ពលរដ្ឋ​នឹង​ស្គាល់​តែ​ភាព​អយុត្តិធម៌ រង​នូវ​ការ​ចាប់​ខ្លួន រឹតត្បិត​សេរីភាព​គ្រប់​បែប​យ៉ាង ចំណែក​សម្បត្តិ​ធម្មជាតិ ដូចជា​ព្រៃឈើ ជីវចម្រុះ និង​រ៉ែ ជាដើម នឹង​រង​នូវ​ការ​បំផ្លាញ​ខ្ទេចខ្ទី ដែល​នឹង​មិន​អាច​ឲ្យ​ប្រទេស​នោះ​ងើប​ផុត​ពី​ប្រទេស​ក្រីក្រ ដើម្បី​ប្រែ​ក្លាយ​ខ្លួន​ទៅ​ជា​ប្រទេស​ស៊ីវិល័យ​បាន​ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​ជុំវិញ​កិច្ចប្រជុំ​របស់​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​អាស៊ាន ឬ​អាស៊ាន​ផេក (ASEAN-PAC) កាលពី​ដើម​សប្តាហ៍​កន្លងទៅ​នេះ។

កាលពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រឆាំង​អំពើពុករលួយ​អាស៊ាន ឬ​អាស៊ាន​ផេក (ASEAN-PAC) លើក​ទី​១៨ ក្រោម​ប្រធានបទ «រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ» ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ និង​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​អាស៊ាន​នីមួយៗ និង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន-ផេក។

ជុំវិញ​កិច្ចប្រជុំ​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​មាន​ក្រុម​គ្រួសារ​កាន់កាប់​ជំនួញ​រាប់​រយ​មុខ​របស់​កម្ពុជា លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ បាន​សំណូមពរ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កម្ពុជា ខិតខំ​បំពេញ​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ល្អ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​គាំទ្រ​ជានិច្ច​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​គ្រប់​រូបភាព​លើ​គ្រប់​វិស័យ​ទាំងអស់។

លោក ហ៊ុន សែន ដែល​ដឹកនាំ​តាម​របៀប​ក្រុម​គ្រួសារ​បក្ខពួក​និយម អះអាង​ថា លោក​នឹង​គាំទ្រ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ពេញ​ទំហឹង​ក្នុង​ការ​ពង្រឹង​សមត្ថភាព ដើម្បី​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ទាំង​ក្នុង​ប្រទេស និង​ក្នុង​តំបន់ ព្រោះ​ថា​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ជាច្រើន ដូចជា​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ ក្រុម​ការងារ​ហិរញ្ញវត្ថុ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម អនុស្សរណៈ​នៃ​ការ​យោគយល់​អាស៊ាន-ផេក និង​អនុស្សរណៈ​នៃ​ការ​យោគយល់​ជាច្រើន​ទៀត​ផង​ដែរ។

កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​លាតត្រដាង​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១៥៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ នៅ​លើ​ពិភពលោក​ជុំវិញ​អំពើពុករលួយ​កាលពី​ឆ្នាំ​២០២១ ហើយ​ចំណាត់ថ្នាក់​នេះ​បាន​ថយ​ជាង​ឆ្នាំ​២០២០ បន្តិច ដែល​មាន​ចំណាត់ថ្នាក់​១៦០ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ចំណាត់ថ្នាក់​លេខ​១៥៧ នេះ នៅតែ​បង្ហាញ​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​កម្រិត​ពុករលួយ​អាក្រក់​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ទាំង ១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​ហៅ​កាត់​ថា​អាស៊ាន។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លងទៅ​ថា នៅ​កម្ពុជា ការ​ប្រព្រឹត្ត​អំពើពុករលួយ​ខ្នាត​តូច​ទាក់ទង​នឹង​ការ​ផ្តល់​សេវា​សាធារណៈ​តាម​មូលដ្ឋាន​មាន​តិច​ជាង​មុន ប៉ុន្តែ​សម្រាប់​អំពើពុករលួយ​ធំៗ​ដែល​ពាក់ព័ន្ធ​នឹង​បក្ខពួក សែស្រឡាយ ការ​ឃុបឃិត​គ្នា​រវាង​អ្នក​មាន​អំណាច អ្នក​មាន​លុយ នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ។

កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ចូល​ទៅ​ក្នុង​ប្រទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​តាំងពី​ឆ្នាំ​២០១២ មក ក្នុង​នោះ​ឆ្នាំ​២០១៦ កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១៥៦ និង​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ជាប់​ចំណាត់ថ្នាក់​លេខ​១៦១ ពីរ​ឆ្នាំ​ជាប់​គ្នា ខណៈ​ឆ្នាំ​២០១៩ ជាប់​លេខ​១៦២ និង​ឆ្នាំ​២០២០ ជាប់​លេខ​១៦០ និង​ឆ្នាំ​២០២១ ជាប់​ចំណាត់ថ្នាក់​លេខ​១៥៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ នៅ​ទូទាំង​ពិភពលោក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស