អតីតនាយកខុទ្ទកាល័យមេដឹកនាំបក្សប្រឆាំង លើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បរាជ័យមិនអាចទប់ស្កាត់លោក សម រង្ស៉ី ពីការដឹកនាំបញ្ជា និងអនុវត្តនយោបាយជ្រុលនិយម ព្រោះគណបក្សភ្លើងទៀន នៅតែស្ថិតក្រោមការកាច់ចង្កូតពីលោក សម រង្ស៉ី ដដែល។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃអាទិត្យ ទី២៧ វិច្ឆិកា នេះថា ខួបទី២៧ឆ្នាំរបស់គណបក្សភ្លើងទៀន ដែលត្រូវបានប្តូរឈ្មោះមកពីគណបក្ស សម រង្ស៉ី និងមានឈ្មោះដើមជាគណបក្សជាតិខ្មែរ ដែលមានលោក សម រង្ស៉ី ជាស្ថាបនិក និងជាប្រធាន ហើយក៏ជាគណបក្សដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថាជាគណបក្សដែលអនុវត្តមនោគមវិជ្ជាជ្រុលនិយមរហូតមកដែរ។
លោក មុត ចន្ថា លើកឡើងថា ទោះបីនៅពេលនេះមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អាចទប់ស្កាត់លោក សម រង្ស៉ី និងអ្នកនយោបាយជំនិតរបស់គាត់ពីការដឹកនាំ បញ្ជា និងអនុវត្តនយោបាយជ្រុលនិយមដោយផ្ទាល់ក៏ដោយ ប៉ុន្តែគណបក្សភ្លើងទៀននៅតែស្ថិតក្រោមការកាច់ចង្កូតយ៉ាងណែនពីលោក សម រង្ស៉ី និងលោក អេង ឆៃអ៊ាង ដដែល និងបានបន្តនយោបាយជ្រុលនិយមរបស់ពួកគេរហូតអាចចាក់ឫសយ៉ាងជ្រៅដោយគ្មានការទប់ស្កាត់អ្វីទាំងអស់។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបញ្ជាក់ថា ការប្រកាសតាមកម្ទេចក្រុមជ្រុលនិយម និងសកម្មភាពជាក់ស្តែងដែលបញ្ច្រាសគ្នារបស់រដ្ឋាភិបាលដូចសព្វថ្ងៃនេះ តើអាចដូចពាក្យដំណាលថា តមមេមាន់ ទទួលទានពងមាន់ដែរឬទេ ព្រោះថាខ្លួនតែងអះអាងថា មានភស្តុតាងរឹងមាំអស់ហើយជុំវិញទង្វើរំលោភបំពានច្បាប់របស់ក្រុមជ្រុលនិយមទាំងនោះ ប៉ុន្តែបែរជាមិនអនុវត្តច្បាប់ទៅលើអ្នកល្មើសទាំងនោះទៅវិញ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគណបក្សភ្លើងទៀន ប្រារព្ធខួប ២៧ឆ្នាំរបស់ខ្លួនស្របពេលបក្សនេះត្រូវរដ្ឋាភិបាលចោទថាបានជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ដែលខ្លួនចាត់ទុកថាជាក្រុមជ្រុលនិយមរហូតមក។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ គណបក្សភ្លើងទៀន បានរៀបចំពិធី «អបអរសាទរខួប ២៧ឆ្នាំថ្ងៃបង្កើតគណបក្សភ្លើងទៀន» នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីគណបក្សនេះត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ដែលមានឈ្មោះដើមថា គណបក្សជាតិខ្មែរ និងក្រោយមកបានប្តូរទៅជាគណបក្ស សម រង្ស៊ី ហើយនៅចុងក្រោយនេះ ក៏បានប្តូរឈ្មោះទៅជាគណបក្សភ្លើងទៀន ប៉ុន្តែគណបក្សនេះត្រូវគេសង្ស័យថានៅតែស្ថិតក្រោមការគ្រប់គ្រងរបស់លោក សម រង្ស៊ី ដែលជាស្ថាបនិកដដែល។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ក្នុងចំណោមមេដឹកនាំបក្សប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី គឺជាអ្នកនយោបាយប្រឆាំងនឹងលោក ហ៊ុន សែន ដ៏ក្តៅគគុក ប៉ុន្តែក៏គេមើលឃើញដែរថា លោក សម រង្ស៊ី ក៏ជាអ្នកនយោបាយដ៏ផ្អែមត្រជាក់ និងស្អិតល្មួតជាមួយលោក ហ៊ុន សែន ផងដែរក្នុងការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក បើទោះបីជាលោក សម រង្ស៊ី ធ្លាប់អះអាងថា «មានស៊ី អត់សែន មានសែន អត់ស៊ី» ក៏ដោយ។
ជាក់ស្តែងកាលពីឆ្នាំ២០០៦ លោក សម រង្ស៊ី ធ្លាប់បានសហការជាមួយលោក ហ៊ុន សែន កែប្រែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មកជា ៥០ភាគរយបូក១ ដែលពួកគេអាចទទួលបានផលប្រយោជន៍រៀងខ្លួន ក្នុងនោះលោក ហ៊ុន សែន អាចបង្កើតរដ្ឋាភិបាលដោយមិនត្រូវការគណបក្សហ៊្វុនស៊ិនប៉ិចចូលរួមជាមួយដើម្បីបង្គ្រប់សំឡេង ២ភាគ៣ ចំណែកលោក សម រង្ស៊ី ក៏មានឱកាសកម្ចាត់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ចេញពីឆាកនយោបាយផងដែរ។
ប្រភពដដែលលើកឡើងថា គណបក្សភ្លើងទៀនដែលគេអះអាងថាមានលោក សម រង្ស៊ី នៅពីក្រោយ នឹងជួយឲ្យគណបក្សកាន់អំណាចឈ្នះឆ្នោតដោយស្របច្បាប់ម្តងទៀតក្រោយការបោះឆ្នោតជាតិឆ្នាំ២០២៣ បន្ទាប់ពីគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត ក្នុងនោះគណបក្សភ្លើងទៀននឹងទទួលបានកៅអីខ្លះក្នុងរដ្ឋសភា ដែលជាការបង្ហាញឲ្យឃើញថាមានគណបក្សចម្រុះក្នុងសភាជាតិ មិនមែនឯកបក្សដូចសព្វថ្ងៃនេះ៕