អង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិ និងសហជីពជិត ៧០ស្ថាប័ន ទាមទារឲ្យរដ្ឋាភិបាលដោះលែងកញ្ញា ឈឹម ស៊ីថរ ចេញពីពន្ធនាគារជាបន្ទាន់ និងឥតលក្ខខណ្ឌ ដោយចាត់ទុកការដាក់ទោសពលរដ្ឋដោយសារខកខានក្នុងការអនុវត្តនូវលក្ខខណ្ឌដែលមិនបានប្រាប់ឲ្យដឹងមុន គឺជាភាពអយុត្តិធម៌បំផុត និងល្មើសទៅនឹងគោលការណ៍ជាមូលដ្ឋាននៃនីតិរដ្ឋ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានចាប់ និងបញ្ជូនកញ្ញា ឈឹម ស៊ីថរ ទៅឃុំខ្លួននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ក្រោមហេតុផលថា កញ្ញា ស៊ីថរ ល្មើសបម្រាម ឬគេចវេះពីការត្រួតពិនិត្យរបស់តុលាការដោយចេញទៅក្រៅប្រទេស។
ក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលចំនួន ៦៩ស្ថាប័នចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា នេះ បានឱ្យដឹងថា កញ្ញា ស៊ីថរ ត្រូវបានអាជ្ញាធរអន្តោប្រវេសន៍អនុញ្ញាតឲ្យចាកចេញទៅចូលរួមកិច្ចប្រជុំសហជីពអន្តរជាតិនៅក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែបែរជាត្រូវចាប់ខ្លួននៅពេលកញ្ញាត្រឡប់ចូលមកប្រទេសទៅវិញ។
សេចក្ដីថ្លែងការណ៍ដដែលថា ប្រសិនបើអាជ្ញាធរចង់ឲ្យកញ្ញា ស៊ីថរ គោរពនូវលក្ខខណ្ឌនៃការដោះលែងទាំងនោះ ពួកគេគួរតែជូនដំណឹងអំពីលក្ខខណ្ឌទាំងនោះឲ្យសាមីខ្លួន និងមេធាវីរបស់សាមីខ្លួនបានដឹង។
ក្រុមសង្គមស៊ីវិលចាត់ទុកការដាក់ទោសពលរដ្ឋដោយសារខកខានក្នុងការអនុវត្តនូវលក្ខខណ្ឌដែលមិនដែលបានប្រាប់ឲ្យដឹងមុន គឺជាភាពអយុត្តិធម៌បំផុត ហើយល្មើសទៅនឹងគោលការណ៍ជាមូលដ្ឋាននៃនីតិរដ្ឋ។
អគ្គលេខាធិការនៃសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) អ្នកស្រី ឃ្លាំង សុបិន្ដ បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ដោយអំពាវនាវដល់អាជ្ញាធររដ្ឋបញ្ឈប់ការលាបពណ៌ និងចាត់ទុកការធ្វើកូដកម្មរបស់សហជីពណាហ្គាវើលដ៍ ថាជាការតវ៉ាខុសច្បាប់។
អ្នកស្រីបន្តថា ការធ្វើកូដកម្មរបស់សហជីព ធ្វើឡើងស្របតាមច្បាប់របស់កម្មករនិយោជិតដែលត្រូវបានក្រុមហ៊ុនបរទេសរំលោភបំពានលើសិទ្ធិ និងច្បាប់ការងាររបស់ប្រទេស។ លើសពីនេះ បញ្ហាកូដកម្មរបស់សហជីពណាហ្គាវើលដ៍ ត្រូវតែធ្វើការដោះស្រាយដោយផ្អែកលើច្បាប់ការងារ ហើយអាជ្ញាធរត្រូវតែឈប់ចាត់ទុកសមាជិកសហជីពជាឧក្រិដ្ឋជនខុសច្បាប់ ដោយគ្រាន់តែអ្នកទាំងនោះអនុវត្តនូវសិទ្ធិ និងការងារស្របច្បាប់ និងមិនអាត្មានិយមរបស់ពួកគេ ដើម្បីការងារសិទ្ធិស្របច្បាប់របស់អ្នកដទៃ។
អគ្គលេខាធិការនៃសហជីពទ្រទ្រង់សិទ្ធិការងាររូបនេះ អំពាវនាវដល់អាជ្ញាធររដ្ឋដោះលែងកញ្ញា ស៊ីថរ ឲ្យបានឆាប់រហ័ស និងលើកចោលបទចោទប្រកាន់ទាំងអស់ចំពោះកញ្ញា ស៊ីថរ ក៏ដូចជាមេដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៍ដទៃទៀត ។
ចំណែកប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ លើកឡើងដែរថា ប្រសិនបើតុលាការឯករាជ្យ សុក្រឹត យុត្តិធម៌ កញ្ញា ស៊ីថរ គួរតែត្រូវបានលើកកម្ពស់ និងការពារដោយច្បាប់។
លោកចាត់ទុកការចាប់ខ្លួនសកម្មជនសិទ្ធិការងារដ៏លេចធ្លោរូបនេះ គឺជាការរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារយ៉ាងធ្ងន់ធ្ងរ ដោយការចោទប្រកាន់របស់តុលាការមិនបានផ្អែកលើមូលដ្ឋានច្បាប់។
អង្គការ សមាគម សហជីព សហគមន៍ទាំង ៦៩ស្ថាប័ន អំពាវនាវដល់រាជរដ្ឋាភិបាលឲ្យឈប់ភ័យខ្លាចនូវវត្តមានភាពក្លាហាន និងភាពរឹងមាំរបស់កញ្ញា ស៊ីថរ តទៅទៀត។ ពួកគេទាមទារទៅអាជ្ញាធររដ្ឋដោះលែងកញ្ញា ស៊ីថរ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌចេញពីពន្ធនាគារ និងបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំភិតបំភ័យប្រធាន និងសមាជិកសហជីពតទៅទៀត។
ពួកគេក៏បានទាមទារឲ្យអាជ្ញាធររដ្ឋត្រូវតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងបញ្ឈប់ការចាត់ទុកកញ្ញា ស៊ីថរ សមាជិកសហជីពណាហ្គាវើលដ៍ ក៏ដូចជាប្រធានសហជីពក្នុងរោងចក្រកាត់ដេរ សណ្ឋាគារ និងក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដទៃទៀតថាជាសត្រូវរបស់អាជ្ញាធរ។

អង្គការ សមាគម សហជីព សហគមន៍ទាំង ៦៩ស្ថាប័នចេញសេចក្ដីថ្លែងការណ៍ ក្នុងនោះមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) សមាគមការពារសិទ្ធិមនុស្ស (ADHOC) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) និងសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) ជាដើម។
កញ្ញា ស៊ីថរ ដែលទើបតែជាប់ឆ្នោតក្លាយជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) សម្រាប់អាណត្តិថ្មី ត្រូវបានអាជ្ញាធរចាប់ខ្លួននៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២២ នៅពេលដែលកញ្ញាត្រឡប់មកពីចូលរួមកិច្ចប្រជុំសហព័ន្ធសហជីពអន្តរជាតិនៅក្នុងប្រទេសអូស្ត្រាលី។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់» តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ កាលពីខែមករា ឆ្នាំ២០២២ ក្រោយពេលសហជីពកញ្ញាចាប់ផ្ដើមធ្វើកូដកម្មអហិង្សាទាមទាររកដំណោះស្រាយការងារពីភាគីក្រុមហ៊ុនបនល្បែងមួយនេះ។

កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួនយ៉ាងហិង្សាកាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ អំឡុងពេលព្យាយាមចូលរួមធ្វើកូដកម្មជាមួយកូដករផ្សេងទៀត ហើយត្រូវបានជាប់ឃុំបណ្ដោះអាសន្នក្នុងពន្ធនាគារអស់រយៈពេល ២ខែជាមួយនឹងថ្នាក់ដឹកនាំ និងសមាជិករបស់ខ្លួនចំនួន ១០នាក់ផ្សេងទៀត មុនពេលមានការដោះលែងឱ្យនៅក្រៅឃុំវិញកាលពីខែមីនា ឆ្នាំនេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអះអាងថា នៅកម្ពុជាមានតែសហជីពស្និទ្ធនឹងថៅកែទេដែលអាចបន្តរស់រានមានជីវិតបានល្អប្រសើរ ខណៈសហជីពឯករាជ្យក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍ រងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត៕