34 C
Phnom Penh

មហាក្សត្រ​ម៉ាឡេស៊ី​អនុវត្ត​សិទ្ធិ​វះកាត់​វិបត្តិ​នយោបាយ​ដោយ​ចាត់តាំង​មេ​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ទីបំផុត លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​ស្បថ​ចូល​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ទី​១០ នៃ​រាជាណាចក្រ​ម៉ាឡេស៊ី ដែល​ជា​ការ​ទម្លាយ​ភាព​ទាល់ច្រក​ក្រោយពី​ការ​បោះឆ្នោត​ថ្ងៃទី​១៩ ខែ​វិច្ឆិកា។

ការ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​អ្នកទោស​នយោបាយ​រូប​នេះ ធ្វើឡើង​ក្រោម​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ Abdullah Ahmad Shah បន្ទាប់ពី​ព្រះអង្គ​បាន​សម្រេច​កោះ​ប្រជុំ​ក្សត្រ sultan ប្រចាំ​រដ្ឋ​ចំនួន​៩ ឲ្យ​យាង​មក​ប្រជុំ​ក្នុង​ព្រះបរមរាជវាំង​ជាមួយ​នឹង​ព្រះអង្គ ដើម្បី​សម្រេច​អំពី​បេក្ខជន​រូប​ណា​សម​ជា​នាយករដ្ឋមន្ត្រី។ ក្នុង​ជំនួប​នេះ មហាក្សត្រ Abdullah Ahmad Shah បាន​សម្រេច​ដោយ​ឈរ​លើ​អំណាច​ព្រះរាជា​ប្តូរ​វេន។

នៅ​ថ្ងៃទី​២៤ វិច្ឆិកា បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ​បាន​សម្រេច​ចាត់តាំង​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជា​នាយករដ្ឋមន្ត្រី​ដោយ​តម្រូវ​ឲ្យ​លោក​ដឹកនាំ​ការ​បង្កើត​រដ្ឋាភិបាល​ក្រុម​ណា​មួយ​ក៏ដោយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ហើយ​ជា​គណបក្ស​ទទួល​បាន​អាសនៈ​ចេញពី​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​កន្លងមក​នេះ។

សេចក្ដី​ថ្លែងការណ៍​ពី​ព្រះបរមរាជវាំង​បាន​បញ្ជាក់​ថា ការពិត​ការ​បោះឆ្នោត​នេះ​មាន​ភាព​សុក្រឹត ត្រឹមត្រូវ សេរីភាព​នយោបាយ​គឺ​មាន​ការ​បើក​ចំហ ហើយ​បើ​ទោះជា​ភាព​ឈ្នះ​នៃ​បក្ស​នីមួយៗ​មិន​លើសលប់​ក៏ដោយ។

ព្រះអង្គ​មាន​បន្ទូល​ក្នុង​ព្រះរាជសារ​ទៀត​ថា គេ​មិន​ត្រូវ​ទាញ​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​ភាព​ចលាចល​នោះ​ទេ ហើយ​ការ​បង្កើត​រដ្ឋាភិបាល​ឯកភាព​មួយ គឺជា​ការ​ចាំបាច់​នៅ​ពេល​នេះ។ ព្រះរាជសារ​របស់​ព្រះអង្គ​បាន​បញ្ជាក់​ទៀត​ថា អ្នក​បោះឆ្នោត​ក៏​គួរតែ​ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់ ហើយ​ត្រូវ​ចេះ​ស្រឡាញ់​ជន​រួម​ជាតិ និង​ជួយ​ធ្វើ​ឱ្យ​សង្គម​មាន​សន្តិភាព និង​ការ​អភិវឌ្ឍ។

បើ​តាម​សារ​របស់​ព្រះអង្គ រាជាណាចក្រ​ម៉ាឡេស៊ី ហៅថា​សហព័ន្ធ​ម៉ាឡេស៊ី ត្រូវការ​រដ្ឋាភិបាល​ដែល​មាន​ស្ថិរភាព​រឹងមាំ។ នៅ​ពេល​ជួប​មេដឹកនាំ​នយោបាយ​កាល​ថ្ងៃទី​២១ វិច្ឆិកា ព្រះមហាក្សត្រ​បាន​ប្រាប់​ទៅ​លោក អាន់វ៉ា និង មុយហ៊ីនឌីដ យ៉ាស៊ីន ដែល​ជា​មេដឹកនាំ​បក្ស​បាន​ឈ្នះ​អាសនៈ​ច្រើន​ជាងគេ ត្រូវ​រួម​បង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ​មួយ​រឹងមាំ តែ​លោក យ៉ាស៊ីន មិន​យល់​ស្រប​តាម​ការ​ផ្ដល់​ឱវាទ​ព្រះអង្គ​នោះ​ទេ។

តែ​នៅ​ពេលនេះ​នៅ​ពេល​ក្រុមប្រឹក្សា​រាជវាំង​សម្រេច​ចាត់តាំង​លោក អាន់វ៉ា ជា​នាយករដ្ឋមន្ត្រី ព្រោះ​តែ​បក្ស​របស់​លោក អាន់វ៉ា ជា​បក្ស​ឈ្នះ​ឆ្នោត​ច្រើន​ជាងគេ បាន​នាំ​ឲ្យ​លោក យ៉ាស៊ីន ស្ថិត​ក្នុង​ភាព​ទាល់ច្រក។ លោក​បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា លោក​យល់ព្រម​តាម​ព្រះរាជ​ឱវាទ​របស់​ព្រះមហាក្សត្រ។

ការ​បោះឆ្នោត​សភា​អាណត្តិ​ទី​១៥ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន មិន​មាន​បក្ស ឬ​សម្ពន្ធភាព​ណា​មួយ​ទទួល​សំឡេង ១១២​អាសនៈ​នៃ​រដ្ឋសភា​មាន​អាសនៈ​សរុប ២២២ ដើម្បី​បង្កើត​រដ្ឋាភិបាល​នោះ​ទេ។ ក្នុង​ចំណោម​នោះ សម្ពន្ធភាព​ពីរ​ទទួល​បាន​អាសនៈ​ច្រើន​ជាងគេ ក្នុង​នោះ​សម្ពន្ធភាព​ដឹកនាំ​ដោយ​មេ​បក្ស​ប្រឆាំង លោក អាន់វ៉ា អ៊ីប្រាហ៊ីម ទទួល​បាន​អាសនៈ​៨២។ បក្ស​របស់​អតីត​នាយករដ្ឋមន្ត្រី លោក យ៉ាស៊ីន ទទួល​បាន ៧៣​អាសនៈ ហើយ​សម្ពន្ធភាព​ដែល​កំពុង​ដឹកនាំ​ប្រទេស Barisan Nasional ទទួល​បាន ៣០​អាសនៈ។

ចំណែក​បក្ស​ចំនួន ៤​ទៀត​ក៏​ទទួល​បាន​អាសនៈ​ដែរ តែ​បាន​ជាង ២០​អាសនៈ និង​បក្ស ៣ ទៀត បាន​តែ​បី​បួន និង​ប្រាំមួយ​អាសនៈ។ តាម​គោលការណ៍​នៃ​ការ​បង្កើត​រដ្ឋសភា គឺ​តម្រូវ ១១២​អាសនៈ​ទើប​អាច​បង្កើត​រដ្ឋាភិបាល​បាន​ដោយ​ឯកឯង ដែល​គេ​ហៅថា​ទទួល​បាន​អាសនៈ ៥០​បូក​១ ជា​សំឡេង​ឆ្នោត​ដាច់ខាត ឬ​ពហុភាព។

ទោះជា​យ៉ាងណាក៏ដោយ ព្រះមហាក្សត្រ​បាន​ផ្ដល់​ការ​យល់ព្រម​ឲ្យ​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ស្បថ​ចូល​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ទី​១០ នៃ​រាជាណាចក្រ​មួយ​នេះ​នៅ​ក្នុង​សមាគម​អាស៊ាន។

តើ​អ្នក​នយោបាយ អាន់វ៉ា អ៊ីប្រាហ៊ីម មាន​ប្រវត្តិ​ដូចម្ដេច?

លោក អាន់វ៉ា សម្រេច​គោលដៅ​របស់​ខ្លួន​បន្ទាប់ពី​ចាប់ផ្តើម​ធ្វើ​នយោបាយ​អស់​រយៈពេល ៣​ទសវត្ស​មក​ហើយ គឺ​ចាប់តាំងពី​លោក​ដើរ​តាម​អ្នក​នយោបាយ​ជើងចាស់ លោក មហាធា មហាម៉ាត់ រហូត​ដល់​ក្លាយ​ជា​មេដឹកនាំ​ចលនា​បាតុកម្ម ជា​អ្នកទោស​នយោបាយ ជា​មេ​បក្ស​ប្រឆាំង និង​ចុងក្រោយ​នេះ ជា​នាយករដ្ឋមន្ត្រី​ទី​១០ នៃ​រាជាណាចក្រ​ម៉ាឡេស៊ី។

ទម្រាំ​ក្លាយ​ជា​មេដឹកនាំ​រដ្ឋាភិបាល លោក អាន់វ៉ា វ័យ ៧៥​ឆ្នាំ​ទៅ​ហើយ។ លោក​ធ្លាប់​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ផង និង​ឧបនាយករដ្ឋមន្ត្រី​ផង​ក្នុង​អាណត្តិ​នាយករដ្ឋមន្ត្រី មហាធា និង​ជិត​ក្លាយ​បាន​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ តែ​លោក​មិន​បាន​សម្រេច ព្រោះ​តែ​លោក ម៉ាហាធា ក្បត់​លោក​ដោយ​មិន​ព្រម​ផ្ទេរ​តំណែង​ឱ្យ​លោក​ទៅ​តាម​កិច្ចសន្យា​ក្នុង​សម្ពន្ធភាព​បក្ស​ប្រឆាំង​រួបរួម។

ក្រោយ​កិច្ចប្រជុំ​ពិសេស​ក្នុង​ចំណោម​មេដឹកនាំ​បក្ស​ជាមួយ​ព្រះមហាក្សត្រ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ព្រះបរមរាជវាំង​ក៏​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រកាស​ថា លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជា​នាយករដ្ឋមន្ត្រី​ថ្មី។

សេចក្ដី​ថ្លែងការណ៍​ដែល​ស្រង់​ព្រះរាជ​បន្ទូល​ព្រះមហាក្សត្រ គឺ​ព្រះអង្គ​សម្រេច​តាម​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត។

អន្តរាគមន៍​ពី​ព្រះរាជា​ប្រទេស​ម៉ាឡេស៊ី Sultan Ahmad Shah ដែល​ស្ដេច​កំពុង​គ្រងរាជ្យ​នៅ​ពេលនេះ បាន​ធ្វើ​ឲ្យ​អ្នកវិភាគ និង​អ្នក​សង្កេតការណ៍​ក្នុង​តំបន់​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ព្រោះ​បើ​ស្ដេច​ផែនដី​មួយ​នេះ​មិន​ចេញ​ព្រះភ័ក្ត្រ​ធ្វើ​អន្តរាគមន៍​នោះ​ទេ គឺ​វិបត្តិ​នយោបាយ​នឹង​ចាប់ផ្ដើម​ផ្ទុះ​ឡើង​ធ្ងន់ធ្ងរ។

ក្រុម​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ មិន​ត្រឹមតែ​ស្ញប់ស្ញែង​ភាព​ក្លាហាន​របស់​ព្រះមហាក្សត្រ Sultan Ahmad Shah នោះ​ទេ តែ​ពួកគេ​កោត​សរសើរ​ជា​ខ្លាំង​ចំពោះ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នៃ​ប្រទេស​នេះ ដែល​ដើរ​តាម​អំណាច​រដ្ឋធម្មនុញ្ញ គឺ​មិន​លម្អៀង និង​មិន​ក្លាយ​ជា​ឧបករណ៍​បក្ស​នយោបាយ​ណា​មួយ​ឡើយ។

ចំណែកឯ​បក្ស​កាន់​អំណាច​ក៏​មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ស្ថាប័ន​បោះឆ្នោត​នេះ​ដែរ ហើយ​ជាមួយ​គ្នា​នេះ ស្ថាប័ន​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​អង្គភាព ដូចជា​កងទ័ព និង​ប៉ូលិស​ជាតិ ជាដើម ប្រកាន់​ជំហរ​អព្យាក្រឹត​យ៉ាង​ម៉ឺងម៉ាត់ មិន​ប្រឡូកប្រឡាក់​នឹង​រឿង​នយោបាយ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស