គេហទំព័រ​របស់​អង្គការ​មជ្ឈមណ្ឌល​សម្ព័នភាព​ការងារ និង​សិទ្ធិមនុ្ស (សង់ត្រាល់)។

ព័ត៌មានជាតិ

ក្រុម​សហជីព​មាន​និន្នាការ​ទៅ​បក្ស​កាន់​អំណាច​ជិត​២០០​ស្ថាប័ន​ចោទ​អង្គការ​សង់ត្រាល់​ថា​បំបែក​បំបាក់​សាមគ្គី​កម្មករ​និយោជិត

By ឌឹ ខេមបូឌា ដេលី

November 30, 2022

ក្រុម​សហជីព​ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​កាន់​អំណាច​ជាង ១៨០​ស្ថាប័ន បាន​ចោទ​បុគ្គលិក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) ថា​កំពុង​ធ្វើ​សកម្មភាព​បំបែក​បំបាក់​សាមគ្គី​របស់​កម្មករ​និយោជិត​នៅ​កម្ពុជា។

ក្រុម​សហជីព​ចំនួន ១៨២​ស្ថាប័ន បាន​ចេញ​លិខិត​រួម​គ្នា​មួយ​ដាក់​ជូន​នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា កាលពី​ថ្ងៃទី​២៨ វិច្ឆិកា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣០ វិច្ឆិកា នេះ​ថា ពួកគេ​ខក​ចិត្ត​ជា​ខ្លាំង​ដែល​មន្ត្រី​របស់​អង្គការ​សង់ត្រាល់ ធ្វើ​ចលនា​លួចលាក់​ក្នុង​ការ​ញុះញង់​អូសទាញ​តំណាង​សហជីព​មូលដ្ឋាន​ដែល​ជា​សមាជិក​របស់​ពួកគេ ឲ្យ​ធ្វើការ​ផ្តាច់​ខ្លួន​ទៅ​បង្កើត​សហជីព​ថ្មី​តាមរយៈ​នៃ​ការ​សន្យា​ផ្តល់​ជំនួយ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ ជាដើម។

ពួកគេ​ក៏​បាន​ព្រមាន​ចាត់​វិធានការ​ម៉ឺងម៉ាត់ ដើម្បី​បញ្ឈប់​រាល់​កិច្ចសហការ និង​ការ​ចូលរួម​ក្នុង​គម្រោង​នានា​របស់​អង្គការ​សង់ត្រាល់ និង​ធ្វើ​ការ​តវ៉ា​ទៅ​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច ឲ្យ​ពិនិត្យ​អំពី​ភាព​ស្រប​ច្បាប់ និង​ចាត់​វិធានការ​ចាំបាច់​ផ្សេងៗ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់ និង​បញ្ឈប់​សកម្មភាព​ដែល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​រួម​នៃ​ចលនា​កម្មករ​និយោជិត​នៅ​កម្ពុជា​ផង​ដែរ។

ការ​ចោទប្រកាន់​នេះ ធ្វើឡើង​ដោយ​សំអាង​ថា មន្ត្រី​របស់​អង្គការ​សង់ត្រាល់​បាន​ធ្វើ​ចលនា​លួចលាក់​ក្នុង​ការ​ញុះញង់​អូសទាញ​តំណាង​សហជីព​មូលដ្ឋាន​របស់​ពួកគេ ឱ្យ​ទៅ​បង្កើត​សហជីព​ថ្មី។

ទោះជា​បែប​នេះ​ក្តី នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ វិច្ឆិកា នេះ​ថា ជា​គោលការណ៍ និង​ការងារ​ជាក់ស្តែង​របស់​អង្គការ​សង់ត្រាល់​សព្វថ្ងៃ​នេះ គឺ​អនុវត្ត​ការងារ​ដើម្បី​ផ្តល់​ឱកាស​ដល់​កម្មករ​និយោជិត​ឱ្យ​ចេះ​កសាង​អំណាច​របស់​ខ្លួន ដោយ​ការ​ប្រើប្រាស់​សិទ្ធិ​សហជីព និង​សមាគម ដើម្បី​មាន​តំណាង​ត្រឹមត្រូវ​សម្រាប់​ចរចា​ជាមួយ​ភាគី​ថៅកែ​រោងចក្រ ភាគី​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ​ដែល​ជា​សមាជិក​របស់​ពួកគេ។

លោក​បន្ត​ទៀត​ថា ការ​ចោទប្រកាន់​ណា​មួយ​ថា​សង់ត្រាល់ បាន​បំបែក​បំបាក់​សហជីព​នានា​នោះ លុះត្រាតែ​ក្រុម​សហជីព​ទាំងនោះ​មិនមែន​ជា​សហជីព​ដែល​តំណាង​ឱ្យ​កម្មករ​ដោយ​ពិតប្រាកដ។

ចំណែកឯ​ការ​លើកឡើង​ថា សង់ត្រាល់​បាន​អូសទាញ​កម្មករ​ដោយ​ប្រការ​ណា​មួយ​នោះ គឺជា​ការ​លើកឡើង​ដោយ​គ្មាន​មូលដ្ឋាន​ប៉ុណ្ណោះ ព្រោះ​កម្មករ​និយោជិត​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ចូល​ជា​សមាជិក​សហជីព​ណា​មួយ​ដែល​ពួកគេ​ពេញចិត្ត និង​លាឈប់​ទៅវិញ​នៅ​ពេល​ដែល​ពួកគេ​យល់​ថា​សហជីព​នោះ​មិន​បម្រើ​ឱ្យ​ផល​ប្រយោជន៍​របស់​ខ្លួន។

លោក មឿន តុលា លើកឡើង​ថា លោក​មិន​ដឹង​ថា​ជា​បុគ្គល​ណា​ទេ​ដែល​បាន​ធ្វើ​សកម្មភាព​ដូច​ក្រុម​សហជីព​បាន​រៀបរាប់​ខាងលើ​នោះ ខណៈ​ក្រុម​សហជីព​ទាំងនេះ​ក៏​មិន​បាន​បង្ហាញ​ឈ្មោះ​ថា​ជា​បុគ្គល​ណា​ដែរ​ដែល​បាន​ធ្វើ​ទង្វើ​បែប​នេះ​នោះ​ដែរ។ លោក​បន្ថែម​ថា សង់ត្រាល់​ធ្វើការ​តែ​ជាមួយ​សហជីព​ដែល​ឯករាជ្យ​ប៉ុណ្ណោះ ចំពោះ​សហជីព​ខាងលើ​នេះ សង់ត្រាល់​មិន​ដែល​ធ្លាប់​សហការ​ជាមួយ​នោះ​ទេ​ក្នុង​ការ​ការពារ​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​កន្លងមក។

លោក​បញ្ជាក់​ថា មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ និង​ធ្វើការ​ទៅ​តាម​អាណត្តិ​របស់​ខ្លួន​ក្នុង​ការ​គាំពារ​ដល់​សិទ្ធិ​កម្មករ និង​ពលរដ្ឋ ដើម្បី​ទទួល​បាន​ការ​ការពារ​ស្រប​តាម​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ដែល​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន។

លោក មឿន តុលា មាន​ការ​សង្ស័យ​ថា ការ​ចេញ​លិខិត​រួម​គ្នា​របស់​ក្រុម​សហជីព​ខាងលើ ទំនង​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការងារ​សង្គម​ស៊ីវិល​នៅ​ពេល​បោះឆ្នោត​ជាតិ​ខាងមុខ​នេះ​តែប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ក្រុម​សហជីព​ទាំង​ជាង ១០០​ស្ថាប័ន​ខាងលើ​មិន​ដែល​គិតគូរ​ពី​សុខទុក្ខ​របស់​កម្មករ​នោះ​ឡើយ ជាក់ស្តែង​ជុំវិញ​ការ​កំណត់​ប្រាក់​ឈ្នួល​របស់​កម្មករ​សម្រាប់​ឆ្នាំ​២០២៣ កាលពី​អំឡុង​ខែ​កញ្ញា កន្លងទៅ ពួកគេ​មិន​បាន​គាំទ្រ​ការ​សម្រេច​របស់​កម្មករ ដែល​កំណត់​យក​ប្រាក់​ឈ្នួល​ចំនួន ២១៣​ដុល្លារ​អាមេរិក​នោះ​ទេ ប៉ុន្តែ​ពួកគេ​បែរ​ជា​នាំគ្នា​គាំទ្រ​តាម​ការ​កំណត់​របស់​ភាគី​និយោជក និង​ភាគី​ខាង​រដ្ឋាភិបាល​ដែល​កំណត់​យក​ត្រឹមតែ ១៩៨​ដុល្លារ​អាមេរិក​ទៅវិញ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្មករ​បាត់បង់​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ​២០២៣ យ៉ាង​ច្រើន៕