ការ​សម្ដែង​ក្បាច់គុន​ល្បុក្កតោ។

ព័ត៌មានជាតិ

ក្រសួង​បង្ហាញ​មោទកភាព​ដែល​គុន​ល្បុក្កតោ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ

By ឌឹ ខេមបូឌា ដេលី

November 30, 2022

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សម្ដែង​នូវ​មោទកភាព​ដែល​ក្បាច់គុន​ល្បុក្កតោ​របស់​ខ្មែរ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ (UNESCO) កាលពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា ក្នុង​កិច្ចប្រជុំ​លើក​ទី​១៧ នៃ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ ដែល​បាន​ប្រារព្ធ​នៅ​ទីក្រុង​រ៉ាបាត នៃ​ប្រទេស​ម៉ារ៉ុក បាន​អនុម័ត​យល់ព្រម​ចុះ​គុន​ល្បុក្កតោ​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ​ហើយ​នៅ​ពេលនេះ។

ប្រភព​ដដែល​លើកឡើង​ថា បេតិកភណ្ឌ​វប្បធម៌​ទាំង​រូបី និង​អរូបី​របស់​ជាតិ មិន​ត្រឹមតែ​ជា​អត្តសញ្ញាណ និង​ជា​ព្រលឹង​ជាតិ​ដែល​បាន​លើកស្ទួយ​កេរ្តិ៍​ឈ្មោះ​ប្រទេស​កម្ពុជា​ឱ្យ​ល្បី​រន្ទឺ​នៅ​លើ​ឆាក​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ចូលរួម​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ថែម​ទៀត។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​មោទកភាព​របស់​ប្រទេស​កម្ពុជា ដែល​បាន​ដាក់​សម្បត្តិ​វប្បធម៌​ជាតិ​លើក​ទី​៩ របស់​ខ្លួន​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ​ចាប់តាំងពី​ឆ្នាំ​១៩៩២ មក។

គុន​ល្បុក្កតោ​ជា​ក្បាច់គុន​បុរាណ​ខ្មែរ​ដែល​មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ ដែល​គេ​ឃើញ​មាន​រូប​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត ហើយ​ក្បាច់គុន​នេះ​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​ខ្មែរ​ជាច្រើន​សតវត្ស​ដែល​មាន​ការ​បង្ហាត់​តៗ​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ដើម្បី​ពង្រឹង​ប្រាជ្ញា​ស្មារតី និង​សមត្ថភាព​ការពារ​ខ្លួន​ពី​សត្វ​សាហាវ ព្រមទាំង​សត្រូវ​នានា និង​ការពារ​សង្គម​ជាតិ​មាតុភូមិ​ពី​សត្រូវ​ឈ្លានពាន​ផង​ដែរ។

សម្បត្តិ​វប្បធម៌​របស់​កម្ពុជា ត្រូវ​អង្គការ​យូណេស្កូ​អនុញ្ញាត​ឱ្យ​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក បាន​ចំនួន ៩​មុខ​ហើយ ក្នុង​នោះ​រួម​មាន តំបន់​អង្គរ បាន​ចុះបញ្ជី​នៅ​ពាក់កណ្តាល​ខែ​ធ្នូ ឆ្នាំ​១៩៩២ របាំ​ព្រះរាជ​ទ្រព្យ បាន​ចុះបញ្ជី​នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០០៣ ប្រាសាទ​ព្រះវិហារ បាន​ចុះបញ្ជី​នៅ​ដើម​ខែ​កក្កដា ឆ្នាំ​២០០៧ និង​ល្ខោន​ស្រមោល​ស្បែក​ធំ បាន​ចុះបញ្ជី​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

ចំណែក​ល្បែង​ទាញព្រ័ត្រ​បាន​ចុះបញ្ជី​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៥ ចាប៉ី​ដងវែង​បាន​ចុះបញ្ជី​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក បាន​ចុះបញ្ជី​នៅ​ដើម​ខែ​កក្កដា ឆ្នាំ​២០១៧ និង​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត បាន​ចុះបញ្ជី​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨ ខណៈ​គុន​ល្បុក្កតោ ទើប​តែ​ត្រូវ​បាន​ចុះបញ្ជី​កាលពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ វិច្ឆិកា នេះ​ថា គឺជា​រឿង​ដែល​គួរ​ឱ្យ​អបអរ​សាទរ ព្រោះ​វា​នឹង​ជួយ​ឱ្យ​កម្ពុជា​កាន់តែ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ ដែល​អាច​ឱ្យ​បរទេស​នានា​លើ​សកលលោក​ស្គាល់​អំពី​វប្បធម៌ និង​អរិយធម៌​របស់​ខ្មែរ​កាន់តែ​ច្បាស់។

លោក សេក សុជាតិ លើកឡើង​ថា ក្រៅពី​មាន​ភាព​វិជ្ជមាន​នៃ​ការ​ដាក់​សម្បត្តិ​វប្បធម៌​របស់​ខ្លួន​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កម្ពុជា​ក៏​ត្រូវ​តែ​ចេះ​ទាញ​យក​ប្រយោជន៍​ពី​រឿង​នេះ​មក​វិញ​ដែរ ដើម្បី​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​រីក​លូតលាស់​ថែម​ទៀត ដូចជា​ការ​ផ្សព្វផ្សាយ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​ចូល​ទៅ​ទស្សនា​នូវ​សម្បត្តិ​វប្បធម៌​របស់​ខ្លួន ជាដើម៕