អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់របស់បក្សសង្គ្រោះជាតិ អះអាងថា កម្ពុជាមិនមែនខ្វះអ្នកជំនាញខាងកសិកម្មនោះទេ ប៉ុន្តែដោយសារតែរដ្ឋាភិបាលគ្មានឆន្ទៈជួយកសិករ។
លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌ មាន The Cambodia Daily នៅថ្ងៃពុធ ទី៣០ វិច្ឆិកា នេះថា ប្រសិនបើការចុះចូលជាមួយបក្សកាន់អំណាចរបស់បណ្ឌិត យ៉ង សាំងកុមារ អាចធ្វើឱ្យការចំណាយលើការផលិតរបស់កសិករចុះថោក និងជួយឱ្យកសិផលឡើងថ្លៃ នោះគឺជារឿងល្អ ប៉ុន្តែបើផ្អែកលើស្ថានភាពជាក់ស្តែងនៅកម្ពុជាសព្វថ្ងៃនេះ ក្រុមឧកញ៉ាដែលរកប្រយោជន៍ឱ្យបក្សកាន់អំណាច គឺមានច្រើនណាស់ដែលកំពុងកេងចំណេញលើកសិករ ដូច្នេះពួកគេនឹងមិនឯកភាពនូវផែនការរបស់បណ្ឌិត យ៉ង សាំងកុមារ ឡើយ។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា ផ្ទុយទៅវិញបើគាត់ចូលបក្សកាន់អំណាចដោយសារតែហេតុផលផ្ទាល់ខ្លួនជុំវិញមុខរបររបស់គាត់ដែលរងនូវបណ្តឹងនានា ឬគំនាបណាមួយពីបក្សកាន់អំណាចវិញនោះ គឺជាការសម្លាប់ស្មារតីអ្នកប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ ព្រោះគាត់បានរួមចំណែកបន្សល់ទុកនូវទង្វើដ៏អាក្រក់ដែលធ្វើឱ្យពលរដ្ឋខ្មែរកាន់តែបាត់បង់ជំនឿចិត្តលើអ្នកដែលស្នេហាជាតិ ស្នេហាទឹកដីពិតប្រាកដទៅថ្ងៃក្រោយ។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញសេចក្តីថ្លែងការណ៍ថា បណ្ឌិត យ៉ង សាំងកុមារ បានទទួលឋានៈ តួនាទី ស័ក្តិសមនឹងសមត្ថភាពរបស់គាត់ បន្ទាប់ពីលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃអង្គារ។
ប្រភពដដែលលើកឡើងថា លោកសង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់អំណាច ធនធាន និងសិទ្ធិគ្រប់គ្រាន់ ដើម្បីឱ្យបណ្ឌិត យ៉ង សាំងកុមារ អាចបំពេញភារកិច្ចបម្រើកសិករខ្មែរទៅតាមគម្រោងដែលគាត់បានបង្ហាញនាពេលកន្លងមក។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីជួយអភិវឌ្ឍវិស័យកសិកម្មដល់រដ្ឋាភិបាល។ ក្រោយជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បណ្ឌិត យ៉ង សាំងកុមារ ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទភ្លាមៗតែម្តង។
ទាក់ទិននឹងបញ្ហានេះ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត សាម អ៊ីន ត្រូវបានវិទ្យុបារាំង ស្រង់សម្ដីកាលពីថ្ងៃទី២៩ វិច្ឆិកា ថា ប្រសិនបើបណ្ឌិត យ៉ង សាំងកុមារ ដែលជាអ្នកជំនាញខាងកសិកម្មនៅតែបន្តដំណើរក្នុងគណបក្សប្រជាធិបតេយ្យមូលដ្ឋានទៀតនោះ គឺមិនងាយនឹងប្រើប្រាស់ជំនាញដែលគាត់មាននោះទេ ដូច្នេះជារឿងល្អសម្រាប់គាត់ដែលរដ្ឋមន្ត្រីក្រសួងកសិកម្មទទួលស្គាល់សមត្ថភាព ដើម្បីឱ្យលោកមានឱកាសជួយប្រជាពលរដ្ឋឱ្យបានកាន់តែឆាប់។
មុនពេលចុះចូលជាមួយបក្សកាន់អំណាច បណ្ឌិត យ៉ង សាំងកុមារ បានអះអាងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ថា បើរដ្ឋាភិបាលអាចអនុវត្តនូវលក្ខខណ្ឌទាំង ១២ខ របស់លោកឱ្យបានត្រឹមត្រូវ គឺអាចជួយកសិករបានជាង ១លានគ្រួសារឱ្យមានជីវភាពល្អប្រសើរក្នុងដំណាក់កាលដំបូង ហើយផែនការកសាងសង្វាក់ផលិតកម្មនេះ គឺត្រូវប្រើពេលរៀបចំយ៉ាងតិច ៥ឆ្នាំ ដើម្បីធានានូវការអនុវត្តឱ្យបានទូទាំងប្រទេស។
យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគ អ្នកសង្កេតការណ៍ និងមេដឹកនាំអង្គការសង្គមស៊ីវិលនានាសុទ្ធតែមានគំនិតអវិជ្ជមានចំពោះការសម្រេចចិត្តចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារបស់បណ្ឌិត យ៉ង សាំងកុមារ នៅពេលនេះដូចៗគ្នា ក្រោមហេតុផលថា គាត់នឹងមិនអាចជួយកសិករតាមការអះអាងរបស់គាត់បានទេ ប៉ុន្តែអាចត្រឹមតែធ្វើតាមផែនការរបស់បក្សកាន់អំណាចទៅថ្ងៃមុខទៀតតែប៉ុណ្ណោះ៕