ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ។

ព័ត៌មានជាតិ

សហភាព​សហជីព​អន្តរជាតិ​ជំរុញ​ឱ្យ​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ

By ឌឹ ខេមបូឌា ដេលី

December 02, 2022

សហព័ន្ធ​សហភាព​អន្តរជាតិ (ITUC) ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ ដោយ​សំអាង​ថា​មិន​មាន​ភាព​ស្រប​គ្នា​ជាមួយ​នឹង​គោលការណ៍​ច្បាប់​ជា​មូលដ្ឋាន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន។

សហព័ន្ធ​សហភាព​អន្តរជាតិ (ITUC) តំណាង​ឱ្យ​សមាជិក​ជាង ១២០​ប្រទេស​ទូទាំង​ពិភពលោក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៩ វិច្ឆិកា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១ ធ្នូ នេះ​ថា ពួកគេ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​ការ​ឃុំ​ខ្លួន​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បន្ទាប់ពី​រូបគេ​វិល​ត្រឡប់​ពី​ការ​ចូលរួម​មហាសន្និបាត​ពិភពលោក​នៃ​សហភាព​សហជីព​អន្តរជាតិ (ITUC) នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​២៦ វិច្ឆិកា កន្លងទៅ​នេះ។

សហព័ន្ធ​សហភាព​អន្តរជាតិ​ខាងលើ​អះអាង​ថា ការ​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​លើ​កញ្ញា ឈឹម ស៊ីថរ ពី​ការ​អនុវត្ត​សិទ្ធិ​សហជីព និង​ការ​ចោទប្រកាន់​ថា​បាន​រំលោភ​លើ​លក្ខខណ្ឌ​នៃ​ការ​នៅ​ក្រៅ​ឃុំ​សម្រាប់​ការ​ចូលរួម​កិច្ចប្រជុំ​សហជីព គឺ​មិន​មាន​ភាព​ស្រប​គ្នា​ជាមួយ​នឹង​គោលការណ៍​ច្បាប់​ជា​មូលដ្ឋាន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ដោយ​ស្ម័គ្រចិត្ត​កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​១៩៩៩ និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ឡើយ។

ប្រភព​ដដែល​បញ្ជាក់​ថា ខ្លួន​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​សងសឹក​លើ​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ក្នុង​ភាព​ជា​តំណាង​របស់​កញ្ញា​ចំពោះ​ផល​ប្រយោជន៍​របស់​កម្មករ​កម្ពុជា ដែល​កំពុង​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ក្រោយ​ចូលរួម​មហាសន្និបាត​ពិភពលោក​នៃ​សហភាព​សហជីព​អន្តរជាតិ (ITUC) កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ទាប់ពី​កញ្ញា​ចូលរួម​មហាសន្និបាត​ពិភពលោក​នៃ​សហភាព​សហជីព​អន្តរជាតិ (ITUC) នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី កាលពី​ពេល​កន្លងទៅ​នេះ។

ជុំវិញ​ការ​ចាប់​ខ្លួន​ប្រធាន​សហជីព​រូប​នេះ ទាំង​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ពេល​ថ្មីៗ​នេះ​ដូច​គ្នា ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជុំវិញ​ការ​ប្រើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី ព្រមទាំង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទាំងអស់​ដើម្បី​ឈាន​ទៅ​រក​ការ​ដោះស្រាយ​មួយ​ដែល​ប្រកប​ដោយ​តម្លាភាព។

ក្រៅ​ពី​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦៩​ស្ថាប័ន រួម​មាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ចេញពី​ពន្ធនាគារ​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ ដោយ​ចាត់ទុក​ការ​ដាក់​ទោស​លើ​កញ្ញា​ដោយសារ​ខកខាន​ក្នុង​ការ​អនុវត្ត​នូវ​លក្ខខណ្ឌ​ដែល​មិន​បាន​ប្រាប់​ឲ្យ​ដឹង​មុន គឺជា​ភាព​អយុត្តិធម៌ និង​ល្មើស​ទៅ​នឹង​គោលការណ៍​ជា​មូលដ្ឋាន​នៃ​នីតិរដ្ឋ​ធ្ងន់ធ្ងរ​បំផុត។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​យ៉ាង​ហិង្សា​កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២២ អំឡុង​ពេល​កញ្ញា​ព្យាយាម​ចូលរួម​ធ្វើ​កូដកម្ម​ជាមួយ​ក្រុម​កូដករ​ផ្សេង​ទៀត និង​ត្រូវ​បាន​ឃុំ​ជា​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ២​ខែ ប៉ុន្តែ​កញ្ញា​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ​កាលពី​ខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ​នេះ៕