34 C
Phnom Penh

ទ័ព​មួក​ខៀវ​កម្ពុជា​៣​នាក់​ដែល​រងគ្រោះ​ដោយសារ​ផ្ទុះ​មីន​នៅ​ប្រទេស​ម៉ាលី​ចេញពី​មន្ទីរពេទ្យ​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ដែល​រងគ្រោះ​ដោយសារ​ផ្ទុះ​មីន​ក្នុង​ប្រទេស​ម៉ាលី បាន​ចេញពី​មន្ទីរពេទ្យ​ហើយ ក្រោយ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កម្រិត​២ របស់​អង្គការ​សហប្រជាជាតិ​ប្រទេស​នីហ្សេរីយ៉ា ប្រចាំ​ទីបញ្ជាការ​យោធា​ភូមិភាគ​ខាងលិច (Sector West MINUSMA)។

ថ្លែង​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ខួប ១១​ឆ្នាំ​នៃ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​មីនេបៀ របស់​ជប៉ុន​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០១ ខែ​ធ្នូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ថា កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ៣​នាក់​បាន​រង​របួស​ដោយសារ​ផ្ទុះ​គ្រាប់មីន​នៅ​ក្នុង​ប្រទេស​ម៉ាលី។

លោក​នាយករដ្ឋមន្ត្រី​អះអាង​ថា កងទ័ព​កម្ពុជា​ក្នុង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​របួស ៣​នាក់​ក្នុង​ប្រទេស​ម៉ាលី ដោយសារ​ការ​ដាក់​មីន​ស្កាត់​ផ្លូវ​ក្នុង​ពេល​ដែល​កងទ័ព​របស់​កម្ពុជា​ធ្វើ​ដំណើរ។ លោក​ថា បច្ចុប្បន្ន កងទ័ព​មួក​ខៀវ​កម្ពុជា​កំពុង​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ចំនួន​៤ រួម​មាន​លីបង់ ស៊ូដង់​ខាងត្បូង ម៉ាលី និង​អាហ្វ្រិក​កណ្តាល។

បើ​តាម​លោកស្រី កុសល មាលីនដា អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា យោធិន ៣​នាក់​រងគ្រោះ​កាលពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ អំឡុង​ពេល​ទៅ​បំពេញ​បេសកកម្ម​បោស​សម្អាត​មីន។ អ្នក​ដែល​រងគ្រោះ​នោះ​មាន​ឈ្មោះ ម៉ី គឹមថុង ជា​បុគ្គលិក​ពេទ្យ ឈ្មោះ ពេញ រស្មី ជា​តៃកុង​ឡាន និង​លោក ម៉ែន ថារ៉ា ជា​បុគ្គលិក​ស្រាវជ្រាវ​រុករក។

លោកស្រី​ថា បច្ចុប្បន្ន សុខភាព​របស់​យោធិន​ទាំង ៣​រូប​នេះ គឺ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ច្រើន​ហើយ ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កម្រិត​២ របស់​អង្គការ​សហប្រជាជាតិ។ បច្ចុប្បន្ន​នេះ ពួកគេ​បាន​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ស្ថានភាព​របួស​មាន​ភាព​ប្រសើរ​ឡើង​ច្រើន។

ឆ្នាំ​២០២២ នេះ គឺជា​ខួប​លើក​ទី​១៦ គិត​ចាប់ពី​ឆ្នាំ​២០០៦ ដែល​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ក្រោយពី​កម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា UNTAC បាន​ដក​ចេញពី​កម្ពុជា​នា​ឆ្នាំ​១៩៩៣។ មក​ដល់​ពេល​បច្ចុប្បន្ន ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ថា កម្លាំង​កម្ពុជា​មាន​ចំនួន​សរុប ៨៣០២​នាក់ ក្នុង​នោះ​មាន​នារី​ចំនួន ៥៨០​នាក់។

កងកម្លាំង​មួក​ខៀវ​កម្ពុជា​បាន​ចេញ​បំពេញ​បេសកកម្ម​ចំនួន​១១ ក្នុង​ប្រទេស​ចំនួន​៩ រួម​មាន​សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ អាហ្វ្រិក​កណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និង​យេមែន។ បច្ចុប្បន្ន កម្លាំង​កម្ពុជា​កំពុង​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ចំនួន​៤ រួម​មាន​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង លីបង់ អាហ្វ្រិក​កណ្តាល និង​ម៉ាលី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស