38 C
Phnom Penh

បោះឆ្នោត​នៅ​ម៉ាឡេស៊ី៖ តើ​អ្នក​ប្រជាធិបតេយ្យ​និង​មេដឹកនាំ​ក្នុង​តំបន់​គួរ​យក​គំរូ​អ្វី​ខ្លះ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃទី​១៩ វិច្ឆិកា ប្រទេស​ម៉ាឡេស៊ី​បាន​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​ដែល​គេ​ហៅថា​ការ​បោះឆ្នោត​មុន​អាណត្តិ ហើយ​ការ​បោះឆ្នោត​នេះ គឺ​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​ក្នុង​រដ្ឋសភា និង​វិបត្តិ​គណៈរដ្ឋមន្ដ្រី​នៃ​ប្រទេស​មួយ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។

លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​មាន​ប្រជាជន​ម៉ាឡេស៊ី ជិត ២១​លាន​នាក់​ចេញ​ទៅ​បោះឆ្នោត គឺ​ទីបំផុត​ការ​បោះឆ្នោត​មិន​បាន​ជួប​រឿង​អាស្រូវ​ក្នុង​ប្រព័ន្ធ​រៀបចំ​ការ​បោះឆ្នោត​នោះ​ទេ។ ប្រជាជន​ចេញ​ទៅ​បោះឆ្នោត​ភ្លូកទឹកភ្លូកដី ហើយ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ក៏​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​ទីបំផុត លទ្ធផល​បោះឆ្នោត​ត្រូវ​បាន​បក្ស​នយោបាយ​ទាំងអស់​ទទួល​យក​បាន ដោយ​គ្មាន​បក្ស​ណា​មួយ​រិះគន់​ស្ថាប័ន​បោះឆ្នោត​នៃ​ប្រទេស​នេះ​ថា​លម្អៀង​ទៅ​បក្ស​នេះ ឬ​បក្ស​នោះ ជាពិសេស​ទៅ​បក្ស​កាន់​អំណាច​នោះ​ទេ។

ក្រោយ​ការ​បោះឆ្នោត​ភ្លាម មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ប្រទេស​នេះ​ដេក​លក់​ស្រួល គឺ​មិន​បារម្ភ​អំពី​ប្រតិកម្ម​ពី​គណបក្ស​នយោបាយ និង​ម្ចាស់​ឆ្នោត គឺ​មិន​ដូច​ប្រទេស​ខ្លះ​ឱ្យ​តែ​ឆ្លងកាត់​ការ​បោះឆ្នោត​ម្ដងៗ គឺ​ស្ថាប័ន​ការ​បោះឆ្នោត​ប្រទេស​នោះ​តែងតែ​ត្រូវ​ប្រជាជន និង​បក្ស​នយោបាយ​រិះគន់​ចោទ​ថា​លម្អៀង​ទៅ​រក​បក្ស​កាន់​អំណាច។ មិន​តែប៉ុណ្ណោះ​ចោទ​ថា​រៀបចំ​ទិន្នន័យ​តួលេខ​សន្លឹកឆ្នោត​ឱ្យ​បក្ស​កាន់​អំណាច​ឈ្នះ​ឆ្នោត​ទៀត​ផង។ ជាមួយ​គ្នា​នេះ ក៏​មាន​បាតុកម្ម​ផ្ទុះ​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ថែម​ទៀត។

នេះ​គេ​និយាយ​អំពី​សុក្រឹតភាព​នៃ​ប្រព័ន្ធ​បោះឆ្នោត​ប្រទេស​ម៉ាឡេស៊ី ជា​ប្រទេស​មួយ​ក្នុង​សមាគម​អាស៊ាន ហើយ​ដែល​ស្ថិត​នៅ​ក្រោម​ម្លប់​នៃ​ការ​ឯកភាព​ជាតិ​របស់​ព្រះមហាក្សត្រ។ ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល ជាពិសេស​គឺ​មេដឹកនាំ​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន និង​តំបន់​អាស៊ី ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដោយសារតែ​លទ្ធផល​នៃ​ការ​បោះឆ្នោត​កម្លាំង​ប៉ូល​នយោបាយ​បាន​សន្លឹកឆ្នោត​គ្មាន​អ្នក​ឈ្នះ​លើសលប់ ហើយ​អ្នក​ចាញ់​ក៏​មិន​ទទួល​ភាព​អាម៉ាស់​នោះ​ដែរ បើ​ទោះជា​ការ​បោះឆ្នោត​ភ្លាមៗ​មាន​វិបត្តិ​នយោបាយ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ក៏ដោយ​នោះ។

អ្នក​សង្កេតការណ៍​ក្នុង​តំបន់​អាស៊ាន​ភ្ញាក់ផ្អើល​ជា​ខ្លាំង គឺ​ទី​១ ប្រព័ន្ធ​រៀបចំ​បោះឆ្នោត​ប្រទេស​នេះ​ប្រកាន់​នូវ​ភាព​សុចរិត​ឥត​លម្អៀង និង​មិន​បាន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ​បក្ស​កាន់​អំណាច ហើយ​សូម្បីតែ​ស្ថាប័ន​កងទ័ព និង​ប៉ូលិស​ជាតិ ក៏​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ។

ស្ថាប័ន​ពីរ​នេះ គឺ​បក្ស​ណា​ឈ្នះ​ក៏​គេ​មិន​ខ្វល់ ហើយ​បក្ស​ណា​ចាញ់​ក៏​គេ​មិន​បារម្ភ គឺ​គេ​ដឹង​តែ​ការពារ​សន្តិសុខ​ជូន​ប្រជាជន​ទូទៅ ជូន​ប្រទេស​ជាតិ​របស់​ពួកគេ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ហើយ​មិន​ស្អប់ខ្ពើម​អ្នក​នយោបាយ​ណា​មួយ​នោះ​ឡើយ។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ទៀត​ថា អ្វី​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល គឺ​ព្រះមហាក្សត្រ​របស់​រាជាណាចក្រ​នេះ​ហក់​ចូល​ភ្លាម​ដើម្បី​សម្របសម្រួល​កុំ​ឱ្យ​មាន​វិបត្តិ​នយោបាយ​ផ្ទុះឡើង។ ព្រះអង្គ​ក៏​កោះហៅ​អ្នក​នយោបាយ​ទាំងអស់​ដែល​ដណ្ដើម​បាន​អាសនៈ​ក្នុង​សភា មក​គាល់​ព្រះអង្គ ហើយ​ទទួល​យក​ដំបូន្មាន​របស់​ព្រះអង្គ គឺ​កុំ​បង្កើត​ហិង្សា​នយោបាយ​ឱ្យ​សោះ ដោយ​ត្រូវ​ប្រកាន់​ជំហរ​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ​ឱ្យ​បាន​រឹងមាំ។ ព្រះអង្គ​ក៏​សម្រេច​ឱ្យ​មាន​រដ្ឋាភិបាល​ចម្រុះ​ជាបន្ទាន់​មួយ​កើតឡើង។

ព្រះអង្គ​បាន​សម្រេច​តែងតាំង​មេ​បក្ស​នយោបាយ​មួយ​ដែល​ឈ្នះ​ឆ្នោត​ច្រើន​ជាងគេ ឈ្នះ​ឆ្នោត​មិនមែន​កើត​ចេញពី​ការ​បន្លំ​សន្លឹកឆ្នោត​នោះ ឱ្យ​រៀបចំ​គណៈរដ្ឋមន្ដ្រី គឺ​គណបក្ស​ប៉ាកាតាន់ហារ៉ាប៉ាន់ ដែល​ដឹកនាំ​ដោយ​អតីត​អ្នកទោស​នយោបាយ អាន់វ៉ា អ៊ីប្រាហ៊ីម។

ព្រះមហាក្សត្រ​រាជាណាចក្រ​នេះ​មុន​នឹង​តែងតែ​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជា​នាយករដ្ឋមន្ត្រី ក៏​ព្រះអង្គ​បាន​យាង​មហាក្សត្រ​ពី​បណ្ដា​រដ្ឋ​ចំនួន ៩​អង្គ​មក​ប្រជុំ​ជាបន្ទាន់ ដែល​អង្គ​ស្ដេច​ទាំងនោះ​ជា​ក្រុមប្រឹក្សា​រាជបល្ល័ង្គ​ដើម្បី​ឱ្យ​ផ្ដល់​គំនិត ផ្ដល់​ព្រះតម្រិះ​ជួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ។ ព្រះអង្គ​កោះហៅ​អ្នក​នយោបាយ​កំពូលៗ​ចុងក្រោយ​ទៀត​ឱ្យ​ទទួលស្គាល់​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជា​នាយករដ្ឋមន្ត្រី ហើយ​ព្រះអង្គ​ក៏​បាន​ប្រាប់​ទៅ​បក្ស​ទាំងឡាយ​ណា​ដែល​មាន​សន្លឹកឆ្នោត ត្រូវតែ​មក​រួបរួម​កម្លាំង​ជាមួយ​នឹង​បក្ស​ប៉ាកាតាន់ហារ៉ាប៉ាន់ ដឹកនាំ​ដោយ​លោក អាន់វ៉ា អ៊ីប្រាហ៊ីម។

ទីបំផុត បក្ស​នយោបាយ​យ៉ាងតិច ៣​បក្ស​បាន​យល់ស្រប​តាម​ព្រះតម្រិះ និង​អន្តរាគមន៍​របស់​ព្រះមហាក្សត្រ​ធ្វើ​ឱ្យ​ម៉ាឡេស៊ី មាន​រដ្ឋាភិបាល​ស្ថិរភាព​មួយ​ឡើងវិញ គឺ​ដឹកនាំ​ដោយ​អតីត​អ្នកទោស​នយោបាយ អាន់វ៉ា អ៊ីប្រាហ៊ីម។

មេដឹកនាំ​ជាច្រើន រួម​ទាំង​មេដឹកនាំ​ក្នុង​តំបន់​មាន​ការ​កោត​សរសើរ​ដល់​ភាព​វាងវៃ និង​ភាព​ក្លាហាន​នៃ​ព្រះមហាក្សត្រ​ម៉ាឡេស៊ី និង​កោត​សរសើរ​ដល់​ស្ថាប័ន​បោះឆ្នោត​នៃ​ប្រទេស​នេះ រួម​ទាំង​កងកម្លាំង​ប្រដាប់​អាវុធ​ប្រទេស​នេះ ដែល​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​បក្ស​កាន់​អំណាច ដោយ​ចាត់ទុក​មុខនាទី​របស់​ខ្លួន​ជា​អព្យាក្រឹត។

តើ​ចំណុច​ទាំងអស់​នេះ អ្នក​នយោបាយ​ក្នុង​តំបន់​នៃ​សមាគម​អាស៊ាន គួរតែ​យក​គំរូ​តាម​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​របស់​ព្រះមហាក្សត្រ​ម៉ាឡេស៊ី និង​មើល​ប្រព័ន្ធ​បោះឆ្នោត​ប្រទេស​នេះ​ដែរ​ឬ​ទេ​សម្រាប់​ប្រទេស​របស់​ពួកគេ​ដែល​ត្រូវ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ មាន​រាជាណាចក្រ​កម្ពុជា និង​រាជាណាចក្រ​ថៃឡង់ដ៍៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស