27.5 C
Phnom Penh

បណ្ឌិត សាម អ៊ីន កំពុង​ពិចារណា​ថា​គួរ​សម្រាក​ពី​នយោបាយ​ឬ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​បម្រើ​ប្រទេស​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ឌិត សាម អ៊ីន ដែល​ទើប​ទទួល​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) កំពុង​ពិចារណា​ថា គួរ​សម្រាក​ជីវិត​នយោបាយ​ធ្វើជា​ប្រជាពលរដ្ឋ​ធម្មតា​ដោយ​មិន​ធ្វើ​អ្វី​សោះ ឬ​ក៏​យក​ចំណេះ​ជំនាញ​ទៅ​បម្រើ​ក្នុង​រដ្ឋាភិបាល ដែល​អាច​រួម​ចំណែក​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ជូន​ប្រទេស​ជាតិ និង​ប្រជាជន។

តាមរយៈ​វីដេអូ​ឃ្លីប​រយៈពេល ៤៥​នាទី ដែល​បង្ហោះ​លើ​យូធូប (Youtube) នៅ​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២២ លោក សាម អ៊ីន បាន​និយាយ​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​លោក​ថា លទ្ធផល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ និង​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ធ្វើ​ឲ្យ​លោក​មាន​ការ​ពិចារណា​យ៉ាង​ច្រើន​ថា លោក​គួរ​បន្ត​ធ្វើ​យ៉ាង​ម៉េច​ទៀត? គួរ​សម្រាក​ធ្វើជា​ប្រជាពលរដ្ឋ​ធម្មតា​ដោយ​មិន​ធ្វើ​អ្វី​សោះ ឬ​យក​ចំណេះ​ជំនាញ​ទៅ​បម្រើ​ក្នុង​រដ្ឋាភិបាល?

លោក​បាន​ថ្លែង​ទៀត​ថា លោក​ទទួល​បាន​សំណួរ​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​សួរ​ថា លោក​អត់​សម្រេច​ចិត្ត​ទៅ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ដូច​បណ្ឌិត យ៉ង សាំងកុមារ ទេ​ឬ? នេះ​ជា​សំណួរ​ដែល​លោក​បាន​លើក​យក​មក​ប្រាប់​ដល់​សាធារណជន​តាមរយៈ​វីដេអូ​ឃ្លីប​ដែល​លោក​បង្ហោះ​ក្នុង​យូធូប ដោយ​ឆ្លើយ​ថា ឆ្លើយ​នឹង​សំណួរ​នេះ [លោក​ពិចារណា​ដែរ បង​ប្អូន]។

លោក សាម អ៊ីន បាន​លើកឡើង​ទៀត​ថា បើ​លោក​ទៅ​ចូលរួម​ជាមួយ​រដ្ឋាភិបាល ទាល់តែ​លោក​មាន​ភាព​ច្បាស់លាស់​ដែរ ទាល់តែ​លោក​មាន​ការងារ​ណា​ដែល​អាច​រួម​ចំណែក​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ជូន​រាជរដ្ឋាភិបាល ជូន​ប្រទេស​ជាតិ ជូន​ប្រជាជន ទើប​បាន​លោក​ទៅ។ បើ​គ្រាន់តែ​ទៅ​យក​តំណែង​ជា​ឯកឧត្តម លោក​គិត​ថា​វា​ដូចជា​មិន​មាន​អ្វី​ទាក់ទាញ​ចំណាប់​អារម្មណ៍​នោះ​ទេ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ពុំ​ទទួល​បាន​អាសនៈ​រដ្ឋសភា​ឡើយ ឯ​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ គណបក្ស​នេះ​ទទួល​បាន​អាសនៈ​តែ ៦ ប៉ុណ្ណោះ។

លោក សាម អ៊ីន វាយតម្លៃ​ថា លទ្ធផល​បោះឆ្នោត​ទាំង​ពីរ​លើក​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​សញ្ញា​ដែល​ប្រជាពលរដ្ឋ​មិន​ស្វាគមន៍ មិន​សាទរ និង​មិន​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។ ក្រុម​លោក​ថែម​ទាំង​ធ្លាប់​រង​ការ​លាប​ពណ៌​ទៀត​ផង។

លោក​ចោទ​សួរ​ថា ក្រុម​លោក​គ្រាន់តែ​មាន​ទឹកចិត្ត​ចង់​ជួយ​ប្រទេស​ជាតិ ចង់​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​បើ​មិន​ទទួល​បាន​ការ​សាទរ និង​ការ​គាំទ្រ តើ​ក្រុម​លោក​គួរ​បន្ត​លះបង់​តាម​ផ្លូវ​នេះ​តទៅទៀត​ដែរ​ឬ​ទេ? លោក​ក៏​សួរ​ខ្លួនឯង​ដែរ​ថា លោក​គួរ​នៅ​បន្ត​ជួយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទៀត​ឬ​យ៉ាង​ណា?

បណ្ឌិត សាម អ៊ីន ថា​តាមពិត​លោក​ចង់​ជួយ​ទៀត ប៉ុន្តែ​លទ្ធផល​ឆ្នាំ​២០២២ និង​លទ្ធផល​ឆ្នាំ​២០១៨ ធ្វើ​ឲ្យ​មន្ត្រី​បក្ស​ខ្សោយ​កម្លាំង​ចិត្ត​មែនទែន ធ្វើ​ឲ្យ​ខ្សោយ​កម្លាំង​ចិត្ត ធ្វើ​ឲ្យ​មន្ត្រី​គិត​ទៅ​ដល់​ជម្រើស​ផ្សេងៗ​គ្នា។

លោក សាម អ៊ីន អះអាង​ថា លោក​នៅតែ​ចង់​ជួយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មួយ​រយៈ​ទៀត​សិន ដោយ​ភ្ជាប់​ជាមួយ​ក្តី​រំពឹង​ក្នុង​ចិត្ត​ថា ក្រែងលោ​លោក​អាច​ជួយ​រុញច្រាន​គណបក្ស​នេះ​ឲ្យ​ទៅ​មុខ​បាន។ លោក​ក៏​រំពឹង​ទុក​ដែរ​ថា សមាជិក​សមាជិកា​គណបក្ស​អាច​នឹង​មាន​ភាព​សកម្ម យុវជន​ជំនាន់​ថ្មី​អាច​នឹង​មាន​កម្លាំង​ខ្លាំង មាន​ទេពកោសល្យ​ជាង​ពួក​លោក​ជា​អ្នក​ជំនាន់​មុខ ហើយ​ពួកគេ​អាច​នឹង​ជួយ​ជ្រោង​ទង់​គណបក្ស​ឲ្យ​បាន​ទៅ​មុខ។

កាលពី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ដាក់​លិខិត​រួម​ជាមួយ​សហការី​របស់​ខ្លួន ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​គោល​បំណង​ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ជាង​ពេល​បច្ចុប្បន្ន។

ក្រោយ​ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច​បាន​ពីរ​ថ្ងៃ នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ បណ្ឌិត យ៉ង សាំងកុមារ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខណៈ​សហការី​របស់​ខ្លួន ២​នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ផង​ដែរ។

បណ្ឌិត យ៉ង សាំងកុមារ និង​បណ្ឌិត សាម អ៊ីន សុទ្ធតែ​ជា​ស្ថាបនិក​ដែល​ចូលរួម​ផ្តើម​គំនិត​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ឡើង​ក្នុង​ឆ្នាំ​២០១៥៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស