38 C
Phnom Penh

ក្រុម​យុវជន​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ពី​សៀមរាប​ទៅ​ភ្នំពេញ​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស​ឱ្យ​ពេញ​លេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​យុវជន​ចំនួន ៣០​នាក់​នាំគ្នា​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ពី​ខេត្ត​សៀមរាប ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​នៃ​រាជធានី​ភ្នំពេញ ដើម្បី​អបអរ​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ត្រូវ​គោរព​សិទ្ធិមនុស្ស​ឲ្យ​ពេញលេញ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) ស្ដីពី​ការ​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ដើម្បី​សិទ្ធិមនុស្ស ចុះ​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​យុទ្ធនាការ​ជិះ​កង់​នេះ​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២២ ដើម្បី​ចូលរួម​អបអរ​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​ទី​៧៤​ឆ្នាំ ដែល​នឹង​ប្រារព្ធ​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២២។

ប្រភព​ដដែល​ថា យុទ្ធនាការ​ជិះ​កង់​ដើម្បី​សិទ្ធិមនុស្ស រៀបចំ​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញា​ពង្រឹង​ការ​គោរព ការ​ផ្តល់​លំហ​ពេញលេញ និង​ការ​ការពារ​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ដែល​បាន​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ព្រមទាំង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌។

លើស​ពី​នេះ ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ផ្តល់​លំហ​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​សហគមន៍​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ សិទ្ធិ​ខាង​សមាគម សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី សិទ្ធិ​ជួបជុំ សិទ្ធិ​ផ្នែក​វិជ្ជាជីវៈ​ការ​ចូលរួម​កិច្ចការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ព្រមទាំង​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​ដោយ​ពុំ​មាន​ការ​បង្ខិតបង្ខំ​គ្រប់​ទម្រង់។

មួយ​វិញ​ទៀត រដ្ឋាភិបាល​ក៏​ត្រូវ​ផ្តល់​លំហ​សេរីភាព និង​លើក​ទឹកចិត្ត​ដល់​យុវជន​ក្នុង​ការ​ចូលរួម​សកម្មភាព​ស្ម័គ្រចិត្ត ជួយ​កិច្ចការ​សហគមន៍​មូលដ្ឋាន សិទ្ធិ​សេរីភាព​បញ្ចេញមតិ ការ​បង្កើត​ក្រុម ឬ​ក្លឹប​ដើម្បី​ចូលរួម​កិច្ច​ការងារ​សង្គម បើក​ចំហ​ឲ្យ​មាន​ការ​ពិភាក្សា និង​ការ​ជជែក​ដេញដោល​ពី​បញ្ហា​នយោបាយ​សង្គម ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រីក​វិសាលភាព​ការ​ចូលរួម​របស់​ពលរដ្ឋ​ក្នុង​កិច្ចការ​សង្គម​ឲ្យ​កាន់តែ​សកម្ម​លើ​គ្រប់​វិស័យ។

បើ​តាម CYN ថា​យុទ្ធនាការ​នេះ​នឹង​ធ្វើឡើង​រយៈពេល ៥​ថ្ងៃ ដោយ​ក្រុម​យុវជន​ទាំង ៣០​នាក់​នឹង​ជិះ​កង់​ពី​ខេត្ត​សៀមរាប ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​នៃ​រាជធានី​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​ពី​សារសំខាន់​នៃ​ការ​គោរព ការពារ និង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស ព្រមទាំង​ចូលរួម​អបអរ​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​ទី​៧៤​ឆ្នាំ ដែល​នឹង​ប្រារព្ធ​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ។

ក្រៅពី​ក្រុម​យុវជន​ខាងលើ​នេះ សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ក៏​រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដើម្បី​ផ្តល់​ឱកាស​ដល់​កម្មករ យុវជន សហជីព​កសិករ សហគមន៍ បណ្ដាញ និង​សមាគម​ដែល​ចង់​ធ្វើការ​លើកឡើង​អំពី​បញ្ហា ក្ដី​កង្វល់ តម្រូវការ​ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ យុត្តិធម៌​សង្គម កិច្ច​គាំពារ​សង្គម និង​ជីវភាព​រស់នៅ​តាម​តំបន់​គោលដៅ។

ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ធ្វើឡើង​ស្រប​ពេល​ដែល​លំហ​សេរីភាព​បញ្ចេញមតិ សេរីភាព​ជួបជុំ និង​សេរីភាព​ផ្នែក​នយោបាយ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​រង​ការ​រឹតត្បិត​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៧ រហូត​ដល់​បច្ចុប្បន្ន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស