33 C
Phnom Penh

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល៖ ការ​រិះគន់​នានា​លើ​កម្ពុជា​គឺ​ដោយសារ​តែ​កម្ពុជា​អនុវត្ត​ច្បាប់​ដោយ​បំពាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ថា​ការ​រិះគន់​នានា​លើ​កម្ពុជា​ជុំវិញ​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ គឺ​ដោយសារតែ​កម្ពុជា​បាន​អនុវត្ត​ច្បាប់​ដោយ​បំពាន​ជុំវិញ​ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​នានា និង​សកម្មជន​នយោបាយ​ដោយ​ប្រើ​ក្រមព្រហ្មទណ្ឌ​ដែល​ផ្ទុយ​ពី​ខ្លឹមសារ​របស់​រដ្ឋធម្មនុញ្ញ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ ធ្នូ នេះ​ថា ដើម្បី​ធានា​នូវ​យុត្តិធម៌ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ និង​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ រដ្ឋាភិបាល​កម្ពុជា​គួរតែ​បើក​ទូលាយ​ដល់​សកម្មជន​សង្គម អ្នក​នយោបាយ និង​អ្នក​សារព័ត៌មាន​ក្នុង​ការ​បញ្ចេញមតិ​ការពារ​ផល​ប្រយោជន៍​សាធារណៈ ដើម្បី​រួម​គ្នា​កែលំអ និង​កសាង​សង្គម​ជាតិ​ទាំងមូល​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ណា​មួយ​ដូច​ពេល​កន្លងមក។

លោក ស៊ឹង សែនករុណា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ពី​អ្នក​ដែល​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​កាលពី​ពេល​កន្លងទៅ ដូចជា​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី សកម្មជន​នយោបាយ និង​អ្នក​ចម្រៀង​ដែល​ច្រៀង​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្គម ជាដើម ដើម្បី​ឱ្យ​ពួកគេ​អាច​បន្ត​ឆន្ទៈ​ក្នុង​ការ​ចូលរួម​កសាង​សង្គម​ជាតិ​បន្ត​ទៀត ហើយ​រដ្ឋាភិបាល​ក៏​ចៀស​ផុត​ពី​ការ​រិះគន់​នានា​ផង​ដែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​កំណត់​ព្រំដែន​ក្នុង​ការ​ចាត់​វិធានការ​លើ​ការ​រឹតត្បិត​សេរីភាព ការ​ហាមឃាត់​នូវ​ការ​ប្រើប្រាស់​សិទ្ធិ និង​ការ​បង្ក្រាប​ដោយ​ការ​ដាក់​ទោស​ទណ្ឌ​ដែល​ប្រាសចាក​ពី​ការ​ធានា​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​ដទៃ​ទៀត​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង។

បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា បទល្មើស​នៃ​ក្រមព្រហ្មទណ្ឌ​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​យ៉ាង​ពេញ​និយម ដើម្បី​ដាក់​ទោស​ទណ្ឌ​លើ​អ្នក​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​លើ​អ្នក​នយោបាយ​ប្រឆាំង​ដូចជា​ការ​ចោទ​ថា ពួកគេ​មាន​ផែនការ​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល ជាដើម នៅ​ពេល​ដែល​អ្នក​ទាំងនោះ​ប្រឆាំង​ទាមទារ​រក​យុត្តិធម៌​ពី​ការ​គាបសង្កត់​របស់​រដ្ឋាភិបាល​កម្ពុជា​កន្លងមក។

អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ាលីន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ផែនការ​សកម្មភាព​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​សុវត្ថិភាព​អ្នក​សារព័ត៌មាន និង​បញ្ហា​ប្រឈម​កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា ក្នុង​នាម​កម្ពុជា​ជា​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​ភារកិច្ច​ការពារ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន គឺ​ត្រូវ​ចូលរួម​លើក​កម្ពស់​ការ​យល់ដឹង ការ​តាមដាន និង​ការ​រាយការណ៍ ការ​សិក្សា​ស្រាវជ្រាវ ដើម្បី​ធ្វើ​ឱ្យ​តួនាទី​នៃ​ការ​បញ្ចេញមតិ​ដោយ​សេរី និង​កត្តា​ដែល​មាន​លក្ខណៈ​អំណោយ​ផល​សម្រាប់​ការ​អភិវឌ្ឍ និង​ការ​គោរព​សិទ្ធិមនុស្ស​ទាំងអស់​នៅ​កម្ពុជា។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​ជំរុញ​ឲ្យ​លោក ហ៊ុន សែន បើក​លំហ​សិទ្ធិ​នយោបាយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ឡើងវិញ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ខាងមុខ​នេះ និង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស