សិស្ស និស្សិតអង្គុយនៅក្នុងសាលាក្ដីខ្មែរក្រហម ត្រង់កន្លែងសម្រាប់អ្នកចូលរួមស្ដាប់សវនាការកាលពីម្សិលមិញ ដែលជាថ្ងៃចុងក្រោយនៃសវនាការធ្វើសេចក្ដីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាចុងក្រោយសម្រាប់ នួន ជា។ ECCC

ព័ត៌មានជាតិ

អ្នក​ឃ្លាំមើល៖ ការ​រឹតត្បិត​មិន​ឱ្យ​សិស្ស​និង​គ្រូ​និយាយ​ពី​បញ្ហា​ក្នុង​សង្គម​ជា​កំហុស​រដ្ឋាភិបាល

By ឌឹ ខេមបូឌា ដេលី

December 08, 2022

ស្ថាបនិក​ជាន់ខ្ពស់​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រមាន​ថា ការ​រឹតត្បិត​ប្រព័ន្ធ​អប់រំ​ដែល​មិន​អនុញ្ញាត​ឲ្យ​សិស្ស និង​លោកគ្រូ​អ្នកគ្រូ​អាច​និយាយ​ឲ្យ​បាន​ទូលំទូលាយ​ពី​បញ្ហា​ក្នុង​សង្គម ដើម្បី​កែលំអ គឺជា​កំហុស​របស់​រដ្ឋាភិបាល។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ ធ្នូ នេះ​ថា ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ត្រូវ​កែប្រែ​នូវ​គុណវិបត្តិ​មួយ​ចំនួន ដើម្បី​ជំរុញ​ឲ្យ​វិស័យ​នេះ​មាន​ភាព​ជឿនលឿន​ទៅ​មុខ​ឡើងវិញ ដូចជា​ការ​កម្រិត​ឲ្យ​សិស្ស​អាច​ទទួល​យក​នូវ​អ្វី​ដែល​ក្រសួង​អប់រំ​បាន​កំណត់ ជាជាង​ទទួល​យក​គំនិត​ត្រឹមត្រូវ​ថ្មី​ដែល​សិស្ស​ស្រាវជ្រាវ​ឃើញ។ ជាង​នេះ​ទៀត គម្លាត​នៃ​ការ​អប់រំ​នៅ​ទីក្រុង គឺ​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ជនបទ ដែល​ធ្វើ​ឲ្យ​សិស្ស​នៅ​ជនបទ​មាន​ចំណេះដឹង​តិចតួច ខណៈ​សិស្ស​នៅ​ទីក្រុង​ទទួល​បាន​ការ​អប់រំ​ទូលំទូលាយ​ជាង។

លោក សេក សុជាតិ លើកឡើង​ថា បច្ចុប្បន្ន​នេះ ពិតមែន​តែ​សិស្ស​ខ្លះ​មាន​សមត្ថភាព​អាច​ប្រឡង​យក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​នោះ​គឺជា​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ប៉ុណ្ណោះ។ សិស្ស​ដែល​មាន​កម្រិត​ខ្ពស់​បែប​នេះ ក៏​មិន​មាន​ច្រើន​នោះ​ដែរ ប៉ុន្តែ​បើ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​លើក​ទឹកចិត្ត​សម្រាប់​សិស្ស​ឆ្នើម​ក្នុង​វិស័យ​អប់រំ​របស់​ខ្លួន​ឲ្យ​កាន់តែ​ទូលំទូលាយ នោះ​សិស្ស​កម្ពុជា​នឹង​អាច​បញ្ចេញ​សមត្ថភាព​របស់​ពួកគេ​កាន់តែ​ខ្ពស់​ជាង​ពេល​បច្ចុប្បន្ន​នេះ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ដើម្បី​លើកស្ទួយ​វិស័យ​អប់រំ​របស់​កម្ពុជា​ឲ្យ​មាន​ការ​អភិវឌ្ឍ​កាន់តែ​ប្រសើរ​ឡើង រដ្ឋាភិបាល​ត្រូវតែ​បើក​ទូលាយ​នូវ​ការ​អប់រំ​របស់​ខ្លួន ដើម្បី​ឲ្យ​សិស្ស​និស្សិត​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​គិត និង​អនុវត្ត​លើ​មុខវិជ្ជា​នានា​ដែល​ពាក់ព័ន្ធ​នឹង​សង្គម​ជាតិ ដូចជា​មុខវិជ្ជា​ប្រវត្តិវិទ្យា ឬ​ភូមិវិទ្យា ជាដើម ដែល​មុខវិជ្ជា​ទាំងនេះ​តម្រូវ​ឲ្យ​ពួកគេ​ឈ្វេងយល់​ពី​បញ្ហា​ប្រទេស​ជាតិ​ជាក់ស្តែង ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​ពិតប្រាកដ​មួយ ក្នុង​នោះ​ពួកគេ​នឹង​ក្លាយ​ជា​ធនធាន​រឹងមាំ​សម្រាប់​ជាតិ​មាតុភូមិ​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ​ផង​ដែរ។

កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២២ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ានី បាន​លើកឡើង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ថា ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​មិន​ដែល​មាន​បញ្ហា​នោះ​ទេ។ លោក​បន្ថែម​ថា ការ​លើកឡើង​ដែល​ថា​សញ្ញាបត្រ​របស់​ប្រព័ន្ធ​អប់រំ​កម្ពុជា​មិន​មាន​តម្លៃ​ដូច​ប្រទេស​ដទៃ គឺ​គ្រាន់តែ​ជា​ការ​លើកឡើង​ដើម្បី​បង្អាប់​ប្រទេស​ជាតិ​ខ្លួនឯង​ប៉ុណ្ណោះ។

លោក ហ៊ុន ម៉ានី អះអាង​ថា បើ​ប្រព័ន្ធ​អប់រំ​កម្ពុជា​មាន​បញ្ហា មិនមែន​កម្ពុជា​អាច​បណ្តុះបណ្តាល​ធនធាន​មនុស្ស​រីកចម្រើន​បាន​កម្រិត​ល្អ​ដូច​សព្វថ្ងៃ​នេះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តី​ណែនាំ​ស្ដីពី​ដំណើរការ​គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​ក្នុង​ឆ្នាំ​សិក្សា​២០២២-២០២៣ កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា ដំណើរការ​នៃ​ការ​អប់រំ​មធ្យមសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​បាន​ផ្ដោត​យ៉ាង​សំខាន់​លើ​លទ្ធផល​សិក្សា​របស់​សិស្ស ក្នុង​គោល​បំណង​ធានា​ឱ្យ​បាន​នូវ​ការ​អប់រំ​ដែល​មាន​គុណភាព​ប្រកប​ដោយ​សមធម៌ និង​លើក​កម្ពស់​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ពលរដ្ឋ​គ្រប់​រូប។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា ឆ្នាំ​សិក្សា​២០២១-២០២២ កម្ពុជា​មាន​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ​ចំនួន ១៨១២​កន្លែង ក្នុង​នោះ​កម្រិត​អនុវិទ្យាល័យ​មាន ១២៥៣​កន្លែង ដែល​ទទួល​បាន​សិស្ស​ចំនួន​ជាង ៦៦​ម៉ឺន ២​ពាន់​នាក់ និង​កម្រិត​វិទ្យាល័យ​មាន ៥៥៩​កន្លែង ដែល​ទទួល​បាន​សិស្ស​ចំនួន​ជាង ៣៦​ម៉ឺន ៦០០​នាក់​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក ប៉ា ចន្ទរឿន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​ប្រឡង​បាក់ឌុប​បាន​ក្លាយ​ជា​ពេលវេលា​ស្លាប់​រស់​កំណត់​អនាគត​របស់​យុវជន​រាប់​សែន​នាក់ ខណៈ​ការ​ប្រឡង​នេះ​គ្រាន់តែ​ជា​ចំណែក​មួយ​នៃ​ការ​វាស់វែង​សមត្ថភាព​របស់​សិស្ស​ប៉ុណ្ណោះ ដូច្នេះ​ក្រសួង​អប់រំ​គួរតែ​បង្ក​បរិយាកាស​ឱ្យ​សិស្សានុសិស្ស​បាន​រៀនសូត្រ​ឱ្យ​ចេះដឹង​ពិតប្រាកដ​តាម​កម្រិត​នីមួយៗ ជាជាង​ការ​ដាក់​កម្រិត​តឹងរ៉ឹង​នៅ​ថ្ងៃ​ប្រឡង៕