27 C
Phnom Penh

សង្គម​ស៊ីវិល​ថា​កម្ចី ADB ជា​ការ​ដាក់​បន្ទុក​លើ​ពលរដ្ឋ​ខ្មែរ បើ​គ្មាន​ការ​តាមដាន​ការ​ប្រើប្រាស់​ថវិកា​ឱ្យ​ច្បាស់លាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ផ្ដល់​កម្ចី​ជា​ទឹកប្រាក់​ចំនួន ៥០​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច សម្រាប់​ជំរុញ​សមត្ថភាព​ប្រកួត​ប្រជែង​បន្ថែម​ទៀត និង​គាំទ្រ​ដល់​ការ​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​កូវីដ-១៩ ខណៈ​សង្គម​ស៊ីវិល​លើកឡើង​ថា ប្រសិនបើ​មិន​បាន​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ពី​ការ​ប្រើប្រាស់​ថវិកា​ទេ វា​គឺជា​ការ​ដាក់​បន្ទុក​បន្ថែម​លើ​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​សង​បំណុល​នេះ។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា កម្ចី​ជា​ទឹកប្រាក់​ចំនួន ៥០​លាន​ដុល្លារ​អាមេរិក​នេះ គឺ​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ បន្ទាប់ពី​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​វាយនភណ្ឌ វិស័យ​ទេសចរណ៍ និង​វិស័យ​សំណង់ បាន​ធ្លាក់​ចុះ​ក្រោយ​វិបត្តិ​កូវីដ-១៩។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី លើកឡើង​ថា គម្រោង​នេះ​នឹង​គាំទ្រ​ដល់​ការ​ស្ដារ​សេដ្ឋកិច្ច​របស់​កម្ពុជា​ឡើងវិញ​ក្រោយ​កូវីដ-១៩ តាមរយៈ​នៃ​ការ​ជួយ​ដល់​ការ​ធ្វើ​កំណែ​ទម្រង់​មួយ​ចំនួន ដើម្បី​បង្កើន​ការ​វិនិយោគ និង​បរិយាកាស​ធុរកិច្ច ជំរុញ​កំណើន​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

ADB បញ្ជាក់​ថា កម្មវិធី​នេះ​នឹង​ជួយ​ដល់​ការ​អភិវឌ្ឍ​នានា ព្រមទាំង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ និង​ការ​បង្កើត​ទីផ្សារ​ថ្មីៗ​ដែល​អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អាជីវកម្ម​របស់​កម្ពុជា​កាន់តែ​រីកចម្រើន ដែល​អាច​សម្រប​ខ្លួន​ទៅ​នឹង​ទិដ្ឋភាព​ពាណិជ្ជកម្ម​ដែល​កំពុង​ផ្លាស់ប្ដូរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ ធ្នូ នេះ​ថា រូបលោក​ផ្ទាល់​ក៏​ចង់​បាន​នូវ​ប្រាក់កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដើម្បី​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​ប្រទេស​ជាតិ​ដែរ ប៉ុន្តែ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​មួយ​រូប​ដែល​ត្រូវ​ភ្ជាប់​កាតព្វកិច្ច​បង់​ពន្ធ​ជូន​រដ្ឋ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ប្រមូល​យក​លុយ​យក​ទៅ​សង​បំណុល​បរទេស​នានា ក៏​ចង់​ឃើញ​ប្រាក់កម្ចី​ទាំងនោះ​អាច​ជួយ​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ និង​អាច​ស្ដារ​ឡើងវិញ​នូវ​វិស័យ​សេដ្ឋកិច្ច​របស់​កម្ពុជា​ឲ្យ​មាន​ភាព​រីកចម្រើន​ផង​ដែរ។

លោក មឿន តុលា ថា​ស្ថានភាព​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ឯក​បក្ស និង​រដ្ឋសភា​ជាតិ​ឯក​បក្ស​ដូច​សព្វថ្ងៃ​នេះ គឺ​ពិតជា​ពិបាក​នឹង​ឲ្យ​ប្រជាពលរដ្ឋ​ទុកចិត្ត​នូវ​ការ​ប្រើប្រាស់​ថវិកា​ជាតិ​ប្រកប​ដោយ​តម្លាភាព​ខ្លាំង​ណាស់ ព្រោះ​រាល់​ការ​ចំណាយ​របស់​រដ្ឋាភិបាល គឺជា​របាយការណ៍​ដែល​លើកឡើង​តែ​មួយ​ជ្រុង​ប៉ុណ្ណោះ គ្មាន​ភាគី​ណា​ផ្សេង ដូចជា​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​សំឡេង​ក្នុង​រដ្ឋសភា ជាដើម ជា​អ្នក​ចូលរួម​ត្រួតពិនិត្យ​រាល់​របាយការណ៍​របស់​រដ្ឋាភិបាល​ទាំងនោះ​ជូន​ប្រជាពលរដ្ឋ​ឡើយ។

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​រូប​នេះ​អំពាវនាវ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី តាមដាន​ការ​អនុវត្ត​ប្រើប្រាស់​ប្រាក់កម្ចី​របស់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​មាន​តម្លាភាព ចៀសវាង​នូវ​ការ​ប្រព្រឹត្ត​អំពើពុករលួយ ឬ​ការ​រំលោភ​សិទ្ធិ​ណា​មួយ ដែល​ធ្វើ​ឲ្យ​បន្ទុក​នៃ​ការ​សង​បំណុល​នេះ​ធ្លាក់​មក​លើ​ប្រជាពលរដ្ឋ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។

កាលពី​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២១ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា ការ​នាំចេញ​សម្លៀកបំពាក់ ទំនិញ​ធ្វើ​ដំណើរ និង​ស្បែកជើង​នៅ​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០២១ របស់​កម្ពុជា​នៅ​មាន​កម្រិត​ទាប​ជាង​ពេល​មុន​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដ-១៩ ខណៈ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ពេល​នោះ​មាន​កម្រិត​ត្រឹមតែ ១,៩​ភាគរយ​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ឆ្នាំ​២០២០ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ផ្តល់​ប្រាក់កម្ចី និង​ជំនួយ​ឥត​សំណង​ជាង ៤៧០០​លាន​ដុល្លារ​អាមេរិក និង​បាន​ផ្តល់​ទឹកប្រាក់​ជាង ២៨០០​លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត តាមរយៈ​សហ​ហិរញ្ញប្បទាន។ បន្ថែម​ពី​នេះ ADB ក៏​មាន​ទឹកប្រាក់​បម្រុង​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​រយៈពេល ៤​ឆ្នាំ​ផង​ដែរ ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៤ រួម​ទាំង​ប្រាក់កម្ចី​សម្បទាន​ផង​នោះ គឺ​មាន​ចំនួន​ដល់​ទៅ ១,៤៩​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ ព្រមទាំង​ជំនួយ​ឥត​សំណង​សម្រាប់​កម្ពុជា​ចំនួន ៣១,៨​លាន​ដុល្លារ​អាមេរិក​ថែម​ទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស