38 C
Phnom Penh

CCFC រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ដើម្បី​ឱ្យ​ពលរដ្ឋ​បង្ហាញ​ក្ដី​កង្វល់​ពី​បញ្ហា​ប្រឈម​ក្នុង​រយៈពេល​៤​ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប ៧៤​ឆ្នាំ​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២២ ដែល​មាន​អ្នក​ចូលរួម​ជាង ៦​ពាន់​នាក់​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​គ្នា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បង្ហាញ​ក្ដី​កង្វល់ និង​តម្រូវការ​របស់​ពួកគេ​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស ភាព​អយុត្តិធម៌​សង្គម និង​គោល​នយោបាយ​នានា​ពាក់ព័ន្ធ​កិច្ច​គាំពារ​សង្គម។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២២ ស្ដីពី​ការ​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​៧៤ ឆ្នាំ​២០២២ ប្រធានបទ «សាមគ្គីភាព​ប្រជាពលរដ្ឋ​ដើម្បី​យុត្តិធម៌ សិទ្ធិមនុស្ស និង​កិច្ច​គាំពារ​សង្គម» របស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ឲ្យ​ដឹង​ថា ការ​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នឹង​ចាប់ពី​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២២ ដែល​មាន​អ្នក​ចូលរួម​ជាង ៦​ពាន់​នាក់​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​គ្នា ក្នុង​នោះ​មាន​ខេត្ត​កោះកុង ក្រចេះ ស្វាយរៀង ព្រៃវែង កណ្ដាល កំពត ព្រះវិហារ តាកែវ ព្រះសីហនុ ត្បូងឃ្មុំ កំពង់ស្ពឺ កំពង់ចាម សៀមរាប និង​ខេត្ត​កំពង់ធំ។

CCFC បញ្ជាក់​ថា ការ​រៀបចំ​ពិធី​នេះ ដើម្បី​ចូលរួម​អបអរ​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​៧៤ ឆ្នាំ​២០២២ និង​ផ្តល់​ឱកាស​ដល់​កម្មករ យុវជន សហជីព​កសិករ/សហគមន៍/បណ្ដាញ និង​សមាគម​ដែល​ចង់​ធ្វើការ​លើកឡើង​អំពី​បញ្ហា ក្ដី​កង្វល់ តម្រូវការ ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ យុត្តិធម៌​សង្គម កិច្ច​គាំពារ​សង្គម និង​ជីវភាព​រស់នៅ​តាម​តំបន់​គោលដៅ។

លើស​ពី​នេះ ក៏​ដើម្បី​បង្កើត​បរិយាកាស​វេទិកា​ពិភាក្សា​រវាង​អាជ្ញាធរ​មូលដ្ឋាន អ្នក​ពាក់ព័ន្ធ កម្មករ រួម​គ្នា​ដោះស្រាយ​បញ្ហា ក្ដី​កង្វល់ និង​តម្រូវការ​របស់​កសិករ​កម្មករ​នៅ​តាម​សហគមន៍​ដែល​ពាក់ព័ន្ធ​ភាព​អយុត្តិធម៌​សង្គម សិទ្ធិមនុស្ស និង​គោល​នយោបាយ​នានា​ពាក់ព័ន្ធ​កិច្ច​គាំពារ​សង្គម ឬ​សេវា​សង្គម។

ថ្វីត្បិត​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​លុប​ចេញ​ថ្ងៃ​សម្រាក​ចេញពី​ប្រតិទិន​នៃ​បុណ្យ​ជាតិ​ក្ដី ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​អង្គការ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត នៅតែ​បន្ត​ប្រារព្ធ​ពិធី​នេះ​ជា​រៀងរាល់​ឆ្នាំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស