30 C
Phnom Penh

លីកាដូ​ស្នើ​រដ្ឋាភិបាល​ជា​ថ្មី​ឱ្យ​បិទ​មណ្ឌល​ព្រៃស្ពឺ​ក្រោយ​រក​ឃើញ​អ្នក​ជាប់​ឃុំ​ជាង​១០​នាក់​ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​លីកាដូ (LICADHO) ស្នើ​រដ្ឋាភិបាល​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​បិទ​មណ្ឌល​ព្រៃស្ពឺ ដើម្បី​បញ្ចប់​ស្ថានភាព​អាក្រក់​ដែល​ប្រឈម ក្រោយ​រក​ឃើញ​ថា​អ្នក​ជាប់​ឃុំ​ជាង ១០​នាក់​បាន​ស្លាប់​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំងអស់​នៅ​ក្នុង​មណ្ឌល​នៅ​ចន្លោះ​ខែ​កក្កដា និង​ខែ​សីហា ឆ្នាំ​២០២២។

ការ​ស្នើ​នេះ អង្គការ​លីកាដូ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស អង្គការ​លើកលែង​ទោស​អន្តរជាតិ និង​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ បាន​លើកឡើង​អំពី​កង្វល់​ជុំវិញ​ការ​រំលោភ​បំពាន និង​ការ​ស្លាប់​ដែល​គួរតែ​អាច​ការពារ​បាន​នៅ​ក្នុង​មណ្ឌល​ព្រៃស្ពឺ​ជាច្រើន​ដង​ទៅ​កាន់​រដ្ឋាភិបាល។

ក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា បើ​តាម​សាក្សី​ដែល​បាន​ឃើញ​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់​ស្លាប់ កើតឡើង​ក្រោយពី​អ្នក​ជាប់​ឃុំ​ឈឺ​នៅ​ក្នុង​មណ្ឌល ហើយ​មិន​ត្រូវ​បាន​ផ្ដល់​ការ​ព្យាបាល​ឱ្យ​បាន​គ្រប់គ្រាន់។

អង្គការ​លីកាដូ​ថា​សាក្សី​បាន​រៀបរាប់​ប្រាប់​ពី​ស្ថានភាព​អ្នក​ជាប់​ឃុំ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​នៅ​ក្នុង​មណ្ឌល​ព្រៃស្ពឺ ត្រូវ​បាន​ទុក​ចោល​នៅ​លើ​ឥដ្ឋ​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ជា​កន្លែង​ដែល​ពួកគេ​បាន​ស្លាប់​នៅ​ចំពោះ​មុខ​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត។

សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា សាក្សី​នៅ​ក្នុង​វត្ត​មួយ​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​បូជា​សាកសព​មកពី​មណ្ឌល​ព្រៃស្ពឺ បាន​បញ្ជាក់​ពី​ការ​កើនឡើង​នៃ​ចំនួន​សាកសព​ដែល​មណ្ឌល​ព្រៃស្ពឺ​បញ្ជូន​មក ដើម្បី​ធ្វើការ​បូជា​កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២២។ បើ​តាម​ភស្តុតាង​បាន​ចង្អុល​បង្ហាញ​ថា មាន​ការ​ស្លាប់​នៃ​អ្នក​ជាប់​ឃុំ​ជាង ១០​នាក់​នៅ​ចន្លោះ​ខែ​កក្កដា និង​ខែ​សីហា ឆ្នាំ​២០២២ ប៉ុន្តែ​ការ​រឹតត្បិត​ក្នុង​ការ​ចូល​ទៅ​កាន់​មណ្ឌល ធ្វើ​ឱ្យ​មាន​ភាព​លំបាក​ដើម្បី​បញ្ជាក់​ពី​ការ​រាយការណ៍​ទាំងនេះ។

អង្គការ​លីកាដូ​ថា ទោះបីជា​មណ្ឌល​ព្រៃស្ពឺ​បាន​អះអាង​ជា​មណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ប៉ុន្តែ​មណ្ឌល​នេះ​ដំណើរការ​ជា​មណ្ឌល​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ ដើម្បី​លាក់​បាំង​រូបភាព​ពី​ប្រជាពលរដ្ឋ​ដែល​មិន​ត្រូវ​បាន​គេ​អើពើ និង​អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​នៅ​រាជធានី​ភ្នំពេញ។

នាយិកា​ទទួល​បន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លីកាដូ អ្នកនាង ណាលី ពីឡូក បាន​លើកឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ការ​ស្លាប់​របស់​មនុស្ស​ពីរ​នាក់​នេះ​ជា​បញ្ហា​បន្ថែម​លើ​ការ​រំលោភ​បំពាន ការ​ធ្វើ​ទារុណកម្ម និង​ការ​បាត់បង់​ជីវិត​ដែល​មិន​គួរ​កើតមាន​អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​មក​នេះ​នៅ​ក្នុង​មណ្ឌល​ព្រៃស្ពឺ។

អ្នកនាង​បាន​បន្ថែម​ថា ជា​រៀងរាល់​ថ្ងៃ មណ្ឌល​ព្រៃស្ពឺ​នៅតែ​បើក​ដំណើរការ​បង្ក​ឱ្យ​មាន​ការ​រំលោភ​បំពាន​បន្ថែម​ទៀត និង​ហានិភ័យ​នៃ​ការ​ស្លាប់​ជាច្រើន​ទៀត។ ហេតុ​ដូច្នេះ រាជរដ្ឋាភិបាល​គួរតែ​បិទ​មណ្ឌល​នេះ​តែម្ដង ហើយ​បញ្ចប់​ភាព​រងគ្រោះ​យ៉ាង​អាក្រក់​ដែល​មិន​គួរ​កើតមាន​នេះ។

ជាក់ស្ដែង ការ​ស្លាប់​ចុងក្រោយ​នេះ លីកាដូ​ថា​បាន​កើតឡើង​អំឡុង​ពេល​មាន​ការ​កើនឡើង​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​មណ្ឌល​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​នេះ​ទៅ​លើ​បុរស និង​ស្ត្រី​ដែល​មិន​ត្រូវ​បាន​គេ​អើពើ​នៅ​ក្នុង​មណ្ឌល​មួយ​ដែល​មនុស្ស​ជាង ៤០០​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០២២។ ក្នុង​នោះ សាក្សី​មួយ​ចំនួន​បាន​រៀបរាប់​ពី​ស្ថានភាព​ដូច​នរក រួម​មាន​បន្ទប់​ឃុំឃាំង​ដែល​ចង្អៀត​ណែន​ខ្លាំង កង្វះ​ចំណី​អាហារ ការ​វាយដំ​ដោយសារ​មិន​ស្ដាប់​តាម​ការ​ណែនាំ ខណៈ​ដែល​ការ​ថែទាំ​សុខភាព គឺ​ទទួល​បាន​តែ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​តែប៉ុណ្ណោះ ទោះបី​មាន​ជំងឺ​ធ្ងន់ធ្ងរ​ក៏ដោយ។

អ្នកនាង​បញ្ជាក់​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ អង្គការ​លីកាដូ​បាន​ដាក់​លិខិត​ស្នើសុំ​ការ​អនុញ្ញាត​នៅ​ចុង​ខែ​តុលា ឆ្នាំ​២០២២ ដើម្បី​បញ្ជូន​ក្រុម​គ្រូពេទ្យ រួម​មាន​វេជ្ជបណ្ឌិត ដើម្បី​វាយតម្លៃ និង​ព្យាបាល​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​មណ្ឌល ប៉ុន្តែ​លិខិត​ស្នើសុំ​ដែល​បាន​ដាក់​ទៅ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅតែ​គ្មាន​ការ​ឆ្លើយតប ហើយ​នៅតែ​មាន​ការ​រឹតត្បិត​ក្នុង​ការ​ចូល​ទៅ​កាន់​មណ្ឌល​ព្រៃស្ពឺ​នៅឡើយ។

មណ្ឌល​ព្រៃស្ពឺ បាន​ចាប់​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២០០៤ ក្រោម​ការ​ណែនាំ​របស់​មណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប៉ុន្តែ​តែងតែ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​រូបភាព​ជា​ទីតាំង​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ សម្រាប់​មនុស្ស​ដែល​មិន​ត្រូវ​បាន​គេ​អើពើ យក​មក​ពី​តាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ។

ក្នុង​ឆ្នាំ​២០២០ អង្គការ​លើកលែង​ទោស​អន្តរជាតិ បាន​ចេញ​របាយការណ៍​មួយ​ដោយ​បាន​ចងក្រង​ការ​រំលោភ​បំពាន​ជាច្រើន​នៅ​ក្នុង​មណ្ឌល​ព្រៃស្ពឺ រួម​មាន​ការ​វាយដំ ការ​ស្លាប់ ការ​ធ្វើ​អត្តឃាត ភាព​ចង្អៀត​ណែន​ខ្លាំង កង្វះ​អាហារ​គ្រប់គ្រាន់ ក៏ដូចជា​ការ​ព្យាយាម​រត់​ចេញ​របស់​អ្នក​ជាប់​ឃុំ ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស