38 C
Phnom Penh

សមាជិក​សភា​អូស្ត្រាលី​ថា​រដ្ឋាភិបាល​ក្រោម​អំណាច​លោក ហ៊ុន សែន ជា​របប​ក្មេង​ទំនើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​សភា​អូស្ត្រាលី ចាត់ទុក​រដ្ឋាភិបាល​ក្រោម​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​របប​ក្មេង​ទំនើង បន្ទាប់ពី​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ក្រោយ​ត្រឡប់​មកពី​មហាសន្និបាត​អន្តរជាតិ​នៅ​ប្រទេស​អូស្ត្រាលី។

សមាជិក​សភា​អូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) ត្រូវ​បាន​សារព័ត៌មាន​អូស្ត្រាលី ABC ស្រង់​សម្ដី​ចុះផ្សាយ​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា ការ​តស៊ូ​របស់​កញ្ញា ឈឹម ស៊ីថរ ក្នុង​ការ​ស្វែងរក​យុត្តិធម៌ និង​ការ​ការពារ​កម្មករ​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​កន្លងមក មិន​មែន​ជា​សកម្មភាព​បង្ហាញ​ពី​ការ​ព្យាយាម​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ជា​សកម្មភាព​ដែល​បង្ហាញ​ពី​ភាព​ក្លាហាន​របស់​តំណាង​កម្មករ​រូប​នេះ​ដែល​កំពុង​ក្រោក​ឈរ​ឡើង​ជួយ​កម្មករ​និយោជិត​ពី​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ការងារ​ទៅវិញ​ប៉ុណ្ណោះ។

សមាជិក​សភា​អូស្ត្រាលី​រូប​នេះ​លើកឡើង​ថា ការ​ចាប់​ខ្លួន​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ បន្ទាប់ពី​កញ្ញា​បាន​ចូលរួម​មហាសន្និបាត​អន្តរជាតិ​នៅ​ប្រទេស​អូស្ត្រាលី​នេះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​អនុវត្ត​តាម​បែប​ផ្ដាច់ការ។

តំណាង​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ជា​លើក​ទី​២ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ក្រោម​ហេតុផល​ថា​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ ក្នុង​ពេល​ដែល​រូបគេ​កំពុង​ដាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​ដែល​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​នៅឡើយ។ទាក់ទិន​នឹង​បញ្ហា​នេះ នាយករង​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លោក Phil Robertson បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា និង​និយោជក​ដែល​គ្មាន​ក្រមសីលធម៌​បាន​ប្រើប្រាស់​ជំងឺ​រាតត្បាត Covid-19 ជា​លេស​ដើម្បី​រឹតត្បិត​ដល់​សហជីព​ឯករាជ្យ​ជំនួស​ឱ្យ​ការ​ការពារ​សុខុមាលភាព និង​សិទ្ធិ​របស់​កម្មករ​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ថា កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ បាន​រង​នូវ​ការ​បណ្តេញ​ចេញពី​ការងារ​ដោយ​អយុត្តិធម៌ និង​ការ​បញ្ឈប់​ពី​ការងារ​ទ្រង់ទ្រាយ​ធំ ដែល​ផ្ដោត​លើ​មេដឹកនាំ​សហជីព និង​សមាជិក​សកម្មជន​ដែល​តែង​ការពារ​សិទ្ធិ​កម្មករ​រហូត​មក។

ជុំវិញ​បញ្ហា​នេះ អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦៩​ស្ថាប័ន សហព័ន្ធ​សហភាព​អន្តរជាតិ ITUC ក្រុមប្រឹក្សា​សហជីព​អាស៊ាន ACTU សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់​ថា ការ​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​លើ​កញ្ញា ឈឹម ស៊ីថរ ពី​ការ​អនុវត្ត​សិទ្ធិ​សហជីព និង​ការ​ចោទប្រកាន់​ថា​បាន​រំលោភ​លើ​លក្ខខណ្ឌ​នៃ​ការ​ដាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​សម្រាប់​ការ​ចូលរួម​កិច្ចប្រជុំ​សហជីព គឺ​មិន​មាន​ភាព​ស្រប​គ្នា​ជាមួយ​នឹង​គោលការណ៍​ច្បាប់​ជា​មូលដ្ឋាន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ILO ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​១៩៩៩ និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស