អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ថាដរាបណាតុលាការមិនទាន់ចេញសាលដីកាសម្រេចថាមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា មានទោស នោះគណបក្សសង្គ្រោះជាតិនៅតែជាគណបក្សស្របច្បាប់ដដែល។
អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិប្រចាំទ្វីបអឺរ៉ុប ឬ CNRP-O លោក ប៉ុន សៅរី បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ថា ផ្អែកតាមច្បាប់បោះឆ្នោតរបស់ប្រទេសកម្ពុជាដែលកំពុងដឹកនាំដោយរដ្ឋាភិបាលក្រុងភ្នំពេញសព្វថ្ងៃនេះ បានកំណត់យ៉ាងច្បាស់ថា បើមេបក្សនៃគណបក្សនយោបាយណាមួយមានទោស នោះគណបក្សរបស់គេនឹងត្រូវរំលាយ ប៉ុន្តែការអនុវត្តជាក់ស្តែង គឺបញ្ច្រាសគ្នាពីខ្លឹមសារនៃច្បាប់ដែលមានចែងជាធរមានទៅវិញ។
លោក ប៉ុន សៅរី លើកឡើងថា បើយោងតាមច្បាប់របស់ប្រទេសកម្ពុជា ជនទាំងឡាយណាដែលមិនទាន់ត្រូវបានតុលាការសម្រេចឱ្យមានទោស ជននោះនឹងត្រូវចាត់ទុកថាជាជនស្អាតស្អំ។ ដូច្នេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅមិនទាន់ត្រូវបានតុលាការសម្រេចឱ្យមានទោសនៅឡើយទេរហូតមកដល់ពេលនេះ នោះគឺមានន័យថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាអំពើខុសច្បាប់ទាំងស្រុង។
អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបញ្ជាក់ថា នៅពេលដែលគណបក្សសង្គ្រោះជាតិនៅមានសុពលភាពស្របច្បាប់នៅឡើយ ហើយមេដឹកនាំមួយចំនួនរបស់បក្សនេះនាំគ្នាទៅបង្កើតគណបក្សថ្មី ឬទៅចូលរួមជាមួយគណបក្សផ្សេងទៀតនោះ គឺមានន័យថាពួកគេកំពុងចូលរួមរំលាយគណបក្សសង្គ្រោះជាតិជាមួយលោក ហ៊ុន សែន យ៉ាងពិតប្រាកដ។
បើតាមផ្លូវច្បាប់ អ្នកទាំងនោះត្រូវបានបាត់បង់សមាជិកភាពពីគណបក្សសង្គ្រោះជាតិដោយស្វ័យប្រវត្តិ។
កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ អាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន សែន បានសម្រុកចូលចាប់ខ្លួនលោក កឹម សុខា ទាំងកណ្ដាលអាធ្រាត្រដល់គេហដ្ឋានរបស់លោកក្នុងពេលដែលលោកកំពុងមានអភ័យឯកសិទ្ធិសភានៅឡើយ ក្រោមបទចោទប្រកាន់ថា លោកត្រូវរ៉ូវគ្នាជាមួយសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ប៉ុន្តែអស់រយៈពេលជាង ៥ឆ្នាំមកនេះ តុលាការមិនបានបង្ហាញភស្តុតាងស្របច្បាប់ជាក់លាក់ណាមួយថា លោក កឹម សុខា ពិតជាបានឃុបឃិតជាមួយរដ្ឋបរទេសដូចការចោទប្រកាន់របស់ខ្លួននោះឡើយ។
ក្រោយការចាប់ខ្លួនលោក កឹម សុខា បានត្រឹមតែ ៧៣ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការក្រុងភ្នំពេញបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ និងដកហូតយកកៅអីតំណាងរាស្ត្ររបស់បក្សនេះទាំងអស់ ព្រមទាំងយកកៅអីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងជាង ៥ពាន់នាក់ទៅបែងចែកឱ្យគណបក្សផ្សេងថែមទៀត ទាំងដែលខ្លួនមិនទាន់បានកាត់ទោសមេដឹកនាំរបស់ពួកគេពីបទល្មើសណាមួយនៅឡើយ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអះអាងថា មាតុភូមិកម្ពុជាគឺជាផ្ទះ ជាជម្រក ជាដង្ហើមនៃជីវិតរបស់លោក ដែលលោកត្រូវមានកាតព្វកិច្ចថែរក្សា ការពារឲ្យបានសុខដុមរមនា គង់វង្សមួយជីវិត មិនមានហេតុផលណាមួយដែលអាចឱ្យលោកនាំជាតិសាសន៍ផ្សេងមកត្រួតត្រា ឬបំផ្លិចបំផ្លាញ ឬឈ្លានពានប្រឆាំងនឹងប្រទេសកម្ពុជានោះឡើយ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិរិះគន់ថា ទង្វើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានប្រព្រឹត្តលើគណបក្សសង្គ្រោះជាតិបែបនេះ គឺជាទង្វើដ៏អយុត្តិធម៌ជាទីបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ សម្រាប់គណបក្សប្រឆាំង និងសម្រាប់លោក កឹម សុខា ក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិដ៏មានឥទ្ធិពលមួយរូបដែលមានប្រជាពលរដ្ឋគាំទ្រជិតកន្លះប្រទេសកន្លងមកនេះ៕