29 C
Phnom Penh

អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លើក​កម្ពស់​និង​ធានា​សិទ្ធិ​មូលដ្ឋាន​ពលរដ្ឋ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​លើក​កម្ពស់ និង​ធានា​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ទទួល​បាន​នូវ​សិទ្ធី​សេរីភាព​ពេញលេញ និង​គ្រប់ៗ​គ្នា ដោយ​គ្មាន​ការ​រើសអើង​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា​អាដហុក (ADHOC) លោក នី សុខា បាន​លើកឡើង​ក្នុង​កម្មវិធី​អបអរ​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ធ្នូ ថា ទិវា​សិទ្ធិមនុស្ស​តែងតែ​ប្រារព្វ​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ជា​រៀង​រាល់​ឆ្នាំ​ក៏​ពិត​មែន ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មិនមែន​មាន​សិទ្ធិ​តែ​មួយ​ថ្ងៃ​នេះ​ទេ គឺ​មាន​សិទ្ធិ​គ្រប់​ពេល គ្រប់​វេលា​ទាំងអស់ ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​រូប​នេះ​លើកឡើង​ថា ដើម្បី​ធានា​ឱ្យ​បាន​ពី​ការ​គោរព​សិទ្ធិមនុស្ស មិនមែន​ពលរដ្ឋ​គ្រប់​រូប​គ្រាន់តែ​មក​ចូលរួម​កម្មវិធី​អបអរ​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ហើយ​ទទួល​បាន​សិទ្ធិ​នោះ​ទេ ប៉ុន្តែ​ពួកគេ​ត្រូវតែ​ភ្ញាក់​រឭក សាមគ្គី និង​ក្រោក​ឈរ​ឡើង​ដើម្បី​យុត្តិធម៌​សង្គម និង​ការ​គោរព​សិទ្ធិមនុស្ស​ទាំងអស់​គ្នា ទោះបី​មាន​កិច្ចការ​រវល់​យ៉ាង​ណា​ក៏ដោយ ព្រោះ​ថា​ការ​ចូលរួម​របស់​ពលរដ្ឋ​គ្រប់​រូប នឹង​អាច​ប្រែ​ក្លាយ​សង្គម​ជាតិ​របស់​ខ្លួន​ទៅ​ជា​សង្គម​មួយ​ដែល​ទទួល​បាន​នូវ​ការ​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​សម្រាប់​ពលរដ្ឋ​គ្រប់​រូប​យ៉ាង​ពិតប្រាកដ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ចូលរួម​អបអរ​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ ដែល​ត្រូវ​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់​រូប​នៅ​ទូទាំង​ពិភពលោក។

អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមាគម​ជាច្រើន​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស ដូចជា​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក (ADHOC) សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា (CCFC) និង​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ជាដើម បាន​ប្រារព្ធ​កម្មវិធី​អបអរ​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ ក្រោម​ប្រធានបទ «សាមគ្គី​ប្រជាពលរដ្ឋ ដើម្បី​យុត្តិធម៌​សង្គម សិទ្ធិមនុស្ស និង​កិច្ច​គាំពារ​សង្គម» ក្នុង​ភូមិ​ជ្រៃឡើង ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ធ្នូ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ក៏​បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ ផង​ដែរ ក្រោម​ប្រធានបទ «ខួប​លើក​ទី​៧៥ នៃ​សេចក្តី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស» ដោយ​ដាក់​ពាក្យ​ស្លោក​មួយ​ចំនួន ដូចជា៖

  • ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់
  • មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត សិទ្ធិ​នេះ​មិន​អាច​ត្រូវ​បាន​គេ​ដកហូត​ឡើយ
  • សន្តិភាព គឺជា​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិ និង​ការ​អភិវឌ្ឍ
  • ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ម្នាក់ៗ​ត្រូវ​គោរព​ច្បាប់ និង​សិទ្ធិ​សេរីភាព​អ្នក​ដទៃ ជាដើម។

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៣១ ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា​ទទួលស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​នឹង​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ ដែល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៤៨ មក។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២២ មេដឹកនាំ​ខ្មែរ​ដែល​ចូលចិត្ត​រំលោភ​ច្បាប់​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ខួប ១១​ឆ្នាំ​នៃ​ក្រុមហ៊ុន មីនីបៀ ថា សិទ្ធិ​នានា ដូចជា​សិទ្ធិ​រស់​រាន​មាន​ជីវិត សិទ្ធិ​ទទួល​បាន​ការ​អប់រំ សិទ្ធិ​នយោបាយ រហូត​ដល់​ការ​អនុវត្ត​ប្រជាធិបតេយ្យ ជាដើម គឺ​មិន​អាច​អនុវត្ត​ក្រោម​គ្រាប់កាំភ្លើង​បាន​ទេ ដូច្នេះ​ការ​ថែរក្សា​សន្តិភាព​សម្រាប់​កម្ពុជា គឺជា​កត្តា​សំខាន់ និង​ចម្បង​បំផុត។

ចំណែកឯ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​លើកឡើង​កាលពី​ពេល​កន្លងទៅ​ថា ការ​មិន​ឲ្យ​តម្លៃ​សិទ្ធិមនុស្ស ការ​មិន​គោរព​សិទ្ធិ​គ្នា​ទៅវិញ​ទៅមក ជាពិសេស​ការ​រំលោភ​សិទ្ធិមនុស្ស គឺជា​ដើមចម​នៃ​ជម្លោះ​ដែល​អាច​រីក​រាលដាល​រហូត​ដល់​មាន​សង្គ្រាម នាំ​ឲ្យ​ប្រជាជន​ទទួល​រង​នូវ​ការ​ឈឺចាប់ វិនាសកម្ម និង​ឈាន​ទៅ​រក​ការ​បំផ្លាញ​សន្តិភាព​របស់​ប្រទេស​ជាតិ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស