ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមក្នុងសំណុំរឿងលោក គឹម សុខ អ្នកវិភាគនយោបាយ និងអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ខាងមុខ ខណៈសវនាការជំនុំជម្រះសំណុំរឿងព្រហ្មទណ្ឌនេះមិនមានវត្តមានជនជាប់ចោទឡើយ។
ការសម្រេចនេះ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក សេក សុជាតិ បានបើកសវនាការជំនុំជម្រះសំណុំរឿង «អំពើញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដោយមិនមានវត្តមានជនជាប់ចោទទាំង ៣នាក់។
ជនជាប់ចោទទាំង ៣នាក់ក្នុងនោះមានលោក គឹម សុខ អ្នកវិភាគនយោបាយ និងកញ្ញា មាស លក្ខិណា អតីតអ្នកគាំទ្រគណបក្សប្រឆាំង និងលោក ហ៊ុយ សុខគ្រៀល។
សំណុំរឿង «អំពើញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្ដឹងដោយនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ។
ជុំវិញការបំភ្លឺនៅក្នុងបន្ទប់ជំនុំជម្រះរបស់ប្រធានការិយាល័យប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ លោក ចាន់ ដារិទ្ធ នៅថ្ងៃសវនាការបង្ហាញថា អ្នកទាំង ៣នាក់ពិតជាបានប្រព្រឹត្តបទល្មើស និងមានភស្តុតាងជាវីដេអូគ្រប់គ្រាន់ ដែលពួកគេបានបង្ហោះការជេរប្រមាថថ្នាក់ដឹកនាំនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដែលបានប្រព្រឹត្តកាលពីអំឡុងខែមិថុនា ដល់ខែសីហា ឆ្នាំ២០២០។
ជុំវិញការបើកសវនាការនៅថ្ងៃព្រហស្បតិ៍ ទី៨ ធ្នូ នេះ លោក គឹម សុខ បានលើកឡើងក្នុងហ្វេសប៊ុកផេករបស់លោកថា លោក ហ៊ុន សែន លួចប្ដឹងមួយករណីទៀត និងលួចកាត់ទោសដោយស្ងាត់ៗតែម្ដង។ លោកបញ្ជាក់ថា គិតមកដល់បច្ចុប្បន្នមានសំណុំរឿងចំនួន ៣ ហើយ ដោយលោកចាត់ទុកការបើកសវនាការជំនុំជម្រះនេះថាជាសវនាការ ប៉ុល ពត។
លោក គឹម សុខ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស នៅតែបន្តរិះគន់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទោះបីជាលោកធ្លាប់ត្រូវបានតុលាការកាត់ទោសកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ ដោយដាក់ពន្ធនាគាររយៈពេល ១៨ខែ ពិន័យ ៨លានរៀលចូលថវិការដ្ឋ និងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន ៨០០លានរៀល ករណីចោទប្រកាន់ថាគណបក្សប្រជាជនកម្ពុជាជាអ្នកសម្លាប់បណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ក្រោយពេលអនុវត្តទោសចប់កាលពីឆ្នាំ២០១៨ លោក គឹម សុខ បន្តរិះគន់ការដឹកនាំរបស់រាជរដ្ឋាភិបាលឥតសំចៃមាត់ដដែល ហើយការវិភាគរបស់លោកក៏ត្រូវចំទៅនឹងយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាច ជាពិសេសយុទ្ធសាស្ត្រលោក ហ៊ុន សែន ផ្ទាល់តែម្តង៕