32.9 C
Phnom Penh

លោក សម រង្ស៊ី និង​ក្រុម​ឃ្លាំមើល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​ក្រុម​អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហគមន៍​អឺរ៉ុប​នាំគ្នា​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​នានា និង​អ្នកទោស​មនសិការ​ទាំងអស់​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ក្នុង​ពន្ធនាគារ។

លោក សម រង្ស៊ី បាន​បង្ហោះ​សារ​កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន សែន ដែល​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-សហភាព​អឺរ៉ុប ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ នៅ​ទីក្រុង​ប្រ៊ុចសែល (Bruxelles) ប្រទេស​បែលហ្សិក (Belgique) ឱ្យ​បាន​កុះករ​នៅ​ថ្ងៃ​ពុធ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ ខាងមុខ​នេះ។

លោក​ថា ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទ្វីប​អឺរ៉ុប គឺជា​ទស្សនកិច្ច​ចុងក្រោយ​នៅ​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ដោយ​លោក​ថា លោក ហ៊ុន សែន នឹង​ចុះចេញ​ពី​តំណែង​កំពូល​មួយ​នេះ​នៅ​ឆ្នាំ​២០២៣ ខាងមុខ។

លោក សម រង្ស៊ី អះអាង​ថា ក្រោយ​ពេល​លោក ហ៊ុន សែន ចុះចេញ​ពី​តំណែង​នៅ​ឆ្នាំ​២០២៣ គឺ​លោក ហ៊ុន សែន នឹង​ត្រូវ​ប៉ូលិស​អន្តរជាតិ​ចាប់​ខ្លួន​ពី​បទ​ឧក្រិដ្ឋ និង​អំពើ​ឃាតកម្ម​ជាច្រើន​នៅ​កម្ពុជា។

ចំណែក​អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ ធ្នូ នេះ​ថា ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ រួម​ទាំង​ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​តំណាង​កម្មករ កញ្ញា ឈឹម ស៊ីថរ សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​នានា មាន​តែ​ការ​រួបរួម​កម្លាំង​របស់​អ្នក​ស្នេហា​ប្រជាធិបតេយ្យ​នៅ​ក្រៅ​ស្រុក​ឱ្យ​កាន់តែ​ខ្លាំង​ប៉ុណ្ណោះ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​នៅ​ពេលនេះ។

លោក ម៉ែន ណាត ត្អូញត្អែរ​ថា ការ​ដែល​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ចេះ​តែ​សម្ងំ និង​បែងចែក​និន្នាការ​មិន​អាច​រួបរួម​កម្លាំង​គ្នា​បាន​នេះ គឺជា​ការ​លើក​ទឹកចិត្ត​មួយ​យ៉ាង​ធំ​ដែល​កាន់តែ​ជំរុញ​ឱ្យ​អំណាច​ដឹកនាំ​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន រីក​ធំ​ឡើងៗ​រហូត​មាន​អ្នក​ដែល​លោភលន់​នឹង​កិត្តិយស​ខ្លះ សុខចិត្ត​ទៅ​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ដែល​ធ្លាប់​ធ្វើ​បាប​ខ្លួន​កន្លងមក បើ​ទោះបីជា​គេ​ដឹង​ថា​រដ្ឋាភិបាល​នេះ​កំពុង​ដឹកនាំ​តាម​របៀប​សាហាវ​ឃោរឃៅ​ក៏ដោយ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ឱ្យ​ចលនា​អ្នក​ប្រជាធិបតេយ្យ​អាច​ងើប​ឡើង​ប្រឆាំង​តវ៉ា​នឹង​អំណាច​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន វិញ​បាន គឺ​មាន​តែ​មេដឹកនាំ​ក្រុម​ប្រឆាំង​ស្វែងរក​ការ​រួបរួម​ប៉ុណ្ណោះ ទើប​ក្រុម​អ្នក​ប្រជាធិបតេយ្យ​មាន​សង្ឃឹម​បន្ត​ឆន្ទៈ​ក្នុង​ការ​តស៊ូ​ប្រឆាំង​នឹង​ការ​ដឹកនាំ​ដែល​ពោរពេញ​ដោយ​ការ​គំរាមកំហែង បំភិតបំភ័យ​ពី​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន នេះ​ឡើងវិញ បើ​មិន​ដូច្នោះ​ទេ អ្នក​ដែល​បរាជ័យ​គឺ​ក្រុម​អ្នក​ប្រជាធិបតេយ្យ ហើយ​អ្នក​ដែល​រង​ទុក្ខ​ពិតប្រាកដ គឺ​ពលរដ្ឋ​ខ្មែរ​ទាំងមូល។

កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២២ មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាព​អឺរ៉ុប និង​ដើម្បី​អបអរ​សាទរ​ខួប ៥៤​ឆ្នាំ​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-សហភាព​អឺរ៉ុប ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​អះអាង​កាលពី​ថ្ងៃ​អាទិត្យ ទី​១១ ធ្នូ ថា អំឡុង​ពេល​ស្នាក់នៅ​ទីក្រុង​ប្រ៊ុចសែល លោក​នឹង​មាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ថ្នាក់​ដឹកនាំ​អឺរ៉ុប​មួយ​ចំនួន ក្រៅពី​នេះ​ក៏​មាន​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ផាម មិញជិញ និង​មាន​កម្មវិធី​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​អឺរ៉ុប​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស